សម្ដេចបានបញ្ជាក់បែបនេះ នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ដោយសម្ដេចបានបន្តថា ក្រៅពីតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរី កម្ពុជា ក៏កំពុងរុករករ៉ែមាសនៅកន្លែងច្រើនទៀតផងដែរ។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ពីដំណើរការអាជីវកម្មរុករករ៉ែមាស របស់កម្ពុជា ដែលកំពុងទទួលបានលទ្ធផលយ៉ាងល្អប្រសើរ ជំនួសឲ្យការបរាជ័យនៃអាជីវកម្មប្រេងកាតលើកដំបូងរបស់កម្ពុជានាពេលកន្លងមក។ សម្ដេច ហ៊ុន សែន បានបន្ថែមថា នៅរយៈពេល៩ខែ នៃដំណើរការអាជីវកម្មរ៉ែមាស នៅតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរី កម្ពុជាអាចផលិតបានជាង ២ពាន់២រយគីឡូក្រាម។ ខណៈរ៉ែមាសរបស់កម្ពុជា នៅមានកន្លែងច្រើនទៀត ដែលកំពុងរុករកបន្ដ។
ទោះយ៉ាងណា សម្តេចតេជោ មិនបានបញ្ជាក់ពីចំនួនទឹកប្រាក់ នៃតម្លៃមាសចម្រាញ់បាន និងប្រាក់ចំណូល ដែលរដ្ឋទទួលបានពីឧស្សាហកម្មរ៉ែមាននេះនោះទេ។
បើតាមអគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ ឯកឧត្តម អ៊ឹង ឌីប៉ូឡា ធ្លាប់បានបញ្ជាក់ប្រាប់ខេមបូណូមីសថា គិតចាប់តាំងពីបើកដំណើរការរ៉ែមាសនៅខែមិថុនា រហូតដល់ដំណាច់ឆ្នាំ២០២១ ពោលគឺត្រឹមរយៈពេល៦ខែ កម្ពុជា ទទួលបានចំណូលជាង ១លាន៦៧ម៉ឺនដុល្លារ ពីការចម្រាញ់រ៉ែមាសនៅតំបន់អូរខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី។ ថវិកានេះ ជាចំណូលមិនមែនសារពើពន្ធ តាមរយៈការបង់សួយសាររបស់ក្រុមហ៊ុនរុករករ៉ែមាសរបស់អូស្ត្រាលី រ៉ឺនេសង់ មីនីរ៉ល លីមីតធីតផ្ទាល់តែម្ដង។
បើយើងក្រឡេកមើលតម្លៃហាងឆេងមាស នៅលើទីផ្សារពិភពលោកវិញ នៅថ្ងៃទី ៣១ ខែធ្នូនេះ តម្លៃមាសមានដល់ជាង ១ពាន់៩រយលានដុល្លារអាមេរិក ក្នុងមួយអោន ដែលមានប្រហែលជាង៨ជីមាស។
សូមបញ្ជាក់ថា បើឯកឧត្តម នេត មុន្នី ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្លាប់បានគូសបញ្ជាក់ថា បច្ចុប្បន្ន កម្ពុជា មានក្រុមសរុបចំនួន៧ ក្រុមហ៊ុនដែលទទួលបានអាជ្ញាបណ្ណ រុករករ៉ែមាសនៅកម្ពុជា ពីក្រសួងរ៉ែ និងថាមពល ដែលក្នុងនោះ មានការរុករកនៅតាមបណ្ដាខេត្តដូចជា ខេត្តរតនគិរី មណ្ឌលគិរី ក្រចេះ បាត់ដំបង និងព្រះវិហារ ជាដើម។ ក្នុងចំណោមក្រុមហ៊ុនដែលទទួលបានអាជ្ញាបណ្ណរុករករ៉ែមាសចំនួន៧ គឺមានមានតែក្រុមហ៊ុន រ៉េនេសសង់ ម៉ាញន័ររ៉ល (Renaissance Minerals (Cambodia) Limited) របស់អូស្ត្រាលីតែមួយគត់ ដែលមានការចម្រាញ់រ៉ែមាសលក្ខខណៈឧស្សាហកម្ម ហើយបច្ចុប្បន្ន ក្រុមហ៊ុននេះ ក៏បាននាំចេញមាស ដែលបានចម្រាញ់រួចរាប់រយគីឡូក្រាមទៅកាន់ទីផ្សារក្រៅប្រទេសផងដែរ៕