អាមេរិក-រុស្សី

អាមេរិកសម្តែងក្ដីព្រួយបារម្ភខ្លាំង បន្ទាប់ពីលោក ស៊ី ជីនពីង ជួបជាមួយលោក ពូទីន


ក្រសួងការបរទេសអាមេរិក បានលើកឡើងពីក្ដីបារម្ភខ្លាំងមែនទែនអំពីទំនាក់ទំនងកាន់តែស្អិតល្មួតរវាងចិន និងរុស្ស៊ី បន្ទាប់ពីប្រធានាធិបតីចិន លោក Xi Jinping បានជួបសមភាគីរុស្ស៊ី លោក Vladimir Putin ក្នុងប្រទេសអ៊ូសបេគីស្ថាន កាលពីថ្ងៃព្រហស្បតិ៍ ទី១៥ ខែកញ្ញា ដែលវាជាជំនួបទល់មុខក៏កម្រមួយសម្រាប់ប្រមុខដឹកនាំនៃប្រទេសមហាអំណាចទាំងពីរនេះ ចាប់តាំងពីសង្គ្រាមនៅអ៊ុយក្រែនផ្ទុះឡើងមក។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។
ក្រោយការជួបគ្នា តើមេដឹកនាំកំពូលចិន និងរុស្សីបានសន្យាអ្វីខ្លះរវាងគ្នា?

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃទី១៥ ខែកញ្ញា បាននិយាយថា «លោក ស៊ី ជីនពីង ពិតជាចង់ដឹង និងមានកង្វល់អំពីស្ថានការណ៍​ក្នុងប្រទេស​អ៊ុយក្រែន ប៉ុន្តែលោក ពូទីនបានសរសើរ​​មេដឹកនាំចិនមិនដាច់ពីមាត់ ចំពោះអ្វីដែលខ្លួនហៅថា ជាជំហរ «មានតុល្យភាព» ចំពោះការឆ្លើយតប​ជុំវិញបញ្ហាសង្គ្រាមនៅអ៊ុយក្រែន។

នៅក្នុងជំនួបទល់មុខគ្នាលើកដំបូងរបស់​បុរសខ្លាំងទាំងពីរ លោក ស៊ី ជីនពីង បាននិយាយថា «លោកពិតជារីករាយណាស់ដែលបានជួប «មិត្តចាស់» ម្តងទៀត បន្ទាប់ពីលោក ពូទីន បានលើកឡើងពី ការប៉ុនប៉ងរបស់សហរដ្ឋអាមេរិក ដើម្បីបង្កើតពិភពលោកឯកប៉ូល នឹងទទួលបរាជ័យ»។

លោក ពូទីន ក៏បាននិយាយចំពោះមុខ​​លោក ស៊ី ជីនពីងថា «សមមិត្តជាទីគោរព» ដោយថា ជំហរប្រកបដោយតុល្យភាព» របស់មិត្តចិន​ក្នុងជម្លោះនៅអ៊ុយក្រែន គឺពិតជាត្រឹមត្រូវ។

ក្នុងនោះដែរ លោក Xi មិនបានលើកឡើងអំពីប្រទេស​អ៊ុយក្រែននៅក្នុងសុន្ទរកថា ជាសាធារណៈរបស់លោកនោះឡើយ ហើយក៏មិនត្រូវបានគេលើកឡើងនៅក្នុងសុន្ទរក​របស់ចិន នៃកិច្ចប្រជុំកំពូលដែលបានធ្វើឡើងនៅប្រទេសអ៊ូសបេគីស្ថាននោះដែរ។

បើយោងតាមទូរទស្សន៍រដ្ឋចិន CCTV បានរាយការណ៍ថា ប្រទេសចិន​មានឆន្ទៈ​ក្នុងការផ្តល់ការគាំទ្រយ៉ាងខ្លាំង​ដល់ប្រទេស​រុស្ស៊ី ដែលទាក់ទង​នឹងផលប្រយោជន៍ស្នូល​របស់ខ្លួន។

មែនទែនទៅ ភាពជាដៃគូគ្មានដែនកំណត់រវាង លោក Xi និង Putin ត្រូវបានចាត់ទុកថាជាការវិវត្តដ៏សំខាន់បំផុត​មួយនៅ​ក្នុងភូមិសាស្ត្រនយោបាយ បន្ទាប់ពីការរះត្រដែងឡើងរបស់ប្រទេសចិនក្នុងរយៈពេល៤០ឆ្នាំកន្លង​មកនេះ ជាមហាអំណាចក្នុងតំបន់អាស៊ី។

