នៅក្នុងវិធានការជុំទី៩នេះ មានមានគោលបំណងចម្បង៤ចំណុចសំខាន់ៗ រួមមាន៖
ទី១, កាត់បន្ថយផលប៉ះពាល់មកលើស្ថានភាពសង្គម-សេដ្ឋកិច្ច និងហានិភ័យ នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ក្នុងលក្ខណៈទ្រង់ទ្រាយធំ។
ទី២,បន្ដសុពលភាពនៃវិធានការដែលបានដាក់ចេញនាពេលកន្លងមក ដែលនឹងផុតកំណត់សម្រាប់ការអនុវត្តក្នុងពេលឆាប់ៗខាងមុខ
ទី៣, បន្ដដាក់ចេញ និងអនុវត្តវិធានការទ្រទ្រង់ និងស្ដារអាជីវកម្ម និងធុរកិច្ចឲ្យងើបឡើងវិញ ដើម្បីរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច សំដៅបង្កើតឲ្យបានភាពស៊ាំសង្គម-សេដ្ឋកិច្ចនៅក្នុងបរិការណ៍នៃការវិវឌ្ឍនៃជំងឺកូវីដ-១៩។
និងទី៤ បន្ដជួយទំនុកបម្រុងដល់ជីវភាពប្រចាំថ្ងៃរបស់គ្រួសារក្រីក្រ និងងាយរងគ្រោះតាមរយៈកម្មវិធីឧបត្ថម្ភសាច់ប្រាក់។
កម្មកររោងចក្រកាត់ដេរវាយនភណ្ឌ និងវិស័យទេសចរណ៍បន្ដទទួលបានប្រាក់ឧបត្ថម្ភចំនួន៣ខែបន្ដទៀត
នៅក្នុងវិធានការជុំទី៩នេះ សម្រាប់កម្មករនិយោជិតរោងចក្រកាត់ដេរវាយនភណ្ឌ, ស្បែកជើង,ផលិតផលធ្វើដំណើរ និងកាបូប ដែលត្រូវបានព្យួរការងារ និងទទួលបានការអនុញ្ញាតពីក្រសួងការងារ នឹងទទួលបានថវិកាឧបត្ថម្ភចំនួន៤០ដុល្លារក្នុងមួយខែ ចាប់ពីខែកក្កដា ដល់ខែកញ្ញា ឆ្នាំ២០២១។ ម្ចាស់រោងចក្រសហគ្រាសក្នុងវិស័យនេះ ត្រូវបន្ថែមចំនួន៣០ដុល្លារ សម្រាប់កម្មករនិយោជិត ០១នាក់។ សរុបទៅកម្មករនិយោជិតម្នាក់ ទទួលបាន៧០ដុល្លារក្នុងមួយខែ។
ដោយឡែក សម្រាប់កម្មកនិយោជិតក្នុងវិស័យទេសចរណ៍ ដូចជា៖ សណ្ឋាគារ, ផ្ទះសំណាក់, ភោជនីយដ្ឋាន និងភ្នាក់ងារទេសចរណ៍ និងអាជីវកម្មក្នុងវិស័យទេសចរណ៍ ក៏ទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋ៤០ដុល្លារក្នុងមួយខែដែរ ចាប់ពីខែកក្កដា ដល់ខែកញ្ញាឆ្នាំ២០២១។
ក្រៅពីនេះចំពោះសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងក្រុមហ៊ុនទេសចរណ៍ ដែលបានចុះបញ្ជីនៅអគ្គនាយកដ្ឋានពន្ធដារ និងមានសកម្មភាពអាជីវកម្មនៅរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តកែប ខេត្តកំពត និងក្រុងបាវិត និងក្រុងប៉ោយប៉ែត ក៏ទទួលបានការលើកលែងពន្ធប្រចាំខែគ្រប់ប្រភេទសម្រាប់រយៈពេល៣ខែ ដូចគ្នាដែរ។ ជាមួយគ្នានេះ ក៏មានការលើកលែងការបង់វិភាគទានរបបសន្ដិសុខសង្គម និងបន្ដពន្យារពេលការចាប់ផ្ដើមអនុវត្តរបបសន្ដិសុខសង្គមផ្នែកសោធនរយៈពេល៦ខែបន្ដទៀត។
វិស័យអាកាសចរណ៍ឯណោះវិញ ក៏ទទួលបានការលើកលែងការបង់ពន្ធអប្បបរមា សម្រាប់រយៈពេល៣ខែបន្ថែមទៀតដែរ ចាប់ពីខែកក្កដាដល់ខែកញ្ញា ព្រមទាំងអាចបន្ដពន្យារការបង់ប្រាក់ជំពាក់កម្រៃអាកាសចរស៊ីវិលរយៈពេល៣ខែបន្ថែមទៀត ចាប់ពីខែកក្កដាដល់ខែកញ្ញាឆ្នាំ២០២១។
អ្វីដែលគួរឲ្យចាប់អារម្មណ៍ នៅវិធានការជុំទី៩នេះ វិស័យដឹកជញ្ជូន និងឡូជីស្ទិកក៏ទទួលបានការលើកលែងកម្រៃអាជ្ញាបណ្ណជើងសារគយសម្រាប់ឆ្នាំ២០២១ និងឆ្នាំ២០២២ដែរ ហើយការលើកលែងនេះ គឺផ្អែកលើការវាយតម្លៃជាក់ស្ដែង។
ចំពោះគ្រួសារក្រីក្រ និងងាយរងគ្រោះវិញនៅអំឡុងពេលកូវីដ១៩នេះ រាជរដ្ឋាភិបាលក៏បន្ដឧបត្ថម្ភសាច់ប្រាក់សម្រាប់រយៈពេល៣ខែបន្ថែមទៀត ចាប់ពីខែកក្កដា ដល់ខែកញ្ញឆ្នាំ២០២១។
សូមបញ្ជាក់ថា បើតាមការកត់សម្គាល់របស់រាជរដ្ឋាភិបាល ទោះបីជារាជរដ្ឋាភិបាលបន្ដកិច្ចខិតប្រឹងប្រែងទប់ទល់នឹងកូវីដ-១៩ ក៏ដូចជាការសម្រុកការចាក់វ៉ាក់សាំងក៏ពិតមែន ប៉ុន្ដែ ស្ថានភាពសេដ្ឋកិច្ច-សង្គមនៅតែរងផលប៉ះពាល់។ ជាក់ស្ដែង វិស័យដូចជាកាត់ដេរវាយនភណ្ឌ, អាកាសចរណ៍, ទេសចរណ៍ គឺសុទ្ធសឹងតែបាននិងកំពុងរងផលប៉ះពាល់ខ្លាំងជាងគេ ពីវិបត្តិនៃជំងឺកូវីដ-១៩នេះ។ បន្ថែមពីនេះ ពលរដ្ឋគ្រប់ស្រទាប ពិសេសគ្រួសារក្រីក្រ និងងាយរងគ្រោះ ក៏នៅតែប្រឈមនឹងបញ្ហាលំបាកផ្សេងៗក្នុងជីវភាពប្រចាំថ្ងៃរបស់ពួកគេដែរ៕