ទំហំទឹកប្រាក់នៃការនាំចេញរបស់កម្ពុជាទៅជប៉ុនចាប់ពីខែមករា ដល់ ខែមេសា ឆ្នាំ២០២០នេះ នៅតែបង្ហាញពីកំណើនល្អ និងនៅតែខ្លាំងជាង ប្រទេសឡាវ និងមីយ៉ានម៉ា បើទោះបីជាកម្ពុជាក្នុងពេលជាមួយគ្នាកំពុងរងផលប៉ះពាល់ពីវិបត្តិកូវីដ-១៩ ក៏ដោយចុះ ពោលគឺកម្ពុជានៅតែរក្សាបានចំណាត់ថ្នាក់ខ្ពស់ ស្ថិតនៅលេខរៀងលំដាប់ទី៨ នៃប្រទេសក្នុងតំបន់អាស៊ាន ដែលបាននាំចេញទៅជប៉ុន។
របាយការណ៍បញ្ជាក់ថា ក្នុងចំណោមប្រទេសអាស៊ានមានប្រទេសថៃ និងវៀណាមបាននាំចេញទំនិញទៅកាន់ប្រទេសជប៉ុនមានតម្លៃទឹកប្រាក់ច្រើនជាងគេ។ ក្នុងនោះ ថៃមានរហូតជាង ៨ពាន់លានដុល្លារ ខណៈវៀតណាមមានជាង ៧ពាន់លានដុល្លារ និងក្រៅពីនេះទៀត មានប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ីមានទំហំទឹកប្រាក់នាំចេញទៅជប៉ុន ក៏ប្រហាក់ប្រហែលគ្នាដែរ គឺជាង ៥ពាន់លានដុល្លារ ខណៈសិង្ហបុរី និងហ្វីលីពីនជិត ៣ពាន់លានដុល្លារ និង ប្រុយណេជាង ៨០០លានដុល្លារ។
ផ្ទុយទៅវិញ ក្នុងពេលដូចគ្នានេះ ការនាំចេញរបស់មីយ៉ាន់ម៉ាទាបជាងកម្ពុជាដែលមានទឹកប្រាក់៥៣០លានដុល្លារ និងឡាវមានជាង ៥២លានដុល្លារប៉ុណ្ណោះ។
ទិន្នន័យពីអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុនបានបង្ហាញទៀតថា គិតមកដល់ត្រឹមខែដំណាច់ខែមេសានេះ ជប៉ុនបាននាំចូលមកកម្ពុជាមានទំហំទឹកប្រាក់ប្រមាណជាង ១៥១ លានដុល្លារ ដែលតួលេខនេះ គឺទាបជាងកម្ពុជានាំចេញទៅជប៉ុន ដែលមានទឹកប្រាក់ប្រមាណជាង ៦០០លានដុល្លារ។
ផលិតផលសំខាន់ៗ ដែលកម្ពុជាបាននំាចេញទៅជប៉ុនមានដូចជា ស្បែកជើង សម្លៀកបំពាក់ និង គ្រឿងបង្គំម៉ាស៊ីនអគ្គិសនី។ ចំណែកឯ កម្ពុជាមានតម្រូវការនាំចូលពីជប៉ុនវិញ គឺផលិតផលគ្រឿងម៉ាស៊ីនសម្រាប់ដំណើរការរោងចក្រ រថយន្ត គ្រឿងអេឡិចត្រូនិក គ្រឿងចក្រសម្រាប់វិស័យកសិកម្ម និងគ្រឿងបរិក្ខាសម្រាប់លំនៅដ្ឋានជាដើម។
តាមរបាយការណ៍ពី អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន ហៅកាត់ថា JETRO ទំហំនៃការនាំចេញ នាំចូលរវាងកម្ពុជា និងជប៉ុន កាលពីឆ្នាំ២០១៩ កន្លងទៅនេះ សម្រេចបានប្រមាណ ២.៣០០ លានដុល្លារអាមេរិក។ ក្នុងនោះ កម្ពុជានាំចេញទៅជប៉ុនមានជាង ១.៧០០ លានដុល្លារអាមេរិក កើនឡើងជាង ៧ភាគរយ ខណៈជប៉ុននាំចូលមកកម្ពុជាវិញ មានជាង ៥៦០ លានដុល្លារអាមេរិក កើនឡើងជាង ៣៣ភាគរយ៕