បើទោះបីជាស្ថិតក្នុងស្ថានភាពកូវីដ-១៩ឆ្លងរីករាលដាលក្ដី ប៉ុន្ដែ ក្រុមហ៊ុនវៀតណាមនៅតែពង្រីការវិនិយោគនៅក្រៅប្រទេសរបស់ខ្លួន ជាក់ស្ដែងនៅ៦ខែដំបូងឆ្នាំនេះ ទុនដែលក្រុមហ៊ុនវៀតណាមវិនិយោគនៅក្រៅប្រទេសមានដល់ទៅជិត ៥៥០លានដុល្លារ កើនឡើងជាងទ្វេដង។ ប្រទេសកម្ពុជាបានឈរលំដាប់ទី២ បន្ទាប់ពីអាមេរិក ដែលក្រុមហ៊ុនវៀតណាមបានវិនិយោគច្រើនជាងគេបំផុត ខណៈដែលកាណាដា និងបារាំង ឈរលេខរៀងទី៣ និងទី៤។
ក្រុមហ៊ុនវៀតណាមបានវិនិយោគនៅអាមេរិក មានដល់ទៅជាង៣០០លានដុល្លារ ដែលមានចំណែកដល់ទៅជាង៥៥% នៃការវិនិយោគនៅក្រៅប្រទេសសរុប ខណៈដែលការវិនិយោគរបស់ក្រុមហ៊ុនវៀតណាមនៅកម្ពុជាវិញមានប្រមាណ៩០លានដុល្លារ។
កាលពីមុន ប្រទេសឡាវធ្លាប់ជាទិសដៅវិនិយោគក្រៅប្រទេសធំជាងគេរបស់ក្រុមហ៊ុនវៀតណាម ប៉ុន្ដែ មួយរយៈកន្លងមកនេះ វៀតណាមហាក់បន្ថយល្បឿនវិនិយោគនៅក្នុងប្រទេសមួយនេះ តែបែរមកពង្រីកការវិនិយោគនៅប្រទេសផ្សេងពិសេសនៅអាមេរិក និងកម្ពុជាវិញ។
សូមបញ្ជាក់ថា ក្នុងចំណោមការវិនិយោគនៅក្រៅប្រទេសរបស់ក្រុមហ៊ុនវៀតណាម មានស្ទើរតែជិតពាក់កណ្ដាល គឺវិនិយោគនៅក្នុងគម្រោងវិទ្យាសាស្ត្រ-បច្ចេកវិទ្យា បន្ទាប់មកគឺវិស័យលក់ដុំ និងរាយ៕