ជាមួយគ្នានោះ ឯកឧត្តម ក៏បានអះអាងដែរថា ក្រសួងកសិកម្មនឹងចាត់ចែងឱ្យមានការសិក្សាទីផ្សារគ្រប់ជ្រុងជ្រោយ ដើម្បីវាយតម្លៃឱ្យបានច្បាស់លាស់ពីស្ថានភាព តម្រូវការ និងការផ្គត់ផ្គង់សត្វ ក្នុងខ្សែច្រវាក់ផលិតកម្ម និងតម្លៃ ដើម្បីដោះស្រាយ និងគ្រប់គ្រងបញ្ហានេះឱ្យបានល្អប្រសើរ ដើម្បីផលចំណេញទាំងអស់គ្នា ក៏ដូចជាសុខុមាលភាពសម្រាប់អ្នកបរិភោគ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្មកម្ពុជា។ កិច្ចប្រជុំនេះ ត្រូវបានក្រសួងកសិកម្មបញ្ជាក់ថា ធ្វើឡើងដើម្បី ស្វែងយល់ពីស្ថានភាពពិតប្រាកដ និងគោលជំហររបស់ភាគីពាក់ព័ន្ធទាំងអស់ រួមមានអ្នកចិញ្ចឹមសត្វ អ្នកនាំចូល កុងស៊ីឬអ្នកកាប់ អ្នកចែកចាយ និងអ្នកលក់ ដើម្បីឈានទៅដោះស្រាយបញ្ហាទីផ្សារសត្វ។
បន្ថែមពីនេះ ឯកឧត្តមឌិត ទីណា ក៏បានចាត់តាំង ឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដឹកនាំកិច្ចប្រជុំបន្ទាន់ជាមួយក្រុមការងារជំនាញ និងភាគីពាក់ព័ន្ធ ស្តីពីតម្រូវការនិងការផ្គត់ផ្គង់សត្វ ការធ្វើបំណែកសាច់តាមប្រភេទ និងស្តង់ដាគុណភាព ដើម្បីទទួលបានតម្លៃបន្ថែម និងធានាស្ថិរភាពតម្លៃទីផ្សារល្អ និងធានាផលចំណេញសមរម្យសម្រាប់អ្នកផលិត ចែកចាយ និងអ្នកបរិភោគ។
សូមបញ្ជាក់ថា មួយរយៈចុងក្រោយនេះ ក្រុមអ្នកចិញ្ចឹមសត្វបានត្អូញត្អែរថា ពួកគេកំពុងប្រឈមនឹងការក្ស័យធនកាន់តែច្រើនឡើង នៅចំពេលដែលស្ថានភាពទីតម្លៃទីផ្សារសាច់ពិសេស គោរស់ និងជ្រូករស់ មានការធ្លាក់ថ្លៃខ្លាំង ដោយពួកគេអះអាងថា បញ្ហានេះ បណ្ដាលមកពីបញ្ហានាំចូលសាច់បង្កកច្រើនពេក ពិសេសការនាំចូលសាច់បង្កកខុសច្បាប់៕