វិបត្តិ​តម្លៃ​ជ្រូក

រឿងជ្រូក! នៅ​កម្ពុជា គួរដោះស្រាយ​យ៉ាងម៉េច? នៅ​វៀតណាម​គេ​ដោះ​យ៉ាង​ម៉េច?


វិបត្តិ​តម្លៃ​ជ្រូក​រស់​ធ្លាក់​ថ្លៃ​យ៉ាង​គំហុក​​បាន​និងកំពុង​អូសបន្លាយ​ ដោយ​ទំនង​ជា​មិន​ឃើញ​ពន្លឺ​នៃ​ដំណោះស្រាយ​ឆាប់ៗ​ណា​មួយ​នោះឡើយ។ កសិករ​ចិញ្ចឹម​ជ្រូក​ក្នុង​ស្រុក​ស្រែក​អំពាវនាវ​សុំ​ជំនួយ​អន្តរាគមន៍​ពីរដ្ឋាភិបាល ឲ្យ​រឹតត្បិត​ការ​នាំ​ចូល​ជ្រូក​រស់​ពី​ប្រទេស​ជិត​ខាង ព្រោះ​ពួកគេ​ថា ការនាំ​ចូល​ដោយ​គ្មាន​ការត្រួតពិនិត្យ​នេះ​ហើយ នាំ​ឲ្យ​តម្លៃ​ជ្រូក​ធ្លាក់​ថ្លៃខ្លាំង​បែប​នេះ។
ប្រជាពលរដ្ឋ​អ្នក​ចិញ្ចឹម​ជ្រូក។ រូបភាព៖ ហ្វេសប៊ុក​ក្រសួង​កសិកម្ម
ដោយ

យោងតាម​កាសែត Khmer Times តម្លៃ​សាច់ជ្រូក​បន្ត​ធ្លាក់​ចុះ​មក​ដល់ត្រឹមតែ​ ១,៣៥​ដុល្លារ​ ស្មើ​នឹង​ប្រមាណ ៥៤០០​រៀល​ក្នុង​មួយ​គីឡូក្រាម គឺ​ទាប​ជាង​ថ្លៃ​ដើម​ផលិត​ដែល​ស្មើ​នឹង ១,៧៥​ដុល្លារ​ក្នុង​មួយ​គីឡូក្រាម។ 

ជុំវិញ​បញ្ហា​នេះ សារព័ត៌មាន ខេមបូណូមីស បាន​ជួប​សម្ភាស​ជាមួយ​អ្នក​ជំនាញ​ផ្នែក​សេដ្ឋកិច្ច ក៏ដូច​ជា​អ្នក​តាមដាន​បញ្ហា​សង្គម​និង​សេដ្ឋកិច្ច​ ៣ រូប​ ដែល​សាកសួរ​អំពី​ថាតើ​រដ្ឋាភិបាល​កម្ពុជា ជាពិសេស ក្រសួង​ពាក់ព័ន្ធ គួរដោះស្រាយ​បញ្ហា​ជ្រូក​ក្នុង​ស្រុក​ធ្លាក់​ថ្លៃ​នេះ​យ៉ាង​ដូចម្ដេច។

លោក ង៉ែត ជូ ទីប្រឹក្សា​ជាន់​ខ្ពស់​ផ្នែក​សេដ្ឋកិច្ច​នៃ​ក្រុមហ៊ុន​ស្រាវជ្រាវ EMC។

លោក ង៉ែត ជូ ជា​ទីប្រឹក្សា​ជាន់ខ្ពស់​ផ្នែក​សេដ្ឋកិច្ច​ នៃ​ក្រុមហ៊ុន​ស្រាវជ្រាវ EMC បាន​ធ្វើ​អត្ថាធិប្បាយ​អំពី​បញ្ហា​ជ្រូក​ធ្លាក់​ថ្លៃ ដូច​តទៅ៖

