ខណៈការប្រកួតប្រជែងបច្ចេកវិទ្យាជាមួយសហរដ្ឋអាម៉េរិក កាន់តែក្តៅគគុក ទីក្រុងប៉េកាំងជឿថា ជ័យជម្នះក្នុងសមរភូមិបច្ចេកវិទ្យា AI នាពេលអនាគត នឹងមិនអាស្រ័យតែលើបន្ទះឈីបទំនើប ឬម៉ូដែល AI ប៉ុណ្ណោះទេ ប៉ុន្តែវាអាស្រ័យលើថា តើអ្នកមានហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងថាមពលរឹងមាំជាង? នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Straits Times។
ប្រទេសចិន បានបញ្ចេញផែនការខ្នាតយក្សទំហំជាង៥ទ្រីលានដុល្លារ ដើម្បីដណ្តើមធ្វើជាមហាអំណាចបច្ចេកវិទ្យា AI ពីអាម៉េរិក។ គម្រោងខ្នាតយក្សនេះមានឈ្មោះថា បណ្តាញទាំង៦ ឬ Six Networks ដែលជាផ្នែកមួយ នៃផែនការ៥ឆ្នាំចុងក្រោយរបស់ប្រទេសចិន ហើយគ្រោងបញ្ចប់នៅឆ្នាំ ២០៣០។ ផែនការនេះនឹងធ្វើទំនើបកម្មបណ្តាញហេដ្ឋារចនាសម្ព័ន្ធជាតិសំខាន់ៗចំនួន៦ រួមមាន បណ្តាញអគ្គិសនី ប្រព័ន្ធទឹក ទូរគមនាគមន៍ មជ្ឈមណ្ឌលកុំព្យូទ័រ និងទិន្នន័យ ប្រព័ន្ធដឹកជញ្ជូន និងភ័ស្តុភារកម្ម ព្រមទាំងបណ្តាញបំពង់ក្រោមដី និងប្រព័ន្ធសេវាសាធារណៈផ្សេងៗ។ បណ្តាញទាំងនេះនឹងក្លាយជាឆ្អឹងខ្នងសម្រាប់ការអភិវឌ្ឍបច្ចេកវិទ្យា AI ឧស្សាហកម្មទំនើប និងកំណើនសេដ្ឋកិច្ចរយៈពេលវែងរបស់ចិន។
ក្រោមគម្រោងនេះ ចិននឹងសាងសង់មជ្ឈមណ្ឌល AI Supercomputing មជ្ឈមណ្ឌលទិន្នន័យថ្មីៗ បណ្តាញខ្សែកាបអុបទិកល្បឿនលឿន អ៊ីនធឺណិតផ្កាយរណប និងបណ្តាញទូរសព្ទ 6G ព្រមទាំងពង្រីកបណ្តាញអគ្គិសនី និងថាមពលកកើតឡើងវិញ ដើម្បីឆ្លើយតបនឹងតម្រូវការថាមពលដ៏សម្បើមរបស់បច្ចេកវិទ្យា AI។
ទីក្រុងប៉េកាំងអះអាងថា គម្រោងនេះនឹងជួយពង្រឹងសេដ្ឋកិច្ច បង្កើនសន្តិសុខខ្សែច្រវាក់ផ្គត់ផ្គង់ ជំរុញវិស័យផលិតកម្ម បង្កើនសមត្ថភាពទប់ទល់នឹងគ្រោះធម្មជាតិ និងកាត់បន្ថយការពឹងផ្អែកលើបច្ចេកវិទ្យាបរទេស ស្របពេលការប្រកួតប្រជែងភូមិសាស្ត្រនយោបាយកាន់តែខ្លាំង។ ការវិនិយោគដ៏មហាសាលនេះកើតឡើង ខណៈដែលទាំងចិន និងអាម៉េរិកកំពុងបង្កើនការវិនិយោគរាប់រយពាន់លានដុល្លារលើហេដ្ឋារចនាសម្ព័ន្ធ AI ដោយបំប្លែងការប្រកួតប្រជែងបច្ចេកវិទ្យាទៅជាការប្រជែង ដើម្បីដណ្ដើមធ្វើជាមហាអំណាចសេដ្ឋកិច្ចឌីជីថលរបស់ពិភពលោក។
ទោះបីនៅមានការព្រួយបារម្ភអំពីប្រភពថវិកាយ៉ាងណាក្ដី ក៏អ្នកវិភាគជាច្រើនជឿថា ដោយសារបទពិសោធន៍របស់ចិនក្នុងការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធខ្នាតយក្សកន្លងមក ក្រុងប៉េកាំង ទំនងជានឹងបន្តជំរុញផែនការនេះទៅមុខ ដើម្បីពង្រឹង និងពង្រីកឥទ្ធិពលរបស់ខ្លួននៅក្នុងការប្រកួតប្រជែងផ្នែក AI ជាមួយសហរដ្ឋអាម៉េរិក៕
ដោយ: តែម សុខុម