ជាមួយគ្នានោះ លោក ស៊ី ជីនពីង​ បានប្រាប់លោកពូទីនថា «ប្រទេសចិន​មានឆន្ទៈក្នុងការធ្វើការជាមួយប្រទេសរុស្ស៊ី ដើម្បីដើរតួនាទីជាប្រទេសមហាអំណាច​ដែលឈានមុខគេ​ និងប្រកបដោយទំនួលខុសត្រូវ ក្នុងការជំរុញស្ថិរភាព និងភាពវិជ្ជមានទៅក្នុងពិភពលោកដែលពោរពេញទៅដោយភាពចលាចល»។

ទន្ទឹងគ្នានេះ អ្នកនាំពាក្យសេតវិមានអាមេរិក​លោក John Kirby បាននិយាយថា ប្រទេសចិនគួរតែបដិសេធការគាំទ្រលើការឈ្លានពាន​របស់រុស្ស៊ី ដោយលោកបានលើកឡើងក្នុង​សារព័ត៌មានCNN ថា៖​ «ពិភពលោកទាំងមូលគួរតែ​រួបរួមគ្នាប្រឆាំងនឹងអ្វី​ដែលលោកពូទីន​កំពុងធ្វើ» ហើយនេះមិនមែន​ជាពេលវេលាសម្រាប់​ធ្វើការធម្មតា​ជាមួយលោកពូទីនឡើយ»។

មួយវិញទៀត នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃព្រហស្បតិ៍ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Ned Price បានថ្លែងថា «ទំនាក់ទំនងរវាងចិន និងរុស្ស៊ីមិនមែនភាពស៊ីជម្រៅក្នុងរយៈពេលត្រឹមតែមួយថ្ងៃ មួយសប្តាហ៍ ឬមួយខែនោះឡើយ ប៉ុន្តែវានឹងបន្តជាច្រើនឆ្នាំទៅមុខ»។

លោកបានបន្ថែមថា «ជា​ការ​ពិត​ណាស់ យើង​បាន​ឃើញ​ទំនាក់​ទំនង​នេះ​​កាន់​តែ​ជិត​ស្និទ្ធ​កាន់តែខ្លាំងឡើង ហើយយើងក៏នឹងបន្តតាមដានភាពចូលជិតគ្នា​ថែមមួយកម្រិតទៀត តែប្រទេសនៅលើពិភពលោក មិនថា តែអាមេរិកនោះទេ ក៏ត្រូវតែស្វែងយល់ដូចគ្នា»។

ទោះបីជាយ៉ាងណាក្តី លោក ពូទីន ក៏បានចេញមុខគាំទ្រចិនចំពោះសំណុំរឿងកោះតៃវ៉ាន់ដែរ ដោយលោកបានសង្កត់ធ្ងន់ថា «រុស្សីនឹងប្រកាន់ភ្ជាប់យ៉ាងម៉ឺងម៉ាត់នូវគោលការណ៍ «ចិនតែ​មួយ» ហើយយើងថ្កោលទោសយ៉ាង​ខ្លាំងនូវការបង្កហេតុពីសំណាក់សហរដ្ឋអាមេរិក នៅក្នុងច្រកសមុទ្រតៃវ៉ាន់»។

ភ្លាមៗ ខាងភាគី​កោះតៃវ៉ាន់ បានថ្កោលទោសលោក ពូទីន ចំពោះការលើកឡើងបែបនេះ និងការស៊ីខ្សែគ្នា​រវាងទីក្រុងម៉ូស្គូ និងប៉េកាំងក្នុងការបន្តធ្វើសេចក្តីថ្លែងការណ៍​បង្ខូចអធិបតេយ្យភាពតៃវ៉ាន់ នៅលើឆាកអន្តរជាតិផងដែរ៕




អត្ថបទបន្ទាប់


ទីផ្សារភាគហ៊ុនអាស៊ីរអិលធ្លាក់ចុះ ក្រោយ IMF និងធនាគារពិភពលោកព្រមានពីការដាំក្បាលចុះនៃសេដ្ឋកិច្ចសកល

ព័ត៌មាន
ការលក់ហ៊ុននៅអាស៊ីហាក់មានភាពមមាញឹកខ្លាំងមែនទែននៅថ្ងៃសុក្រទី១៦ ខែកញ្ញានេះ ដោយសារតែមានអ្នកដាក់លក់ភាគហ៊ុនច្រើន ហើយផ្សារហ៊ុនអឺរ៉ុបមើលទៅទ…

លោក បៃដិន ប្រាប់លោក ពូទីន កុំឲ្យប្រើអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រ ក្រោយរុស្ស៊ីបាក់ទ័ពនៅសង្គ្រាមអ៊ុយក្រែន

ព័ត៌មាន
នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន CBS កាលពីថ្ងៃអាទិត្យ ទី ១៨ ខែ កញ្ញា ប្រធានាធិបតីអាមេរិក លោក Joe Biden បានជំរុញឲ្យប្រធានាធិបតីរុស្ស៊ី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