កត្តា​គន្លឹះ​ដែល​ធ្វើ​ឲ្យ​ការ​ចិញ្ចឹម​ជ្រូក​របស់​កសិករ​ខ្មែរ​មិន​អាច​ប្រគួត​ប្រជែង​នឹង​កសិករ​វៀតណាម​បាន គឺ​ថ្លៃ​ដើម​ក្នុង​ការ​ចិញ្ចឹម​ខ្ពស់ ខ្វះ​បច្ចេកទេស​សមស្រប។ ដូច្នេះ រដ្ឋាភិបាល​គួរ​លើក​កម្ពស់​វិស័យ​នេះ​តាម​រយៈ​ការ​​កាត់​បន្ថយ​ថ្លៃ​ដើម​ដោយ​មាន​ការ​អនុគ្រោះ​និង​លើក​ទឹក​ចិត្ត​ដល់​ក្រុមហ៊ុន​ផលិត​ចំណី​សត្វ និង​ថ្នាំ​ដូចជា វ៉ាក់សាំង​ជាដើម។ បន្ថែម​លើ​នេះ ក្រសួង​កសិកម្ម​ត្រូវ​មាន​​​មន្រ្តី​ពេទ្យ​សត្វ​ចុះ​ដល់​មូលដ្ឋាន​ដើម្បី​អប់រំ​កសិករ​ពីបច្ចេកទេស​ចិញ្ចឹម​សមស្រប។

ការ​ទប់​ស្កាត់​ការ​នាំចូល​ជ្រូក​​ពី​បរទេស​ដោយ​មិន​មាន​ការ​ត្រួត​ពិនិត្យ​ច្បាស់​លាស់​ក៏​ជា​យន្តការ​ចាំបាច់​មួយ​ទៀត​ដើម្បី​លើក​កម្ពស់​ការ​ចិញ្ចឹម​ជ្រូក​ក្នុង​ស្រុក និង​ជៀសវាង​នូវ​ជំងឺ​ឆ្លង​នានា។


លោក យ៉ង់ ប៉ាក់ អ្នក​តាមដាន​សង្គម និង​សេដ្ឋកិច្ច​នៅ​កម្ពុជា។

លោក យ៉ង់ ប៉ាក់ ជា​អ្នក​តាម​ដាន​សង្គម​និងសេដ្ឋកិច្ច​មួយ ដែល​​​មាន​បទពិសោធន៍​ធ្វើការងារ​ជាមួយ​វិស័យ​ឯកជន និង​អង្គការ​ក្រៅ​រដ្ឋាភិបាល លើ​ផ្នែក​កសិកម្ម​និង​សេដ្ឋកិច្ច។ លោក​បាន​ចែករំលែក​យោបល់​របស់​លោក​ដូច​តទៅ៖ 

សម្រាប់​រយៈពេលខ្លី ដើម្បី​ជួយ​កសិករ​ចិញ្ចឹម​ជ្រូក​ក្នុង​ស្រុក រដ្ឋាភិបាល​ត្រូវតែ​បិទ/បញ្ឈប់​ការនាំ​ចូល​ជ្រូក​ចូល​កម្ពុជា​ជាបណ្ដោះអាសន្ន ដើម្បី​ទុក​ពេល​ឲ្យ​អ្នក​ចិញ្ចឹម​ជ្រូក​អាច​បន្ត​អាជីវកម្ម​របស់​ខ្លួន រហូត​ទាល់តែ​យើង​​អាច​ដោះស្រាយ​បញ្ហា​ផ្ទៃ​ក្នុង​បានសិន។ 

សម្រាប់​រយៈពេលវែង៖ ១) បង្កើត​គោលនយោបាយ​លើក​ទឹកចិត្ត​ដល់​ផលិតផល​ក្នុងស្រុក។ គោលនយោបាយ​នេះ រួមមាន​ដូចជា ដំឡើង​ពន្ធ​នាំ​ចូល​លើ​ផលិតផល​ដែល​យើង​អាច​ផលិត​ក្នុងស្រុក​បាន​ដូចជា ជ្រូក ជាដើម។

២) បង្កើត​គោល​នយោបាយ​លុប​បំបាត់​អំពើ​ពុករលួយ​នៅ​ច្រក​ព្រំដែន តាមរយៈ​ការប្រើប្រាស់​ប្រព័ន្ធ​អេឡិចត្រូនិក។ ប្រព័ន្ធ​នេះ​ គួររៀនសូត្របទ​ពិសោធន៍​ពី​ប្រទេស​ចិន និង​ថៃ។ 

៣) លើក​ទឹកចិត្ត​ដល់​ការបង្កើត​សមាគម​ផលិតផល​កសិកម្ម​ក្នុង​ស្រុក ដើម្បី​ផ្ដល់​ជំនួយ​ធ្វើ​យ៉ាង​ណា​កាត់​បន្ថយ​ថ្លៃ​ដើម​ផលិត បង្កើន​គុណភាព​និង​បរិមាណ ព្រមទាំង​បង្កើត​និង​ស្វែងរក​ទីផ្សារ​ទាំងក្នុង​ស្រុក និង​ក្រៅ​ស្រុក។ 

