លោកជំទាវ ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជាបានអះអាងថា ការបើកយុទ្ធនាការផ្ទៀងផ្ទាត់អត្តសញ្ញាណស៊ីមកាតជាមួយនឹងគណនីធនាគារ ឬគណនីទូទាត់សងប្រាក់របស់អ្នកប្រើប្រាស់នេះ គឺដើម្បីការពារសុវត្ថិភាពឌីជីថលរបស់អ្នកប្រើប្រាស់ ជៀសវាងនូវហានិភ័យណាមួយដែលអាចកើតមានឡើងតាមរយៈការឆបោកតាមអនឡាញ និងដើម្បីឈានទៅលុបបំបាត់ស៊ីមកាតគ្មានអត្តសញ្ញាណអ្នកប្រើប្រាស់ច្បាស់លាស់ ដែលកំពុងត្រូវបានប្រើប្រាស់ក្នុងប្រព័ន្ធធនាគារ។ ថ្នាក់ដឹកនាំរូបនេះបានសង្កត់ធ្ងន់ថា ការបញ្ជាក់ភាពត្រឹមត្រូវនៃលេខទូរសព្ទ និងស៊ីមកាតរបស់អ្នកប្រើប្រាស់ គឺពិតជាមានសារៈសំខាន់ណាស់ក្នុងការការពារសុវត្ថិភាពទិន្នន័យផ្ទាល់ខ្លួន និងគណនីរបស់អ្នកប្រើប្រាស់ ព្រមទាំងជួយទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្នុងសង្គម។ បើតាមលោកជំទាវ ជា សិរី ប្រជាពលរដ្ឋអាចផ្ទៀងផ្ទាត់អត្តសញ្ញាណស៊ីមកាតក្នុងកម្មវិធី SIM Verifier Mini App ដែលមាននៅក្នុងថ្នាលសេវាឌីជីថលរួម DG SuperApp ដែលបានតភ្ជាប់ប្រព័ន្ធស្វ័យប្រវត្តិកម្មរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ។
ជាមួយគ្នានេះឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានគូសបញ្ជាក់ថា ការផ្ទៀងផ្ទាត់តាមរយៈកម្មវិធី DG SuperApp នេះ គឺធ្វើឡើងតែទៅលើទិន្នន័យមូលដ្ឋានដូចជាឈ្មោះ លេខទូរសព្ទ និងលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរប៉ុណ្ណោះ ដោយប្រព័ន្ធនេះគ្មានសិទ្ធិអំណាច ឬលទ្ធភាពចូលទៅមើលទិន្នន័យហិរញ្ញវត្ថុ ឬគណនីធនាគាររបស់អ្នកប្រើប្រាស់ឡើយ។ ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា ការដាក់ចេញនូវយុទ្ធនាការរួមគ្នានេះនឹងក្លាយជាឧបករណ៍ដ៏មានឥទ្ធិពលក្នុងការទប់ស្កាត់ និងវាយកម្ទេចឫសគល់ នៃមុខសញ្ញាឆបោកតាមអនឡាញនៅកម្ពុជា ព្រោះថាកន្លងមក ក្រុមឧក្រិដ្ឋជនបច្ចេកវិទ្យាតែងតែឆ្លៀតឱកាសប្រើប្រាស់ស៊ីមកាត ដែលគ្មានការបញ្ជាក់អត្តសញ្ញាណច្បាស់លាស់ ឬស៊ីមខ្មោច យកទៅធ្វើសកម្មភាពទុច្ចរិត បោកប្រាស់ប្រជាពលរដ្ឋអស់សាច់ប្រាក់ជាច្រើនករណី។
គួរជម្រាបថា ធនាគារជាតិនៃកម្ពុជា និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នឹងបន្តសហការអភិវឌ្ឍ និងតភ្ជាប់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថលផ្សេងៗបន្ថែមទៀត ដើម្បីជំរុញល្បឿន នៃការធ្វើបរិវត្តកម្មឌីជីថលក្នុងវិស័យធនាគារ និងវិស័យប្រៃសណីយ៍ និងទូរគមនាគមន៍ឱ្យបានកាន់តែលឿន ស្របតាមគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា២០២២-២០៣៥ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា៕
អត្ថបទ សោម ស្រីពេជ្រ និងរូបភាពឯកសារ