យ៉ាងណាមិញ អ្នកជំនាញក្នុងវិស័យទេសចរណ៍ជឿជាក់ថា បើមានត្រឹមតែកូវីដ-១៩ មួយមុខ នោះផែនការនេះទំនងជាអាចទៅរួច។ ប៉ុន្តែបើមើលទៅលើស្ថានភាពបច្ចុប្បន្ន ពិសេសសង្គ្រាមនៅអ៊ុយក្រែន ដែលស្ថិតក្នុងភាពមិនច្បាស់លាស់ ផែនការនេះ ទំងងជាមិនអាចទៅរួចនោះទេ។
បើតាមការវាយតម្លៃរបស់ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កម្ពុជាយ៉ាងហោចណាស់ត្រូវការពេលពី៤ទៅឆ្នាំ៥ឆ្នាំ ដើម្បីអាចស្តារវិស័យទេសចរណ៍ឲ្យវិលមករកស្ថានភាពល្អប្រសើរដូចដើមវិញមុនពេលមិនទាន់មានការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩។ ឯកឧត្តម បានដាក់ចេញសេណារីយ៉ូថា នៅឆ្នាំ២០២៦ វិស័យទេសចរណ៍កម្ពុជានឹងងើបឡើងវិញ និងអាចទាក់ទាញភ្ញៀវទេសចរបរទេសបាន៦លាននាក់ប្រសិនបើសភាពការណ៍ទេសចរណ៍សកលលោក និងតំបន់កាន់តែមានភាពល្អប្រសើរ ដោយមានការសម្រួលការធ្វើដំណើរ ហើយចិនដកចេញគោលនយោបាយគ្មានកូវីដ-១៩ នៅឆ្នាំ២០២៣។
ដោយឡែកនៅឆ្នាំ២០២៧ ឯកឧត្តម បានដាក់ចេញសេណារីយ៉ូដោយរំពឹងថា វិស័យទេសចរណ៍កម្ពុជានឹងអាចទាក់ទាញភ្ញៀវទេសចរបរទេសបានប្រមាណ៧លាននាក់ ប្រសិនបើស្ថានភាពទេសចរណ៍សកលលោក និងតំបន់ស្ថិតនៅទ្រឹងមិនមានការប្រែប្រួលការធ្វើដំណើរ ហើយប្រទេសចិនដកចេញគោលនយោបាយគ្មានកូវីដ-១៩ នៅឆ្នាំ២០២៣។
សូមរំឭកថា កាលពីឆ្នាំ២០១៩ ដែលមិនទាន់មានកូវីដ១៩ចូលរាតត្បាត ប្រទេសកម្ពុជាធ្លាប់ទទួលបានភ្ញៀវទេសចរអន្តរជាតិសរុបប្រមាណ ៦លាន ៦សែននាក់ ខណៈនៅឆ្នាំ២០២០ ចំពេលដែលមានរោគកូវីដ១៩រាតត្បាតខ្លាំង កម្ពុជាទទួលបានត្រឹមតែ១លាន៣សែននាក់ ធ្លាក់ចុះជាង៨០%។ លុះដល់ឆ្នាំ២០២១ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិត្រឹមតែប្រមាណ២០ម៉ឺននាក់ប៉ុណ្ណោះ ធ្លាក់ចុះជាង៨៥%។ នេះបើតាមរបាយការណ៍ពីក្រសួងទេសចរណ៍។ តាមផែនការរបស់ក្រសួងទេសចរណ៍ នៅឆ្នាំ២០២២ កម្ពុជារំពឹងនឹងទទួលបានភ្ញៀវទេសចរអន្តរជាតិដល់១លាននាក់ ២លាននាក់នៅឆ្នាំ២០២៣។
ពាក់ព័ន្ធបញ្ហានេះដែរ លោក ធួន ស៊ីណាន ប្រធាមសមាគមទីភ្នាក់ងារទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកជឿជាកថា ការស្តារវិស័យទេសចរណ៍កម្ពុជាឲ្យវិលមករកដូចស្ថានភាពមុនមិនទាន់មានកូវីដ-១៩ ក្នុងរយៈពេល៤ទៅ៥ឆ្នាំ អាចសម្រេចទៅបានប្រសិនបើពិភពលោកមានតែការឆ្លងត្បាតនៃជំងឺកូវីដ-១៩ តែមួយមុខ។ ប៉ុន្តែលោកសង្កេតធ្ងន់ ថាក្ដីរំពឹងនេះក៏ទំនងជាមិនអាចទៅរួចនោះទេ ប្រសិនបើស្ថានភាពសង្គ្រាមនៅអ៊ុយក្រែន នៅតែបន្ដស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់រកទីបញ្ចប់គ្មាននោះ ហើយសង្គ្រាមនៅអ៊ុយក្រែននេះ ក៏កំពុងវិវត្តទៅជាសង្គ្រាមរវាងរុស្ស៊ី និងប្រទេសលោកខាងលិចផងដែរ។
បើតាមការគូសបញ្ជាក់របស់ឯកឧត្តម ថោង ខុន ចក្ខុវិស័យនៃវិស័យទេសចរណ៍កម្ពុជា ដែលកំពុងស្ថិតក្នុង ដំណាក់កាលងើបឡើងវិញនាពេលនេះ ដោយផ្អែកលើការវិវត្តនៃចរន្តទេសចរណ៍អន្តរជាតិនៅកម្រិតសកលលោក និងកម្រិតតំបន់ ក្នុងនោះកំណើននៃការមកដល់របស់ភ្ញៀវទេសចរអន្តរជាតិនៅកម្ពុជានឹងត្រូវពឹងផ្អែកខ្លាំងលើកត្តាខាងក្រៅ ពិសេសនិន្នាការនៃការធ្វើដំណើរចេញក្រៅប្រទេសនៃប្រភពទីផ្សារទេសចរណ៍សំខាន់ៗរបស់កម្ពុជា និងកត្តាខាងក្នុងផងដែរ។
នៅឆ្នាំ ២០២២ នេះ វិស័យទេសចរណ៍សកលលោករំពឹងថា នឹងមានភាពល្អប្រសើរជាងកាលពីឆ្នាំ ២០២០ និង២០២១ ដោយសារការចាប់ផ្ដើមកម្រើកឡើងវិញនៃចរន្តនៃការធ្វើដំណើររបស់ភ្ញៀវទេសចរ អន្តរជាតិ ដែលទទួលបានឥទ្ឋិពលវិជ្ជមានពីការបន្ធូរបន្ថយការរឹតត្បិត និងការដករបាំងដែលជាលក្ខខណ្ឌ នានាលើការធ្វើដំណើរជាអន្តរជាតិរបស់បណ្តាប្រទេសភាគច្រើននៅក្នុងសកលលោក។ តាមការព្យាករ របស់អង្គការទេសចរណ៍ពិភពលោក (UNWTO) ចំនួនទេសចរអន្តរជាតិក្នុងឆ្នាំ២០២២នេះ អាចនឹងថយចុះ ក្នុងចន្លោះពី -៣០% ទៅ -៤៥% ធៀបនឹងឆ្នាំ២០១៩។
របាយការណ៍ពីក្រសួងទេសចរណ៍បង្ហាញដែរថា នៅឆមាសទី១ឆ្នាំ២០២២ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិសរុបប្រមាណ ៥០ម៉ឺននាក់ កើនឡើងជិត៤០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១ ប៉ុន្ដែ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩គឺនៅតែមានការធ្លាក់ចុះជាង ៨០% នៅឡើយ៕