៤) បង្កើត​​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​ឌីជីថល និង​ប្រព័ន្ធ​សេដ្ឋកិច្ច​ឌីជីថល សម្រាប់​ផ្សារ​​ភ្ជាប់​អ្នកពាក់ព័ន្ធ​ទាំងអស់​ជាមួយ​គ្នា ដើម្បីជួយ​គាំទ្រ​ដល់​ឧស្សាហកម្ម​ចិញ្ចឹម​ជ្រូក។


លោក ច័ន្ទ សុផល អ្នកវិភាគសេដ្ឋកិច្ច និង​នាយក​មជ្ឈមណ្ឌល​សិក្សា​គោល​នយោបាយ។

លោក ច័ន្ទ សុផល ជាអ្នកស្រាវជ្រាវផ្នែក​សេដ្ឋកិច្ច និង​ជាប្រធាន​មជ្ឈមណ្ឌល​សិក្សា​គោល​នយោបាយ៖ 

វិធានការ​​ចំពោះ​​មុខ ​រួម​មាន ​ការ​អនុវត្ត​​ឱ្យ​​បាន​​ច្បាស់​​លាស់​​​ចំពោះ​​កូតា​​នាំ​​ជ្រូក​​ចូល​ ការ​ចេញ​អាជ្ញា​ប័ណ្ណ​នាំ​ចូល​ និង​ការយក​ពន្ធ​លើជ្រូក​នាំ​ចូល​។​ នៅ​តាម​ទីផ្សារ​ គួរមាន​ការ​បញ្ជាក់​ព័ត៌មាន​ច្បាស់​លាស់​ថា​តើ​សាច់​ជ្រូក​​ដែល​ដាក់​លក់​ផលិត​នៅ​ប្រទេស​ណា។​ 

ចំពោះ​ការ​គ្រប់គ្រង​ពាណិជ្ជកម្ម​ជ្រូក​ក្នុង​ស្រុក​ ការ​គ្រប់គ្រង​កន្លែង​សត្តឃាដ និង​​លក់​​សាច់​ជ្រូក​ក្នុង​ស្រុក​ គួរទទួល​បាន​ការ​ជួយ​សម្រួល​ថែមទៀត​ដោយ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ ដើម្បី​ធ្វើ​ឱ្យ​សាច់ជ្រូក​ក្នុង​ស្រុក​មាន​ចរន្ត​​ទីផ្សារ​ល្អ​ និង​អ្នក​ចិញ្ចឹម​ទទួល​បាន​ថ្លៃ​ខ្ពស់​ជាង​មុន។​ 

សម្រាប់​រយៈពេល​វែង​ ខ្ញុំយល់​ថា​រដ្ឋាភិបាល​គួរ​លើក​ទឹកចិត្ត​ដល់ការ​វិនិយោគ​ក្នុង​ការ​ផលិត​ចំណី​សត្វ​ និង​ការ​ចិញ្ចឹម​សត្វ​ ដោយ​លើស​កំពស់​ការ​ចិញ្ចឹម​សត្វ​បែប​ទំនើប​ ដែល​ត្រូវ​មាន​ទុន​ ​អគ្គិសនី​ ទំហំ​​មធ្យម​​ឡើង​​ទៅ​ និង​បច្ចេកទេស​ច្បាស់លាស់​។​ ខ្មែរ​យើង​មាន​សក្តានុពល​ក្នុង​ការ​ផលិត​ចំណី​សត្វ​ក្នុង​តម្លៃ​សមរម្យ​ ដោយ​សារ​យើង​មាន​វត្ថុ​ធាតុ​ដើម​ច្រើន​ ដូចជា​ កន្ទក់​ ពោត​ សណ្ដែក​  ដំឡូង​  និង​កូន​ត្រី​ ​ដែល​គេ​នាំ​ចេញ​ច្រើន​ក្នុង​មួយ​ឆ្នាំ​ៗ។


វៀតណាម​ក៏មាន​វិបត្តិ​តម្លៃ​ជ្រូក​ដែរ។ តើគេ​ដោះស្រាយ​យ៉ាង​ម៉េច?

