លោកបណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជា និងជាអ្នកតាមដានហេតុការណ៍សង្គមបានលើកឡើងថា បញ្ហាខ្វះចំណតនៅរាជធានីភ្នំពេញកំពុងក្លាយជាបញ្ហាប្រឈមកាន់តែខ្លាំង ស្របពេលចំនួនយានយន្តរបស់ប្រជាពលរដ្ឋមានការកើនឡើង។ ការប្រជែងគ្នារកកន្លែងចតយានយន្ត ក៏បានបង្កឱ្យមានជម្លោះរវាងម្ចាស់ផ្ទះ ម្ចាស់អាជីវកម្ម និងអ្នកប្រើប្រាស់ផ្លូវសាធារណៈផងដែរ។ អ្នកជំនាញរូបនេះបានសង្កត់ធ្ងន់ថា ម្ចាស់ផ្ទះ ឬម្ចាស់ហាងមិនមានសិទ្ធិកំណត់ ឬបែងចែកចិញ្ចើមផ្លូវ និងទីតាំងសាធារណៈនៅមុខផ្ទះរបស់ខ្លួនធ្វើជាកន្លែងចតផ្ទាល់ខ្លួនឡើយ ព្រោះការរៀបចំ និងគ្រប់គ្រងទីតាំងសាធារណៈជាសមត្ថកិច្ចរបស់អាជ្ញាធរ។ ទន្ទឹមនឹងនេះ លោកបណ្ឌិត ក៏បានស្នើឱ្យអាជ្ញាធររៀបចំគំនូសសញ្ញា និងផ្លាកសញ្ញាឱ្យបានច្បាស់លាស់ ដើម្បីកំណត់ទីតាំង ដែលអាចចតបាន និងទប់ស្កាត់ការយកចិញ្ចើមផ្លូវ ឬផ្លូវមុខផ្ទះ និងមុខហាងធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។ លើសពីនេះអ្នកជំនាញរូបនេះស្នើឱ្យអាជ្ញាធរគ្រប់ខណ្ឌត្រូវយកគំរូតាមស្មារតីចាត់វិធានការដាច់ខាតរបស់លោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ ក្នុងការរៀបចំសណ្ដាប់ធ្នាប់សាធារណៈ។
ជាមួយគ្នានេះ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្រ្តនយោបាយសង្កេតឃើញថា ការអនុវត្តច្បាប់របស់អាជ្ញាធរដែនដីពាក់ព័ន្ធនឹងការរំដោះចិញ្ចើមផ្លូវនៅមិនទាន់មានភាពស្មើគ្នា និងមានប្រសិទ្ធភាពនៅឡើយ ដោយនៅតែឃើញមានការប្រើប្រាស់ចិញ្ចើមផ្លូវរហូតដល់ផ្នែកខ្លះនៃទ្រូងផ្លូវធ្វើជាកន្លែងលក់ដូរ ឬចតយានយន្ត។ លោកបណ្ឌិតបានបន្ថែមថា ការអនុវត្តវិធានការរំដោះចិញ្ចើមផ្លូវ ក៏អាចប្រឈមនឹងឥទ្ធិពល ឬការជ្រៀតជ្រែកពីអ្នកមានអំណាចនៅពីក្រោយដែលធ្វើឱ្យមានការចោទសួរថា តើគោលនយោបាយរំដោះចិញ្ចើមផ្លូវអាចអនុវត្តមានប្រសិទ្ធភាពកម្រិតណា ខណៈលោកអះអាងថា គោលនយោបាយនេះត្រូវបានលើកឡើងអស់រយៈពេលប្រមាណ២០ឆ្នាំមកហើយ។ សម្រាប់អ្នកជំនាញរូបនេះ ដើម្បីឱ្យការរំដោះចិញ្ចើមផ្លូវអាចអនុវត្តបានប្រកបដោយប្រសិទ្ធភាព អាជ្ញាធរត្រូវមានសមត្ថកិច្ច និងអំណាចគ្រប់គ្រាន់ក្នុងការអនុវត្តច្បាប់ដោយស្មើភាព ព្រមទាំងជៀសវាងការទទួលផលប្រយោជន៍មិនស្របច្បាប់ ឬអំពើពុករលួយក្នុងដំណើរការអនុវត្ត។
គួររំលឹកថា ជុំវិញបញ្ហាកកស្ទះចរាចរណ៍ និងភាពអនាធិបតេយ្យលើទីសាធារណៈ មហាជនបានសម្តែងការខឹងសម្បារ និងអាក់អន់ចិត្តយ៉ាងខ្លាំង និងបានអំពាវនាវឱ្យរដ្ឋបាលរាជធានីភ្នំពេញ ព្រមទាំងអាជ្ញាធរខណ្ឌទាំងអស់ឈប់ប្រើប្រាស់វិធានការក្តៅ និងអនុវត្តច្បាប់ឱ្យមានស្ដង់ដាតែមួយ ដោយយកគំរូតាមការអនុវត្តរបស់លោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ ដើម្បីប្រគល់ចិញ្ចើមផ្លូវ និងចំណែកផ្លូវដល់អ្នកថ្មើជើង និងអ្នកធ្វើដំណើរតាមយានយន្តផ្សេងៗ ជាពិសេសស្តារកិត្តិយស និងមុខមាត់រាជធានីភ្នំពេញឡើងវិញ៕
អត្ថបទ៖ ជា ម៉ារ៉ា