វិស័យកសិកម្ម

កម្ពុជា កំពុងដាំពិសោធន៍ពូជដំឡូងមីថ្មី ដែលអាចផ្ដល់ផលពី៦០តោនទៅ១០០តោនក្នុង១ហិកតា


រដ្ឋបាលខេត្តពោធិ៍សាត់ សហការជាមួយក្រុមហ៊ុនមួយបានដាំដុះពូជដំឡូងមីប្រភេទថ្មី ដែលធន់នឹងជំងឺ និងអាកាសធាតុ ហើយអាចផ្តល់ផលចន្លោះពី៦០តោនទៅ១០០តោនក្នុង១ហិកតា។ បើតាមការអះអាងរបស់អភិបាលខេត្តពោធិ៍សាត់ ពួជដំឡូងនេះត្រូវបានស្រាវជ្រាវអស់រយៈពេល១៥ឆ្នាំមកហើយ ហើយពួជនេះត្រូវបានគេបង្កាត់ចេញពីគ្រាប់ដំឡូង។
វិស័យកសិកម្ម
ដោយ

ក្រុមអ្នកជំនាញក្នុងវិស័យដំឡូងមី នៅពុំទាន់ហ៊ានវាយតម្លៃបែបណាចំពោះទិន្នផល ដែលអភិបាល ខេត្តពោធិ៍សាត់ បានអះអាងនោះទេ ប៉ុន្តែពួកគេលើកឡើងថា ប្រសិនបើទទួលបានទិន្នផលខ្ពស់បែបនេះមែន នោះវានឹងរួមចំណែកជួយបង្កើនទិន្នផលដំបូងមី និងប្រាក់ចំណូលសម្រាប់កសិករ។

លោក ហៃ ធូរ៉ា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ បានគូសបញ្ជាក់ថា មកទល់ពេលនេះ មន្ទីរកសិកម្មខេត្ត ពុំទាន់ដឹងពីប្រភពនៃពូជដំឡូងមីថ្មី ដែលបានបង្កាត់ឡើង និងការផ្តល់ទិន្នផលរបស់វាឱ្យបានជាក់លាក់នៅឡើយទេ។ ប៉ុន្តែលោកអះអាងថា រដ្ឋបាលខេត្តក្រោមការសហការជាមួយក្រុមហ៊ុនឯកជនមួយ កំពុងដាំពូជដំឡូងមីប្រភេទថ្មីនេះសាកល្បងលើផ្ទៃដីប្រមាណ១០ហិកតា។ ប្រធានមន្ទីររូបនេះ ជឿជាក់ថា ប្រសិនបើពូជដំឡូងមីដែលកំពុងដាំពិសោធន៍នេះ អាចទទួលបានទិន្នផលខ្ពស់ពី៦០តោនទៅ១០០តោន ក្នុង១ហិកតាមែន នោះវានឹងរួមចំណែកជួយបង្កើនទិន្នផលដំឡូងមីនៅក្នុងទីផ្សារ ក៏ដូចជាជួយបង្កើនប្រាក់ចំណេញដល់ពលរដ្ឋ បើទោះបីដំឡូងមីមានការធ្លាក់ថ្លៃខ្លះក៏ដោយ។

​ដោយឡែក លោក ស៊ីន វុទ្ធី អគ្គលេខាធិការសមាគមសម្ព័ន្ធដំឡូងមីកម្ពុជា-ចិន ហាក់មិនមានជំនឿថា ពូជដំឡូងមីថ្មីនេះអាចផ្តល់ទិន្នផលខ្ពស់ចន្លោះពី៦០ទៅ១០០តោន ដូចអ្វីដែលរដ្ឋបាលខេត្តពោធិ៍សាត់ បានអះអាងនោះទេ ហើយមកទល់ពេលនេះ លោក​ក៏ពុំទាន់ទទួលបានព័ត៌មានលម្អិតជុំវិញបញ្ហានេះដែរ។ ប៉ុន្តែអ្នកជំនាញរូបនេះជឿជាក់ថា ប្រសិនបើពូជដំឡូងមីនេះអាចផ្តល់ទិន្នផលខ្ពស់ដូចការអះអាងមែន នោះវានឹងរួមចំណែកជួយលើកកម្ពស់ទីផ្សារដំឡូងមីនៅកម្ពុជា និងជួយបង្កើនប្រាក់ចំណូលរបស់កសិករ។ បើតាមលោក ស៊ីន វុទ្ធី បច្ចុប្បន្នសមាគមសម្ព័ន្ធដំឡូងមីកម្ពុជា-ចិន កំពុងជំរុញកសិករឱ្យដាំដុះពូជដំឡូងមីពីរប្រភេទរួមមាន TME-419 និង RAYONG 7 ព្រោះវាផ្ដល់ទិន្នផលល្អ មានជាតិម្សៅខ្ពស់ និងធន់ជាមួយជំងឺ។

