ចក្ខុវិស័យប្រែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់

ចក្ខុវិស័យប្រែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ត្រឹមឆ្នាំ២០៣០កំពុងស្រពិចស្រពិល


វិបត្តិជំងឺកូវិដ-១៩ និងវិបត្តិសង្គ្រាមអូសបន្លាយនៅអ៊ុយក្រែនកំពុងបង្កើតជាភាពមិនច្បាស់លាស់សម្រាប់ការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាពិភពលោកទាំងមូល។ បញ្ហានេះ ក៏កំពុងបង្កក្តីបារម្ភសម្រាប់កម្ពុជាក្នុងការឈានទៅសម្រេចចក្ខុវិស័យប្រែក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រាក់ចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០ ផងដែរ។ តើកម្ពុជាអាចសម្រេចចក្ខុវិស័យនេះតាមពេលវេលាកំណត់បានឬទេ?
ចក្ខុវិស័យប្រែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ត្រឹមឆ្នាំ២០៣០កំពុងស្រពិចស្រពិល

ពាក់ព័ន្ធបញ្ហានេះអ្នកជំនាញក្នុងវិស័យសេដ្ឋកិច្ចយល់ឃើញថា កម្ពុជាអាចមានការលំបាកក្នុងការសម្រេចចក្ខុវិស័យនេះ ដ្បិតថា សេដ្ឋកិច្ចកម្ពុជាកំពុងស្ថិតក្នុងភាពមិនច្បាស់លាស់ និងកំពុងគំរាមកំហែងដោយសារវិបត្តិកូវីដ-១៩ និងឥទ្ធិពលនៃសង្គ្រាមនៅអ៊ុយក្រែន ដែលបណ្តាលឲ្យតម្លៃទំនិញ និងអតិផរណាសកលមានការកើនឡើង។ សម្រាប់អ្នកជំនាញកម្ពុជាអាចត្រូវការពេលបន្ថែមយ៉ាងហោចណាស់៥ឆ្នាំលើផែនការកំណត់ ដើម្បីអាចសម្រេចបានចក្ខុវិស័យខាងលើនេះ។

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់ចក្ខុវិស័យក្នុងការប្រែក្លាយកម្ពុជាឲ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។ ប៉ុន្តែការសម្រេចបានចក្ខុវិស័យនេះកំពុងស្ថិតក្នុងភាពមិនច្បាស់លាស់ ក្រោយសេដ្ឋកិច្ចកម្ពុជារងការគំរាមកំហែងពីវិបត្តិជំងឺកូវីដ-១៩ និងឥទ្ធិពលនៃសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ដែលបណ្តាលឲ្យមានការដាក់ទណ្ឌកម្មមកលើរុស្ស៊ីពីសំណាក់ប្រទេសលោកខាងលិច។

ពាក់ព័ន្ធបញ្ហានេះលោក ស៊ាង សុបញ្ញា នាយកវិទ្យាស្ថានអន្តរជាតិកម្ពុជា-អាស៊ាន និងជាប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជាយល់ឃើញថា កម្ពុជាទំនងជាអាចសម្រេចបាននូវចក្ខុវិស័យនេះ ប្រសិនបើសេដ្ឋកិច្ចបន្តរក្សាកំណើនក្នុងរង្វង់៧%ក្នុង១ឆ្នាំ។ ប៉ុន្តែក្រោយកម្ពុជា ក៏ដូចជាពិភពលោកទទួលរងនូវវិបត្តិជំងឺកូវីដ-១៩ បានធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាមានការធ្លាក់ចុះគួរឲ្យកត់សម្គាល់នៅពីរឆ្នាំចុងក្រោយ ដូច្នេះលោកយល់ថា ការសម្រេចក្ខុវិស័យក្នុងការប្រែក្លាយជាប្រទេសមានចំណូលមធ្យមនៅឆ្នាំ២០៣០ និងប្រាក់ចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០ របស់កម្ពុជាអាចនឹងត្រូវអូសបន្លាយពេល៥ឆ្នាំទៅមុខទៀត ព្រោះកម្ពុជាត្រូវពេលវេលាបន្ថែម ដើម្បីអភិវឌ្ឍន៍ និងស្តារវិស័យដែលជាសសរស្តម្ភសេដ្ឋកិច្ច ក្រោយវិស័យទាំងនោះរងផលប៉ះពាល់ខ្លាំងដោយសារវិបត្តិជំងឺកូវីដ-១៩។

មិនខុសគ្នាពីលោក ស៊ាង សុបញ្ញា នោះទេលោក ង៉ែត ជូ អ្នកជំនាញសេដ្ឋកិច្ច និងហិរញ្ញវត្ថុយល់ឃើញដូចគ្នាថា កម្ពុជានឹងមិនអាចសម្រេចចក្ខុវិស័យក្នុងការប្រែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងចំណូលកម្រិតខ្ពស់តាមការគ្រោងទុកនោះឡើយ។ លោក ង៉ែត ជូបញ្ជាក់ថា កម្ពុជាយ៉ាងហោចណាស់ត្រូវពេល៥ឆ្នាំបន្ថែមទៀត ដើម្បីអាចសម្រេចចក្ខុវិស័យនេះ ដ្បិតថា សេដ្ឋកិច្ចកម្ពុជាបច្ចុប្បន្នកំពុងស្ថិតក្នុងភាពមិនច្បាស់លាស់នៃការងើបឡើងវិញនៅឡើយ ដោយសារវិបត្តិជំងឺកូវីដ-១៩ បន្តអូសបន្លាយ ហើយវិបត្តិសង្គ្រាមនៅអ៊ុយក្រែនក៏មិនដឹងថានឹងបញ្ចប់នៅពេលណា។

