អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា អះអាងថា សៀវភៅនេះត្រូវបានបោះពុម្ពឡើងក្នុងគោលបំណងដើម្បីឱ្យសាធារណជនទាំងជាតិ និងអន្តរជាតិបានយល់ដឹងកាន់តែច្បាស់អំពីសារសំខាន់មួយចំនួនទាក់ទងនឹងសមាគមឧកញ៉ាកម្ពុជា។ ក្នុងនោះរួមមាន៖
១.គោរមងារឧកញ៉ា និងប្រវត្តិឧកញ៉ានៅកម្ពុជា
២.ការបង្កើតឡើងនូវសមាគមឧកញ៉ាកម្ពុជា ទស្សនវិស័យ និងបេសកកម្ម
៣.ជីវប្រវត្តិសង្ខេបរបស់សមាជិកស្ថាបនិក និងជាសមាជិក ក្រុម ប្រឹក្សាភិបាលអាណត្តិដំបូង ។ រហូតមកដល់ពាក់កណ្ដាលឆ្នាំ២០២៣ នេះ គោរមងារឧកញ៉ាដែលត្រូវបានប្រោសប្រទានដោយព្រះមហាក្សត្រមានចំនួន ១,២៩៩នាក់ ហើយគ្រប់ៗគ្នាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការងារសង្គម មនុស្សធម៌ និងសេដ្ឋកិច្ចកម្ពុជាតាមរយៈកិច្ចការមួយចំនួនដូចជា៖
- ការលើកកម្ពស់ពាណិជ្ជកម្ម និងការវិនិយោគលើពហុវិស័យដែលបានបង្កើតឱកាសការងារជាច្រើនកន្លែងសម្រាប់ប្រជាពលរដ្ឋខ្មែរ
-ការបង់ពន្ធ និងអាករផ្សេងៗដែលជាប្រភពចំណូលចម្បងរបស់ជាតិ
-ការជំរុញពាណិជ្ជកម្មនិងទាក់ទាញអ្នកវិនិយោគបន្ថែមពីខាងក្រៅប្រទេស
-ចូលរួមសកម្មភាពសង្គម ក៏ដូចជាការងារមនុស្សធម៌នាៗ ។
អ្នកឧកញ៉ា លី យ៉ុងផាត់ជឿជាក់ថា សៀវភៅនេះនឹងចូលរួមផ្តល់ជាទស្សនទាន និងព័ត៌មានថ្មីៗបន្ថែមទៀតអំពីគោរមងារឧកញ៉ា ក៏ដូចជាសមាគមឧកញ៉ាកម្ពុជា ជាពិសេអំពីសមាជិកស្ថាបនិកទាំង ៣២រូប ដែលមានទស្សនវិស័យក្នុងការកៀរគរ អ្នកមានគោរមងារ ឧកញ៉ា នៅកម្ពុជា ឲ្យស្ថិតក្រោមដំបូលសមាគមឧកញ៉ាកម្ពុជាដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាប្រធានកិត្តិយស ដើម្បីរួមគ្នាអនុវត្តនូវកិច្ចការជាច្រើនក្នុងគោលបំណងរក្សា និងបន្តលើកកម្ពស់នូវឧត្តមភាពនៃ គោរមងារឧកញ៉ាក្នុងការចូលរួមអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចកម្ពុជាប្រកបដោយចីរភាព និងបរិយាប័ន្ន ក្រោមដំបូលនៃសុខសន្តិភាព និងការដឹកនាំប្រកបដោយគតិបណ្ឌិត និងទស្សនវិស័យភ្លឺថ្លាវែងឆ្ងាយរបស់រាជរដ្ឋាភិបាលកម្ពុជា ។