លោក អ៊ិន ឆៃវ៉ាន់ ប្រធានសមាគមស្វាយខេត្តកំពង់ស្ពឺ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានខេមបូណូមីស នៅថ្ងៃនេះថា តម្លៃស្វាយកែវរមៀតសម្រាប់រដូវប្រមូលផលខុសរដូវ នៅខែ១០ ដល់ខែ ១២ ឆ្នាំនេះ គឺមានតម្លៃហក់កើនឡើងជាទីគាប់ប្រសើរសម្រាប់កសិករ ដែលវាបានធ្វើឲ្យកសិករដាំដុះស្វាយ ហាក់មានសង្ឃឹមញញឹមពព្រាយឡើងវិញ ដោយតម្លៃ ផ្លែស្វាយកែវរមៀតសម្រាប់រោងចក្រ បានកើនឡើងដល់ជាង ១.២០០រៀល ដល់ទៅ ១.៤០០ រៀលក្នុងមួយគីឡូក្រាមរីឯតម្លៃ ស្វាយកែវរមៀតក្រៅកញ្ចប់ ឬគេហៅថាប្រភេទស្វាយខៀវវិញ មានតម្លៃ ១.៥០០ រៀល ទៅ ១.៧០០ រៀល ក្នុងមួយគីឡូក្រាម។
បើយើងធៀបនឹងតម្លៃស្វាយ កាលពីឆ្នាំកន្លងទៅ វិញ គឺមានតម្លៃតែប្រមាណ ៦០០រៀលប៉ុណ្ណោះក្នុងមួយគីឡូក្រាម ដូច្នេះ បើគិតជាកំណើនវិញ ឃើញថាតម្លៃស្វាយ នៅឆ្នាំនេះ កើនឡើងដល់ទៅ ៦០%ឯណោះ។
តម្លៃស្វាយឆ្នាំនេះ គឺមានការកើនឡើងខ្ពស់បំផុត ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ ខណៈដែលកាលពីឆ្នាំ២០១៤ តម្លៃស្វាយកែវរមៀតក៏ធ្លាប់មានខ្ពស់ប្រហាក់ប្រហែលនេះដែរ។ នេះបើតាមអះអាងរបស់ ប្រធានសមាគមស្វាយខេត្តកំពង់ស្ពឺ។
ទោះយ៉ាងណា លោក អ៊ិន ឆៃវ៉ាន់ បានគូសបញ្ជាក់ដែររថា ទិន្នផលស្វាយកែវរមៀតខុសរដូវឆ្នាំនេះ គឺមានការធ្លាក់ចុះ រហូតដល់ទៅ ជាង៩០%ឯណោះ ដោយសារតែបញ្ហាគ្រោះធម្មជាតិ និងការបំផ្លាញដោយសត្វល្អិតចង្រៃ។ យ៉ាងណាក៏ដោយចុះ គេជឿជាក់ថា នៅរដូវប្រមូលផលស្វាយត្រូវរដូវ ចាប់ពីខែ១២ ដល់ខែ ៥ ឆ្នាំក្រោយនេះ ទិន្នផលស្វាយនឹងងើបកើនឡើងវិញ។
ទន្ទឹមនឹងទិន្នផលស្វាយនឹងកើនឡើងវិញដែរ ប្រធានសមាគមស្វាយខេត្តកំពង់ស្ពឺ បានលើកឡើងដែរថា តម្លៃស្វាយក៏នឹងអាចធ្លាក់ចុះមកវិញដែរ ប៉ុន្ដែលោកថា តម្លៃធ្លាក់ចុះនេះ នឹងមិនធ្វើឲ្យប៉ះពាល់ដល់កសិករនោះទេ។
បើតាមការអះអាង របស់លោក អ៊ិន ឆៃវ៉ាន់ តម្លៃស្វាយឆ្នាំនេះកើនឡើងខ្ពស់ គឺដោយសារតែតម្រូវការស្វាយក្នុងស្រុក និងនាំចេញមានការកើនឡើង ពិសេស គឺរោងចក្រកែច្នៃស្វាយថ្មីៗត្រូវបានបង្កើតឡើងកាន់តែច្រើន ហើយនៅឆ្នាំនេះ រោងចក្រទាំងនោះ បានទទួលទិញស្វាយពីកសិករមិនសូវជារើសគុណភាពខ្លាំងណាស់ណាទេ។
