ផ្សារមូលបត្រកម្ពុជា

ថ្នាក់ដឹកនាំ CSX ចាត់ទុកការឯកភាពលើសំណើបោះផ្សាយលក់មូលបត្ររបស់ក្រុមហ៊ុនពីរក្នុងពេលតែ១ ជាការបង្ហាញពីការអភិវឌ្ឍផ្សារមូលបត្រ


ផ្សារមូលបត្រកម្ពុជាកាលពីពេលថ្មីៗបានសម្រេចឯកភាពជាគោលការណ៍លើពាក្យស្នើសុំពិនិត្យលទ្ធភាពអាចចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ របស់ក្រុមហ៊ុន ម៉េងលី ជេគួច អេឌ្យូខេសិន និងមូលបត្របំណុលរបស់ក្រុមហ៊ុន ហ្គ្រីន សីស្តែនណេប៊ល វេនឈ័រ (ខេមបូឌា) ឯ.ក ។ បើតាមការគូសបញ្ជាក់របស់ថ្នាក់ដឹកនាំ CSX ក្រោយទទួលបានការឯកភាពនេះហើយ ក្រុមហ៊ុនទាំងពីរត្រូវធ្វើការងារមួយចំនួនទៀត ជាមួយនិយ័តករមូលបត្រកម្ពុជា និងផ្សារមូលបត្រកម្ពុជា ដើម្បីទទួលបានសិទ្ធិពេញលេញក្នុងការចុះបញ្ជីជួញដូរជាផ្លូវការ។
CSX ឯកភាពលើសំណើរសុំពិនិត្យលទ្ធភាពចុះបញ្ជីក្រុមហ៊ុនពីរក្នុងពេលតែមួយ
ដោយ

ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជា បានចាត់ទុកការឯកភាពលើពាក្យស្នើសុំពិនិត្យលទ្ធភាពអាចចុះបញ្ជីរបស់ក្រុមហ៊ុន ម៉េងលី ជេគួច អេឌ្យូខេសិន និងក្រុមហ៊ុនផលិតថាមពលអគ្គិសនី សឺស្តែនណេប៊ល វេនឈ័រ ក្នុងពេលតែមួយព្រមគ្នា វាជាជោគជ័យថ្មីមួយទៀតសម្រាប់ផ្សារមូលបត្រកម្ពុជា។ ព្រោះការណ៍នេះ វាបានបង្ហាញពីល្បឿននៃការអភិវឌ្ឍរបស់ផ្សារមូលបត្រកម្ពុជា ដ្បិតថា កន្លងមក CSX មិនធ្លាប់បានចេញលិខិតឯកភាពលើសំណើរក្រុមហ៊ុនពីរក្នុងពេលតែមួយបែបនេះនោះទេ។

ដើម្បីអាចចុះបញ្ជី និងជួញដូរជាផ្លូវការនៅផ្សារមូលបត្រ ក្រុមហ៊ុនទាំងពីរត្រូវតែទទួលបានការអនុញ្ញាតឱ្យបោះផ្សាយលក់មូលបត្រជាសាធារណៈ​ពីនិយ័តករមូលបត្រកម្ពុជា និងត្រូវបំពេញនូវលក្ខខណ្ឌផ្សេងៗមួយចំនួនទៀត​ពាក់ព័ន្ធនឹងការចុះបញ្ជីនៅ​ផ្សារមូលបត្រ​ជាមុនសិន។ ក្នុងន័យនេះ ក្រោយទទួលបានការអនុញ្ញាតលើពាក្យស្នើសុំពិនិត្យលទ្ធភាពអាចចុះបញ្ជីខាងលើក្រុមហ៊ុនទាំងពីរត្រូវបន្តធ្វើការងារជាមួយនិយ័តករមូលបត្រកម្ពុជា និងផ្សារមូលបត្រកម្ពុជាជាច្រើនទៀត ដើម្បីអាចទទួលបានសិទ្ធិពេញលេញក្នុងការជួញដូរជាផ្លូវការ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ ផ្សារមូលបត្រកម្ពុជាបានចេញសេចក្តីជូនដំណឹងដោយសម្រេចឯកភាពលើពាក្យស្នើសុំពិនិត្យលទ្ធភាពអាចចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិរបស់ក្រុមហ៊ុន ម៉េងលី ជេគួច អេឌ្យូខេសិន ដែលគេស្គាល់ថាជាក្រុមហ៊ុនរបស់អ្នកឧកញ៉ា គួច ម៉េងលី ដែលវិនិយោគក្នុងវិស័យអប់រំដ៏ល្បីល្បាញមួយនៅកម្ពុជា។ នៅក្នុសេចក្ដីជូនដំណឹងដដែលនោះ CSX ក៏បានសម្រេចឯកភាពលើពាក្យស្នើសុំពិនិត្យលទ្ធភាពអាចចុះបញ្ជីលក់មូលបត្របំណុលរបស់ក្រុមហ៊ុន សឺស្តែនណេប៊ល វេនឈ័រ ដែលវិនិយោគលើការផលិតថាមពលអគ្គិសនីដោយពន្លឺព្រះអាទិត្យចំនួន២០មេហ្គាវ៉ាត់នៅខេត្តស្វាយរៀងផងដែរ។

បើតាមការគូសបញ្ជាក់របស់ឯកឧត្តម ហុង សុហួរ បច្ចុប្បន្នមានក្រុមហ៊ុនចំនួន១៨បានចុះបញ្ជីបោះផ្សាយលក់ភាគហ៊ុននៅផ្សារមូលបត្រកម្ពុជា ក្នុងនោះ៩ក្រុមហ៊ុនបានបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ និង៩ក្រុមហ៊ុនបោះផ្សាយលក់សញ្ញាបណ្ណ ឬមូលបត្របំណុល។ ក្រុមហ៊ុនទាំងនេះប្រមូលទុនវិនិយោគបានប្រមាណ៣១៧លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។ នៅឆ្នាំ២០២២ កន្លងទៅ ការជួញដូរភាគហ៊ុនមានជាមធ្យម៥០ម៉ឺនដុល្លារក្នុង១ថ្ងៃ៕




អត្ថបទបន្ទាប់


មេចារកម្មអាមេរិកថា អនាគត CIA របស់អាមេរិក នឹងត្រូវកំណត់ដោយការជែងគ្នាផ្នែកបច្ចេកវិទ្យារវាងអាមេរិក និងចិន

ព័ត៌មាន
នាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់អាមេរិកលោក William Burns បាននិយាយដោយឥតលាក់លៀម កាលពីថ្ងៃពុធទី ៨ខែមីនា ក្នុងកំឡុងពេលសវនាការរបស់…

ការដោះដូរពាណិជ្ជកម្មកម្ពុជា-អន្តរជាតិ នៅតែបន្តធ្លាក់ចុះខ្លាំង នៅ២ខែដំបូងឆ្នាំនេះ

ព័ត៌មាន
ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា ជាមួយទីផ្សារអន្តរជាតិ នៅតែបន្តធ្លាក់ចុះគួរឱ្យកត់សម្គាល់នៅរយៈពេល២ខែដំបូង ឆ្នាំ២០២៣នេះ។ ជាក់ស្តែង កម្ពុជាស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