ទោះយ៉ាងណា សម្រាប់លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាហាក់យល់ឃើញផ្សេងពីនេះ។ លោកបានគូសបញ្ជាក់ថា កម្ពុជា នឹងអាចសម្រេចបានចក្ខុវិស័យក្នុងការប្រែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅត្រឹមឆ្នាំ២០៣០ ប្រសិនបើវិបត្តិសង្គ្រាមនៅអ៊ុយក្រែនត្រូវបានបញ្ចប់ក្នុងដ៏ខ្លីខាងមុខ និងគ្មានការផ្ទុះជំងឺរាតត្បាតណាមួយបន្ថែមទៀត។ ប៉ុន្តែក្នុងករណីសង្គ្រាមនៅអ៊ុយក្រែនបន្តអូសបន្លាយ ហើយវិបត្តិកូវីដ-១៩ នៅតែបន្តកើតមាន ប្រាកដណាស់កម្ពុជានឹងមិនអាចសម្រេចចក្ខុវិស័យនេះតាមការកំណត់នោះទេ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាក្នុងឱកាសបើកសន្និសីទ«ចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២២»កាលពីថ្ងៃទី៦ តុលា បានលើកឡើងថា កម្ពុជាអាចមានការលំបាកក្នុងការសម្រេចចក្ខុវិស័យក្នុងការប្រែក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រាក់ចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។ លំបាក ក៏ដោយសារវិបត្តិជំងឺកូវីដ-១៩ និងបញ្ហាសង្គ្រាមនៅអ៊ុយក្រែន ដែលបណ្តាលឲ្យមានការដាក់ទណ្ឌកម្មគ្នាទៅវិញទៅមករវាងប្រទេសធំៗ បាននិងកំពុងគំរាមកំហែងដល់សេដ្ឋកិច្ចកម្ពុជាយ៉ាងធ្ងន់ធ្ងរ។

សូមបញ្ជាក់ថា បច្ចុប្បន្ន កម្ពុជាគឺស្ថិតនៅក្នុងឋានៈជាប្រទេសចំណូលមធ្យមកម្រិតទាប ហើយក្នុងឋានៈនេះ កម្ពុជាអាចមានសិទ្ធិខ្ចីប្រាក់ពីសមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) ជាមូលនិធិរបស់ ក្រុមធនាគារពិភពលោក សម្រាប់ប្រជាជាតិក្រីក្របំផុត។

បើតាមការចាត់ចំណាត់ថ្នាក់ដោយធនាគារពិភពលោកសម្រាប់ឆ្នាំ២០២២-២០២៣បានបង្ហាញថា ប្រទេសដែលមានប្រាក់មធ្យមកម្រិតទាប គឺត្រូវមានចំណូលជាតិដុលក្នុងពលរដ្ឋម្នាក់ៗ (GNI per capita)ចន្លោះពី ១.០៨៦ ទៅ៤.២៥៥ ដុល្លារអាមេរិកក្នុងមួយឆ្នាំ។ ប្រទេសចណូលមធ្យមកម្រិតខ្ពស់ ត្រូវមានចំណូលជាតិដុលក្នុងពលរដ្ឋម្នាក់ៗចន្លោះពី ៤.២៥៦ ទៅដល់១៣.២០៥ ដុល្លារក្នុងមួយឆ្នាំ ខណៈប្រទេសចំណូលខ្ពស់ត្រូវមានលើពី ១៣.២០៥ដុល្លារឡើងទៅ។

គួរបញ្ជាក់ថា ក្រោយកម្ពុជាទទួលរងនូវការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ បានទាញទម្លាក់សេដ្ឋកិច្ចកម្ពុជា ដែលធ្លាប់តែមានកំណើនក្នុងរង្វង់៧%ក្នុង១ឆ្នាំ បានធ្លាក់យ៉ាងគំហុកក្នុងរង្វង់ -៣%នៅឆ្នាំ២០២០។ ក្រោយមកនៅឆ្នាំ២០២១ សេដ្ឋកិច្ចកម្ពុជាបានបង្ហាញសញ្ញាវិជ្ជមានឡើងវិញជាមួយកំណើនប្រមាណ៣%។ ដោយឡែកនៅឆ្នាំ២០២២ នេះសេដ្ឋកិច្ចកម្ពុជាត្រូវបានស្ថាប័នជាតិ និងអន្តរជាតិព្យាករថា នឹងមានកំណើនក្នុងរង្វង់៥%៕




អត្ថបទបន្ទាប់


អ្នកជំនាញមើលឃើញសញ្ញាល្អសម្រាប់វិស័យទេសចរណ៍ ក្រោយក្រុមហ៊ុនអាកាសចរណ៍ចិនធំៗ បង្កើនជើងហោះហើរអន្តរជាតិ

ព័ត៌មាន
អ្នកជំនាញនៅក្នុងវិស័យទេសចរណ៍កម្ពុជា បានមើលឃើញពីសញ្ញាល្អឡើងវិញនៃទីផ្សារទេសចរណ៍អន្តរជាតិ ក៏ដូចជាកម្ពុជា នៅចំពេលដែលថ្មីៗនេះ ក្រុមហ៊ុនអាកា…

EU ស្វែងរកការរួបរួមគ្នាកាន់តែខ្លាំង ក្រោយមើលឃើញថាប្លុករបស់ខ្លួនកំពុងមានការពឹងផ្អែកខ្លាំងលើប្រទេសចិន

ព័ត៌មាន
មេដឹកនាំសហភាពអឺរ៉ុបបានសម្តែងការព្រួយបារម្ភរួមគ្នាកាលពីថ្ងៃសុក្រ ទី ២១ តុលា អំពីការពឹងផ្អែកសេដ្ឋកិច្ចលើប្រទេសចិនកាន់តែខ្លាំងឡើង នៅចំពេលដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