​​ជាមួយគ្នានេះ លោក អិល ឈិញ ប្រធានសមាគមកសិករដំឡូងមីខ្មែរ បានឱ្យដឹងថា បច្ចុប្បន្នការប្រមូលផលដំឡូងមីរបស់កសិករអាចទទួលបានចន្លោះពី២០តោនដល់៧០តោន ដោយអាស្រ័យលើបច្ចេកទេស និងសណ្ឋានដីដែលមានជីវជាតិ ខណៈពូជដែលកសិករកំពុងដាំបច្ចុប្បន្ននេះហាក់មិនសូវធន់នឹងជំងឺនោះទេ។ ទន្ទឹមនេះអ្នកជំនាញរូបនេះ មិនទាន់ហ៊ានវាយតម្លៃបែបណាចំពោះពូជដំឡូងមីថ្មី ដែលរដ្ឋបាលខេត្តពោធិ៍សាត់ កំពុងដាំដុះសាកល្បងនោះទេ ប៉ុន្តែប្រសិនបើទទួលបានទិន្នផលចន្លោះពីពី៦០តោនដល់១០០តោនក្នុង១ហិកតាមែននោះនឹងជួយដល់កសិករបានច្រើន។

​សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានបង្ហាញពូជដំឡូងមី ចំនួន១០ប្រភេទ ក្រោយស្រាវជ្រាវរយៈពេល១៥ឆ្នាំកន្លងមកនេះ។ ពូជដំឡូងមីថ្មីនេះ ត្រូវបានអភិបាលខេត្តពោធិ៍សាត់ អះអាងថា ជាពូជបង្កាត់ចេញពីគ្រាប់ដែលធន់នឹងជំងឺ ធន់នឹងអាកាសធាតុ មិនរើសដី និងទទួលបានផលចន្លោះពី៦០ទៅ១០០តោនក្នុង១ហិកតា។ បើតាមឯកឧត្តម ខូយ រីដា ពូជដំឡូងថ្មីនេះពុំទាន់មានឈ្មោះនៅឡើយទេ ហើយអាចនឹងចែកជូនដល់កសិករនាពេលខាងមុខ៕

អត្ថបទ៖ បូ ដូឡា​




អត្ថបទបន្ទាប់


អ្នកជំនាញរំពឹងឆ្នាំទេសចរណ៍ កម្ពុជា-ចិន ជួយស្រូបទាញភ្ញៀវទេសចរចិន ឱ្យមកកម្សាន្តនៅកម្ពុជា កាន់តែច្រើន

ក្រោយកំណត់យកឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន និងវប្បធម៌ រដ្ឋាភិបាលកម្ពុជា និងចិន បានឯកភាពកំណត់យកឆ្នាំ២០២៥ ជាឆ្នាំទេសច…

សិង្ហបុរី បារម្ភសម្ពាធពន្ធរបស់អាម៉េរិក ទាញទម្លាក់សេដ្ឋកិច្ចរបស់ខ្លួនឱ្យដាំក្បាលនៅឆ្នាំនេះ

ក្រោមសម្ពាធពន្ធបដិការរបស់អាម៉េរិក បានធ្វើឱ្យសិង្ហបុរី ដែលជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ និងផ្តល់សេវាកម្មដ៏ធំនៅក្នុងតំបន់កំពុងព្រួយបារម្ភពីការធ្លាក់ច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