ប្រជាពលរដ្ឋ និងទេសចរជាង៣០ម៉ឺននាក់ត្រូវបានបង្ខំឱ្យបោះបង់ចោលជម្រក និងរត់ភៀសខ្លួនយ៉ាងប្រញាប់ប្រញាល់ពីតំបន់មួយចំនួន នៃប្រទេសបារាំង និងអេស្ប៉ាញ ខណៈដែលអណ្តាតភ្លើងឆេះព្រៃដ៏សន្ធោសន្ធៅបានពង្រីកខ្លួនយ៉ាងលឿនយ៉ាងលឿនទៅកាន់តំបន់ផ្សេងៗគួរឱ្យព្រួយបារម្ភ។ ជាមួយគ្នានេះ អគ្គិភ័យថ្មីមួយទៀតនៅភាគខាងកើតប្រទេសអេស្ប៉ាញ ក៏កំពុងបន្តដុតកម្ទេចភូមិឋាន និងបង្ខំឱ្យពលរដ្ឋរាប់ម៉ឺននាក់រត់យករួចខ្លួនផងដែរ។
ប្រជាពលរដ្ឋប្រមាណ២២ម៉ឺននាក់ត្រូវបានបម្លាស់ទីចេញពីភាគនិរតី នៃប្រទេសបារាំង ខណៈជាង៧ម៉ឺននាក់ទៀតត្រូវបានជម្លៀសចេញពីភាគខាងលិចទីក្រុងម៉ាឌ្រីដ និងតំបន់ Ávila នៃប្រទេសអេស្ប៉ាញ។ បន្ថែមលើនេះ អាជ្ញាធរអេស្ប៉ាញ បានបញ្ជាឱ្យពលរដ្ឋ១ម៉ឺន៥ពាន់នាក់ផ្សេងទៀតចាកចេញពីសហគមន៍ជុំវិញតំបន់ ឡា វ៉ាល ឌុយសូ (La Vall d’Uixó) ជាបន្ទាន់ ចំពេលដែលមនុស្សរាប់ម៉ឺននាក់ទៀតត្រូវជាប់ឃុំឃាំងក្នុងផ្ទះខ្លួនឯងតាមការណែនាំរបស់អាជ្ញាធរ។
ខ្យល់បក់បោកយ៉ាងឃោរឃៅកំពុងរុញច្រានសមុទ្រភ្លើងនៅបារាំង ឱ្យឆាបឆេះកាន់តែខ្លាំងឆ្ពោះទៅទីក្រុង Bordeaux ដោយបង្ខំឱ្យអាជ្ញាធរជម្លៀសប្រជាជន៥ម៉ឺន៥ពាន់នាក់បន្ថែមទៀតទាំងកណ្តាលអធ្រាត្រ។ រីឯប្រទេសអេស្ប៉ាញវិញបានឈានដល់ការប្រកាសអាសន្នកម្រិតជាតិជាលើកដំបូង ដើម្បីប្រមូលផ្តុំកម្លាំងយោធា ភ្នាក់ងារសន្តិសុខ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ចូលរួមសង្គ្រោះប្រជាជន។ ផ្សែងខ្មៅខ្មួលខ្មាញ់ និងកម្ទេចផេះល្អិតៗបានគ្របដណ្តប់លើផ្ទៃមេឃ រហូតក្រសួងសុខាភិបាលអេស្ប៉ាញ ត្រូវដាក់ចេញបម្រាមហាមប្រជាជនក្នុងទីក្រុងម៉ាឌ្រីដ មិនឱ្យចេញធ្វើសកម្មភាព ឬហាត់ប្រាណនៅខាងក្រៅផ្ទះជាដាច់ខាត។
ដោយឡែកនៅតំបន់អាស៊ីឯណោះវិញ ប្រទេសចិនកំពុងរងគ្រោះដោយសារទឹកជំនន់បង្កឡើងដោយព្យុះទីហ្វុង នូល ដែលត្រូវគេចាត់ទុកជាព្យុះកំណាចបំផុតប្រចាំឆ្នាំ ដោយបានបោកបក់ចូលមកដល់ឆ្នេរសមុទ្រហ៊ុយដុង កាលពីថ្ងៃទី២៦ ខែកក្កដា។ ឥទ្ធិពលខ្យល់បក់បោក និងទឹកភ្លៀងបង្កពីព្យុះនេះបានបង្ខំឱ្យអាជ្ញាធរចិនជម្លៀសប្រជាជនជាង៧០ម៉ឺននាក់ជាបន្ទាន់នៅក្នុងខេត្តក្វាងទុង និងបានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់តំបន់ហុងកុង ដែលនៅក្បែរខាងនោះ។ ស្ថានភាពទាំងអស់នេះបានគូសបញ្ជាក់យ៉ាងច្បាស់ថា ខណៈដែលពិភពលោកកំពុងជាប់ដៃប្រកួតប្រជែងអំណាចនយោបាយ និងធ្វើសង្គ្រាមដាក់គ្នា មហន្តរាយធម្មជាតិឯណោះវិញ កំពុងតែបំផ្លិចបំផ្លាញជីវិតមនុស្សជាតិដោយមិនរើសមុខ៕
អត្ថបទៈ សួន ឡង់ទី