ធនាគារពិភពលោក

ធនាគារពិភពលោកផ្តល់ហិរញ្ញប្បទានបន្ថែម១៣លានដុល្លារដល់កម្ពុជា ដើម្បីលើកកម្ពស់វិស័យសុខាភិបាល


ធនាគារពិភពលោកបានប្រកាសផ្តល់ហិរញ្ញប្បទានចំនួន១៣លានដុល្លារអាម៉េរិកដល់កម្ពុជា ដើម្បីលើកកម្ពស់ស្តង់ដា នៃសេវាសុខភាពនៅកម្ពុជា តាមរយៈការធ្វើឱ្យប្រសើរឡើងនូវការបណ្តុះបណ្តាលអ្នកជំនាញផ្នែកសុខាភិបាល។ ការផ្តល់ហិរញ្ញប្បទានបន្ថែមនេះ នឹងពន្លឿនអន្តរកាលរបស់កម្ពុជាទៅលើការអប់រំដោយផ្អែកលើសមត្ថភាពសម្រាប់គ្រូពេទ្យ និងជួយបង្រួញគម្លាតរវាងចំណេះដឹងផ្នែកវេជ្ជសាស្រ្ត និងការអនុវត្តផ្នែកព្យាបាល ដែលជាជំហានសំខាន់ឆ្ពោះទៅកសាងកម្លាំងពលកម្មសុខាភិបាលកាន់តែរឹងមាំ និងកាន់តែមានសមត្ថភាពជាងមុន។
ធនាគារពិភពលោក
ដោយ

ធនាគារពិភពលោកកាលពីថ្ងៃទី១៥ ខែមីថុនា ឆ្នាំ២០២៦ បានប្រកាសផ្តល់ហិរញ្ញប្បទានបន្ថែមចំនួន១៣លានដុល្លារសម្រាប់លើកកម្ពស់ស្តង់ដា នៃសេវាសុខភាពនៅកម្ពុជា ដែលនឹងគាំទ្រដល់គម្រោងរបស់កម្ពុជាស្តីពីការពង្រឹងប្រព័ន្ធអប់រំអ្នកជំនាញសុខាភិបាលមុនចូលបម្រើការងារ ដែលបង្កើនទឹកប្រាក់វិនិយោគសរុបដល់ទៅប្រមាណជាង៣៤លានដុល្លារ។ ធនាគារពិភពលោកបានសង្កត់ធ្ងន់ថា
ការផ្តល់សេវាសុខាភិបាលនៅក្នុងប្រទេសកម្ពុជា ត្រូវបានពង្រីកក៏ពិតមែន ប៉ុន្តការទទួលបាន និងគុណភាពនៃការថែទាំនៅតែជួបបញ្ហាប្រឈមសំខាន់ៗ។ ដូច្នេះតាមរយៈគម្រោងនេះ នឹងជួយដោះស្រាយបញ្ហាប្រឈមទាំងនេះ តាមរយៈការកែទម្រង់ពីរបៀបដែលគ្រូពេទ្យទទួលបានការបណ្តុះបណ្តាល ពោលគឺការងាកចេញពីការបង្រៀនដែលផ្អែកលើការទន្ទេញមេរៀនស្ទាត់មាត់ ទៅរៀនតាមគំរូដែលសង្កត់ធ្ងន់លើជំនាញអនុវត្តជាក់ស្តែង និងសមត្ថភាពព្យាបាលក្នុងពិភពពិតវិញ។

