ទំហំពាណិជ្ជកម្មកម្ពុជា-អន្តរជាតិ

ទំហំពាណិជ្ជកម្មកម្ពុជា-អន្តរជាតិ សម្រេចបានជាង១៩ពាន់លានដុល្លារ ធ្លាក់ចុះ១៤% នៅ៥ខែដើមឆ្នាំនេះ


ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា ជាមួយទីផ្សារអន្តរជាតិ ហាក់មិនសូវជាអំណោយផលប៉ុន្មាននោះទេនៅជិតពាក់កណ្ដាលឆ្នាំ២០២៣នេះ ពោលគឺនៅតែបន្តធ្លាក់ចុះគួរឱ្យកត់សម្គាល់។ ជាក់ស្តែង តាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបង្ហាញថា នៅរយៈពេល៥ខែដំបូងឆ្នាំនេះ ទំហំពាណិជ្ជកម្មកម្ពុជា-អន្តរជាតិសរុបសម្រេចបានជាង ១៩ពាន់លានដុល្លារ ធ្លាក់ចុះប្រមាណ១៤% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២។
ទំហំពាណិជ្ជកម្មកម្ពុជា-អន្តរជាតិ សម្រេចបានជាង១៩ពាន់លានដុល្លារ ធ្លាក់ចុះ១៤% នៅ៥ខែដើមឆ្នាំនេះ
ដោយ

អ្នកជំនាញសេដ្ឋកិច្ច អះអាងថា ការធ្លាក់ចុះនៃការធ្វើពាណិជ្ជកម្មរវាងកម្ពុជា-អន្តរជាតិនេះ វាមិនមែនជាបញ្ហាថ្មីនោះទេ ក្រោយពេលដែលពិភពលោកបានជួបនូវបញ្ហាប្រឈមជាបន្តបន្ទាប់ ជាពិសេស វិបតិ្តជំងឺកូវីដ១៩ បញ្ហាសង្រ្គាមនៅអ៊ុយក្រែន និងបញ្ហាសាកលផ្សេងៗទៀត ហើយបញ្ហានេះក៏មិនមែនកើតមានចំពោះតែកម្ពុជានោះដែរ។

យោងតាមរបាយការណ៍ដែលបង្ហាញដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅរយៈពេល ៥ខែដំបូងក្នុងឆ្នាំ២០២៣នេះ ទំហំពាណិជ្ជកម្មកម្ពុជា-អន្តរជាតិសរុបសម្រេចបានជាង ១៩ពាន់លានដុល្លារ ធ្លាក់ចុះប្រមាណ១៤% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២។ ដ្បិតថា ទំហំពាណិជ្ជកម្មកម្ពុជា-អន្តរជាតិសរុបមានការធ្លាក់ចុះក៏ពិតមែន ប៉ុន្តែការដោះដូរពាណិជ្ជកម្មកម្ពុជា ជាមួយប្រទេសចិន ដែលជាដៃគូពាណិជ្ជកម្មដ៏ធំជាងគេនោះ ហាក់មានការកើនឡើងវិញបន្តិច ដោយសម្រេចបានទឹកប្រាក់សរុបជាង ៥ពាន់លានដុល្លារ កើនឡើង ១,៧% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ខណៈអាមេរិកឈរនៅលំដាប់ទី២ បន្ទាប់ពីចិនសម្រេចបានទំហំពាណិជ្ជកម្មសរុបជាទឹកប្រាក់ជាង ៣ពាន់លានដុល្លា ថយចុះជិត ១៥% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ពាក់ព័ន្ធនឹងការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា ជាមួយទីផ្សារអន្តរជាតិធ្លាក់ចុះនេះដែរ លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជ្យបណ្ឌិតសភាកម្ពុជា បានគូសបញ្ជាក់ថា នេះមិនមែនជាបញ្ហាថ្មីសម្រាប់កម្ពុជានោះទេ ហើយបញ្ហានេះ ក៏មិនមែនកើតមានចំពោះតែកម្ពុជានោះដែរ គឺសូម្បីតែប្រទេសធំៗដូចជាប្រទេសចិន ប្រទេសនៅសហគមន៍អឺរ៉ុប ជប៉ុន កូរ៉េខាងត្បូងជាដើមនោះ ក៏កំពុងតែជួបនូវបញ្ហានេះដូចគ្នាផងដែរ។ បើតាមអ្នកជំនាញរូបនេះ ក្រៅតែពីបញ្ហាកូវីដ១៩ ផលប៉ះពាល់ខ្លាំងដែលធ្វើឱ្យពិភពលោក ក៏ដូចជាកម្ពុជាកំពុងទទួលរងឥទ្ធិពលនោះ គឺកើតឡើងដោយសារតែវិបត្តិសង្រ្គាមរុស្សី និងអ៊ុយក្រែននេះតែម្តង ដែលបានធ្វើឲ្យការផ្គត់ផ្គង់នូវប្រព័ន្ធសេដ្ឋកិច្ចសាកល ត្រូវបែកខ្ញែកចេញពីគ្នា រវាងតំបន់ពាណិជ្ជកម្មអាមេរិក និងចិន ដែលធ្វើឲ្យពិភពលោកកើតមាននូវអតិផរណាផងដែរ។ កត្តានេះ បានធ្វើឲ្យប្រាក់ចំណូលនិងការចំណាយរបស់ប្រជាពលរដ្ឋមិនមានតុល្យភាព ហើយវាបានប៉ះពាល់ដល់ខ្សែចង្វាក់ផ្គត់ផ្គង់របស់បណ្ដាប្រទេសក្នុងតំបន់ ក៏ដូចជាពិភពលោក រួមទាំងកម្ពុជាផងដែរ។

