ឧកញ៉ា ឡាយ ឈុនហួរ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា មានជំនឿយ៉ាងមុតមាំថា កម្ពុជានឹងអាចឈានទៅសម្រេចគោលដៅនាំចេញអង្ករឱ្យបាន១លានតោននៅឆ្នាំ២០២៦ នេះ ទោះបីជាមានឧបសគ្គមួយចំនួនបង្កឡើងដោយសង្គ្រាមនៅមជ្ឈិមបូព៌ា និងស្ថានភាពសេដ្ឋកិច្ចសកលកំពុងជួបភាពមិនប្រាកដប្រជាក៏ដោយ។ ការបង្ហាញជំនឿបែបនេះធ្វើឡើងក្រោយកម្ពុជាសម្រេចបានការនាំចេញអង្កររហូតដល់ជាង៤៦ម៉ឺនតោននៅក្នុងរយៈពេល៤ខែកន្លងមកនេះ មានការកើនឡើងប្រមាណ៧០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន គួបផ្សំសហព័ន្ធ រួមជាមួយរោងម៉ាស៊ីនកិនស្រូវទូទាំងប្រទេសកំពុងធ្វើការរួមគ្នា ដើម្បីឈានទៅសម្រេចគោលដៅដ៏សំខាន់នេះ។
ប្រធានសហព័ន្ធស្រូវអង្កររូបនេះទទួលស្គាល់ថា ការឡើងថ្លៃ នៃថាមពល និងភស្តុភារកម្ម ពិតជាបានដាក់សម្ពាធលើខ្សែច្រវាក់ផលិតកម្មតាំងពីកសិកររហូតដល់អ្នកនាំចេញប្រាកដមែន។ ជាក់ស្តែងទីផ្សារនៅមជ្ឈិមបូព៌ា បានរងផលប៉ះពាល់ខ្លះៗដោយសារបញ្ហាដឹកជញ្ជូន ប៉ុន្តែសម្រាប់ទីផ្សារអឺរ៉ុបអង្ករកម្ពុជានៅតែរក្សាបាននូវសមត្ថភាពប្រកួតប្រជែងខ្ពស់តាមរយៈតម្រូវការអង្ករក្រអូបប្រណីត ដែលនៅតែមានស្ថិរភាព។
សូមបញ្ជាក់ថា ការនាំចេញអង្កររបស់កម្ពុជា ទៅទីផ្សារអន្តរជាតិ កាលពីឆ្នាំ២០២៥ សម្រេចបានជាង៩៤ម៉ឺនតោន គិតជាទឹកប្រាក់មានចំនួនជាង៦០០លានដុល្លារ មានការកើនឡើងប្រមាណ៤៦% បើធៀបនឹងឆ្នាំ២០២៤។ អង្ករដែលកម្ពុជា នាំចេញភាគច្រើនជាប្រភេទអង្ករប្រណីត រួមមានអង្ករផ្ការំដួល និងអង្ករសែនក្រអូបជាដើម។ គិតត្រឹមថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ អង្ករផ្ការំដួលត្រូវបានលក់ចេញក្នុងតម្លៃ៨៤៥ដុល្លារក្នុង១តោន និងអង្ករសែនក្រអូបមានតម្លៃ៧២៥ដុល្លារក្នុង១តោន៕
អត្ថបទ៖ បូ ដូឡា