លោកស្រី Tania Meyer នាយកគ្រប់គ្រងធនាគារពិភពលោកប្រចាំប្រទេសកម្ពុជាបានគូសបញ្ជាក់ថា កម្ពុជាបានធ្វើឱ្យមានការរីកចម្រើនសំខាន់ៗក្នុងការពង្រឹងការបណ្តុះបណ្តាលអ្នកជំនាញសុខាភិបាលរបស់ខ្លួន ហើយហិរញ្ញប្បទានបន្ថែមនេះនឹងជួយបន្តកិច្ចខិតខំនោះ។ លោកស្រីបានបន្ថែមថា បុគ្គលិកសុខាភិបាលដែលមានការអប់រំល្អ និងផ្អែកលើសមត្ថភាព គឺជាចំណុចសំខាន់សម្រាប់ការកែលម្អការផ្តល់សេវា និងការពង្រឹងប្រព័ន្ធសុខាភិបាល ដើម្បីអាចបម្រើប្រជាជនកម្ពុជាគ្រប់រូបនៅគ្រប់ទីកន្លែងទូទាំងប្រទេសបានកាន់តែប្រសើរ។

ធនាគារពិភពលោកបានឱ្យដឹងថា ចាប់តាំងពីឆ្នាំ២០២០ មក គម្រោងនេះសម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់ ដោយបង្កើតបានកម្មវិធីសិក្សាផ្អែកលើសមត្ថភាពថ្នាក់ជាតិចំនួន១១កម្មវិធី, វគ្គបណ្តុះបណ្តាលបាន៨៥% នៃសមាជិកមហាវិទ្យាល័យសុខាភិបាល, បំពាក់បន្ទប់ពិសោធន៍ជំនាញ និងកន្លែងពិនិត្យតាមកុំព្យូទ័រ និងកន្លែងអនុវត្តគ្លីនិកដែលមានស្តង់ដាចំនួន៥០កន្លែង ។ ការដាក់អនុវត្តការអប់រំផ្អែកលើសមត្ថភាពទូទាំងស្ថាប័នបណ្តុះបណ្តាលវិជ្ជាជីវៈសុខាភិបាលទូទាំងប្រទេស បានជួយពង្រឹងគុណភាពនៃការអប់រំសម្រាប់បុគ្គលិកវិជ្ជាជីវៈសុខាភិបាល។

បើតាមធនាគារពិភពលោក ការផ្តល់ហិរញ្ញប្បទានបន្ថែមនេះ នឹងពង្រីកហេដ្ឋារចនាសម្ព័ន្ធរូបវន្តនៅគ្រឹះស្ថានបណ្តុះបណ្តាលសុខាភិបាលសំខាន់ៗមួយចំនួន រួមទាំងការសាងសង់ និងការជួសជុលថ្មីនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលតំបន់ខេត្តបាត់ដំបង និងនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល, បំពាក់គ្រឿងបរិក្ខារជាមួយឧបករណ៍ធ្វើត្រាប់តាមទំនើប, និងការពន្លឿនការចាប់យកប្រព័ន្ធអប់រំឌីជីថល។ ហិរញ្ញប្បទាននេះក៏នឹងជួយផងដែរដល់ការពង្រឹងកម្មវិធីបណ្តុះបណ្តាលសុខាភិបាលថ្នាក់ជាតិ, ស្តង់ដា និងការប្រឡងចេញផ្អែកលើសមត្ថភាព ដើម្បីធានាថា អ្នកជំនាញសុខាភិបាលដែលបានបញ្ចប់ការសិក្សា បំពេញតាមស្តង់ដាបានយ៉ាងម៉ត់ចត់។ អាយុកាលរបស់គម្រោងត្រូវបានពង្រីកដល់ពាក់កណ្តាលឆ្នាំ២០២៩៕

អត្ថបទ សោម ស្រីពេជ្រ និងរូបភាពឯកសារ




អត្ថបទបន្ទាប់


កម្ពុជាបើកយុទ្ធនាការផ្ទៀងផ្ទាត់អត្តសញ្ញាណអ្នកប្រើប្រាស់ស៊ីមកាតជាមួយគណនីធនាគារ ដើម្បីកាត់ផ្តាច់ឫសគល់ការឆបោកតាមអនឡាញ

ធនាគារជាតិនៃកម្ពុជា និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានចាប់ដៃគ្នាបើកយុទ្ធនាការផ្ទៀងផ្ទាត់អត្តសញ្ញាណអ្នកប្រើប្រាស់ស៊ីមកាតជាមួយនឹងគណនីធនា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