យ៉ាងណាក៏ដោយចុះ បណ្ឌិត ហុង វណ្ណៈ អះអាងថា ប្រសិនជាបញ្ហាសង្គ្រាមរុស្សី និងអ៊ុយក្រែនមានការធូស្បើយនោះ លោកជឿជាក់ថា នៅពេលខាងមុខ ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា ជាមួយអន្តរជាតិនឹងមានការប្រសើរឡើងវិញ ពោលគឺប្រសើរជាងនៅមុនពេលកូវីដ១៩ទៅទៀត ដោយហេតុថា កម្ពុជាបានត្រៀមខ្លួនរួចរាល់ក្នុងការទាក់ទាញ និងទទួលវិនិយោគិននានាមកវិនិយោគនៅកម្ពុជាបន្ថែម។

សូមបញ្ជាក់ថា នៅរយៈពេល ៥ខែដំបូងក្នុងឆ្នាំ២០២៣នេះ ការនាំចេញទំនិញកម្ពុជាទៅទីផ្សារអន្តរជាតិសម្រេចបានក្នុងទំហំទឹកប្រាក់ជាង ៩ពាន់លានដុល្លារ ធ្លាក់ចុះ ២,៤% បើធៀបទៅនឹងរយៈពេលដូចគ្នានៅពីឆ្នាំមុន។ ក្នុងនោះ ការនាំចូលទំនិញពីអន្តរជាតិមកកម្ពុជា សម្រេចបានក្នុងទំហំទឹកប្រាក់ជាង ១០ពាន់លានដុល្លារ ធ្លាក់ចុះជាង ២២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោយតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕




អត្ថបទបន្ទាប់


ធនាគារ ឌីជីប៊ី បានសម្រេចបើកដាក់ឲ្យដំណើរការសាខាទី១០របស់ខ្លួន ដើម្បីបង្ខិតទៅកាន់តែជិតអតិថិជន

ធនាគារ ឌីជីប៊ី ដែលជាធនាគារពាណិជ្ជមានការវិនិយោគទុនពីវិនិយោគិនកូរ៉េខាងត្បូង បាននិងកំពុងបង្កើនប្រតិបត្តិសេវាធនាគារ និងហិរញ្ញវត្ថុនៅកម្ព…

តំណាងវិស័យរដ្ឋ និង ឯកជនបានជួបពិភាក្សាគ្នាស្វែងរកដំណោះស្រាយរួមជុំវិញម្ចាស់បុរីការរឹបអូសផ្ទះពីពលរដ្ឋ

សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា រួមជាមួយមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលមកពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