ទីក្រុងហាណូយ គ្រោងបង្កើតតំបន់កម្សាន្ត២៤ម៉ោងលើ២៤ម៉ោង ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ដោយតាមផែនការទីក្រុងហាណូយនឹងអភិវឌ្ឍតំបន់កម្សាន្តពេលរាត្រីតាមលក្ខណៈពិសេសនីមួយៗ ក្នុងនោះតំបន់ ហ័ន គៀម, បា ឌិញ និង សឺន តាយនឹងផ្តោតលើវប្បធម៌ និងបេតិកភណ្ឌ ខណៈតំបន់ តាយ ហូ, តំបន់ មី ឌិញ និងតំបន់ ដុង អាញ់នឹងអភិវឌ្ឍជាមជ្ឈមណ្ឌលកម្សាន្តបែបទំនើប។ ចំណែកឯតំបន់ទេសចរណ៍ បាត ត្រាង, បា វី និងតំបន់ ហឿង សឺន នឹងផ្តល់បទពិសោធន៍វប្បធម៌ និងការកម្សាន្តបែបធម្មជាតិ។
ទីក្រុងហាណូយ ក៏គ្រោងបង្កើតផ្លូវកម្សាន្តពេលរាត្រី ដែលរួមបញ្ចូលម្ហូបអាហារល្បីៗ តំបន់ប្រវត្តិសាស្ត្រ ការសម្តែងសិល្បៈ និងដំណើរកម្សាន្តវប្បធម៌ ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យបានកាន់តែច្រើនផងដែរ។ ដើម្បីគាំទ្រផែនការនេះ ទីក្រុងហាណូយ នឹងពង្រីកម៉ោងដំណើរការរថភ្លើងក្រោមដីនៅចុងសប្តាហ៍ និងថ្ងៃឈប់សម្រាកព្រមទាំងបង្កើនសេវារថយន្តក្រុងភ្ជាប់ទៅកាន់តំបន់កម្សាន្តសំខាន់ៗ។ លើសពីនេះ ទីក្រុងហាណូយ ក៏គ្រោងបង្កើតមជ្ឈមណ្ឌលកីឡាអេឡិចត្រូនិក កន្លែងលេងកីឡាពេលរាត្រី ព្រឹត្តិការណ៍រត់ម៉ារ៉ាតុងអន្តរជាតិ ពិធីបុណ្យតន្ត្រី និងកម្មវិធីវប្បធម៌បែបឌីជីថល។ ទន្ទឹមនេះ ភ្លើងបំភ្លឺនៅតំបន់ទេសចរណ៍សំខាន់ៗ និងផែនទីឌីជីថលសម្រាប់ស្វែងរកកន្លែងកម្សាន្ត ព្រឹត្តិការណ៍ និងមធ្យោបាយធ្វើដំណើរ ក៏នឹងត្រូវអភិវឌ្ឍបន្ថែមផងដែរ។
អាជ្ញាធរក្រុងហាណូយជឿជាក់ថា យុទ្ធសាស្ត្រថ្មីនេះនឹងជួយប្រែក្លាយសេដ្ឋកិច្ចពេលរាត្រីឱ្យក្លាយជាកម្លាំងចលករជំរុញសេដ្ឋកិច្ចដ៏សំខាន់ និងបង្កើនសមត្ថភាពប្រកួតប្រជែងរបស់ទីក្រុងនេះនាពេល
អនាគត៕
ដោយ: តែម សុខុម