ដោយ​ឡែក​ នៅ​ប្រទេស​វៀតណាម​ក្បែរ​ខាង​កម្ពុជា វិបត្តិ​ជ្រូក​រស់​ធ្លាក់​ថ្លៃ​យ៉ាង​គំហុក​កើត​មាន​តាំង​ពី​ខែមករា ដើមឆ្នាំ​២០១៧​មក​ម្ល៉េះ នៅ​ពេលចិន​ដែល​ជាប្រទេស​ទទួលទាន​សាច់​ជ្រូក​ច្រើន​ជាង​គេ​លើ​ពិភព​លោក​បិទការ​នាំ​ចូល​ជ្រូក​ពី​វៀតណាម និង​ប្រទេស​ផ្សេងទៀត។ 

ជាវិធានការ​ដោះស្រាយ​ចំពោះ​មុខ រដ្ឋាភិបាល​វៀតណាម​បើក​យុទ្ធនាការ​អំពាវនាវ​ឲ្យ​ប្រជាជន​ទិញ​និង​ទទួល​ទាន​សាច់ជ្រូក​ក្នុង​ស្រុក​ឲ្យ​បាន​ច្រើន​តាមដែល​អាច​ធ្វើ​ទៅបាន។ នគរបាល កងទ័ព និង​សហជីព​កម្មករ​​និយោជិត​ទាំងអស់​នៅ​ក្នុង​ប្រទេស​វៀតណាម ត្រូវ​បាន​លើក​ទឹកចិត្ត​ឲ្យ​ដាក់​បញ្ចូល​សាច់ជ្រូក​នៅ​ក្នុង​មុខ​ម្ហូបប្រចាំ​ថ្ងៃ​នៅ​តាម​កង់ទីន​អាហារ​របស់​ពួកគេ។

នាយករដ្ឋមន្ត្រី​វៀតណាម​បាន​បញ្ជា​ឲ្យ​ក្រសួង​ពាក់ព័ន្ធ​​ពិនិត្យ​ឡើងវិញ​ទៅ​លើ​ផែនការ​ផលិតកម្ម​និង​ចែកចាយ ដើម្បី​ជៀសវាង​ការ​ផលិត​លើស​ការផ្គត់ផ្គង់​នៅ​ពេល​អនាគត។ ទន្ទឹម​នឹង​នេះ ក្រសួង​កសិកម្ម​វៀតណាម​បើក​កិច្ច​ប្រឹងប្រែង​បញ្ចុះ​បញ្ចូល​រដ្ឋាភិបាល​ចិន ដើម្បី​បង្កើនការនាំចេញជ្រូក​ទៅ​ចិន និងទីផ្សារ​ដទៃ​ទៀត។ 

វៀតណាម​ជា​ប្រទេស​ផលិត​សាច់​ជ្រូក​ធំ​ជាង​គេ​បំផុត​ទី៦ នៅ​លើ​ពិភព​លោក ដោយ​មាន​កសិករ​វៀតណាម​ប្រហែល ៣លាន​គ្រួសារចិញ្ចឹមជ្រូក​ជា​លក្ខណៈគ្រួសារ។ ឆ្នាំ​២០១៦ ទិន្នផល​សាច់ជ្រូក​វៀតណាម​មាន​ចំនួន ៣,៩លាន​តោន កើន​ឡើង​បី​ដង​បើ​ធៀប​នឹង​កាល​ពី​១៥ឆ្នាំ​មុន៕

None



អត្ថបទបន្ទាប់


ការស្រាវជ្រាវថ្មី៖ ទទួល​ទាន​កាហ្វេ​ច្រើន​នាំ​ឲ្យ​អាយុវែង!

ប្រសិន​បើ​លោក​អ្នក​ចូលចិត្ត​ទទួល​ទាន​កាហ្វេ​ អត្ថបទ​នេះ​ជា​ដំណឹង​ល្អ​សម្រាប់​លោក​អ្នក។ ឥឡូវ​នេះ ការសិក្សា​ស្រាវជ្រាវ​ថ្មី​បញ្ជាក់​ថា ការ​…

អ្នក​ចិញ្ចឹម​ក្រពើ​យក​កូន​លក់ ត្អូញត្អែរ​រឿង​តម្លៃ​ធ្លាក់​ចុះ​ខ្លាំង

ប្រជាពលរដ្ឋ​ជា​អ្នក​ប្រកប​អាជីវកម្មចិញ្ចឹម​ក្រពើ​យក​កូន​លក់ នៅ​ខេត្ត​បាត់ដំបង​និង​នៅ​ខេត្ត​សៀមរាប អំពាវនាវ​សុំ​អន្តរាគមន៍​ពី​រដ្ឋាភិបាល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