អ្វីដែលគួរឲ្យចាប់អារម្មណ៍ទៀតនោះ គឺផ្លែស្វាយកម្ពុជាទទួលបានឱកាសនាំចេញទៅប្រទេសកូរ៉េខាងត្បូង ហើយថ្មីៗនេះទៀតសោត រាជរដ្ឋាភិបាលកម្ពុជា ក៏បានប្រកាសពីគោលដៅ ជំរុញឲ្យមានកិច្ចព្រមព្រៀងនាំចេញស្វាយទៅកាន់ទីផ្សារចិននៅឆ្នាំ២០២០ផងដែរ។ ទាក់ទិននឹងការបើកទីផ្សារថ្មីៗបន្ថែមនេះដែរ ប្រធានសមាគមស្វាយខេត្តកំពង់ស្ពឺ លោក អ៊ិន ឆៃវ៉ាន់ ជឿជាក់ថា វានឹងជំរុញឲ្យតម្លៃស្វាយកាន់តែមានកំណើន និងមានស្ថិររភាពថ្លៃបានកាន់តែប្រសើរ ពិសេសគឺទីផ្សារចិនតែម្ដង ព្រោះថា កន្លងមក កម្ពុជាយើងនាំចេញស្វាយភាគច្រើនទៅកាន់ទីផ្សារវៀតណាម ហើយវៀតណាមកែច្នៃដើម្បីនាំចេញបន្តទៅកាន់ទីផ្សារចិន ដូច្នេះបើកម្ពជាអាចនាំចេញស្វាយទៅចិនដោយផ្ទាល់នោះគឺជាឱកាសទីផ្សារដ៏ល្អសម្រាប់កសិករដាំដុះស្វាយកម្ពុជា។របាយការណ៍ពីក្រសួងកសិកម្មបានឲ្យដឹងថា នៅក្នុងរយៈពេលប្រមាណ ១១ខែ កន្លះ មកនេះ កម្ពុជាបានចេញស្វាយប្រមាណជាង៥ម៉ឺន៦ពាន់តោន ទៅកាន់ទីផ្សារដូចជាវៀតនាម ថៃ សិង្ហបុរី បារាំង និងរុស្ស៊ី។ក្រសួងកសិកម្មបានឲ្យដឹងទៀតថា ក្នុងពេញមួយរដូវកម្ពុជាមានសមត្ថភាពប្រមូលផលផ្លែស្វាយបានប្រមានជាង ១លាន២សែនតោន។
សមាគមស្វាយខេត្តកំពង់ស្ពឺបានបញ្ជាក់អះអាងថា ការដាំដុះដំណាំស្វាយហាក់មានការកើនឡើងគួរឲ្យកត់សម្គាល់ ពោលគឺគិតមកទល់ពេលនេះ កម្ពុជាមានផ្ទៃដីដាំដុះស្វាយប្រមាណ១៥ម៉ឺនហិកតា។
យ៉ាងណាក៏ដោយចុះ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ធ្លាប់បានគូសបញ្ជាក់ថា កសិករ និងសហគមន៍ស្វាយ ច្រើនជួបប្រទះនូវបញ្ហាប្រឈមមួយចំនួនដូចជា៖ ទី១. ខ្វះទុនសម្រាប់វិនិយោគបន្ថែម, ទី២. ខ្វះបច្ចេកទេសគាំទ្រ ដល់ថែទាំ ប្រមូលផល និងទុកដាក់, ទី៣. ខ្វះហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ដូចជាប្រព័ន្ធស្រោចស្រព និងឃ្លាំងទុកដាក់លក្ខណៈស្តង់ដារ, និងទី៤. គឺយន្តការទីផ្សារ៕