វិធីសាស្ត្ររបស់ជប៉ុនដើម្បីដោះបំណុលដែលកម្ពុជាជំពាក់

សម្ដេច ហ៊ុន សែន ស្នើឲ្យប្រទេសម្ចាស់បំណុលនានាប្រើវិធីសាស្ត្ររបស់ជប៉ុន ដើម្បីដោះបំណុលដែលកម្ពុជាជំពាក់


សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្តី្រនៃកម្ពុជា បានអះអាងថា ប្រទេសជប៉ុនបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការស្វែងរកសន្តិភាពនៅកម្ពុជា និងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការនាំមុខអភិវឌ្ឍនៅកម្ពុជា ក្នុងការផ្ដល់ជំនួយឥតសំណង និងប្រាក់កម្ចី ជាដើម។ បើទោះជាបែបនេះក្ដី ដើម្បីទទួលបានកម្ចីពីជប៉ុនថ្មីៗបន្ថែម ទាល់តែកម្ពុជា បានដោះបំណុលចាស់ពីមុនឲ្យបានរួចរាល់សិន ហើយកន្លងមកកម្ពុជា មានវិធីសាស្ត្រល្អសម្រាប់ការទូទាត់សងបំណុលទៅកាន់ប្រទេសជប៉ុន។
សម្ដេច ហ៊ុន សែន ស្នើឲ្យប្រទេសម្ចាស់បំណុលនានាប្រើវិធីសាស្ត្ររបស់ជប៉ុន ដើម្បីដោះបំណុលដែលកម្ពុជាជំពាក់

ត្រង់ចំណុចនេះ សម្ដេច ហ៊ុន សែន ក៏បានស្នើឲ្យបណ្ដាប្រទេសម្ចាស់បំណុលនានាគួរប្រើវិធីសាស្រ្តដូចប្រទេសជប៉ុន ដើម្បីដោះបំណុលដែលកម្ពុជាបានជំពាក់។

ថ្លែងនៅក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៧ នៃទិវាពលកកម្មអន្តរជាតិ១ឧសភា និងពិធីបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រ នៅខេត្តព្រះសីហនុ និងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងជប៉ុន នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ពីទំនាក់ទំនងនៃការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងជប៉ុន ពិសេសការចូលរួមរបស់ជប៉ុន ក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចនៅកម្ពុជា តាមរយៈការផ្ដល់ជំនួយឥតសំណង ប្រាក់កម្ចី និងការជួយសម្រួលការដោះបំណុលដែលកម្ពុជាជំពាក់ជប៉ុនជាដើម។
បើតាមសម្ដេច ហ៊ុន សែន វិធីសាស្រ្តក្នុងការដោះបំណុលដែលកម្ពុជាបានជំពាក់ជប៉ុននោះ គឺជប៉ុនបានផ្ដល់ទំនិញមួយចំនួនសម្រាប់លក់នៅកម្ពុជា ដើម្បីឲ្យកម្ពុជាមានលទ្ធភាពសងបំណុលទៅជប៉ុនវិញ។ សម្ដេចបានថ្លែងអំណរគុណដល់ប្រទេសជប៉ុន ដែលមានវិធីដោះបំណុលយ៉ាងល្អដល់កម្ពុជា ដែលប្រទេសផ្សេងៗ អាចយកធ្វើជាគំរូបាន។
ដោយឡែក ជុំវិញទំហំពាណិជ្ជកម្មទ្វេរភាគីកម្ពុជា-ជប៉ុន ត្រូវបានសម្ដេច ហ៊ុន សែន គូសបញ្ជាក់ថា កាន់តែស៊ីជម្រៅ និងរីកចម្រើនគួរឲ្យកត់សម្គាល់។ ជាក់ស្ដែង បើតាមរបាយការណ៍ដែលបង្ហាញដោយសម្ដេច ហ៊ុន សែន ទំហំពាណិជ្ជកម្មរវាងកម្ពុជា-ជប៉ុន នៅឆ្នាំ២០២២ កន្លងទៅ បានឡើងដល់ជិត ២ពាន់លានដុល្លារ ដោយក្នុងនោះ កម្ពុជាបាននាំចេញទៅជប៉ុន ក្នុងទំហំទឹកប្រាក់ជាង ១ពាន់លានដុល្លារ និងជប៉ុននាំចូលមកកម្ពុជាវិញ មានទំហំទឹកប្រាក់ជាង ៧០០លានដុល្លារ។ សម្ដេចបានបង្ហាញក្ដីរំពឹងថា ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា-ជប៉ុន នឹងកាន់តែល្អប្រសើរ ជាពិសេសការនាំចេញរបស់កម្ពុជា ទៅកាន់ទីផ្សារជប៉ុនកាន់តែកើនឡើងថែមទៀត ខណៈប្រទេសទាំងពីរ គឺជាសមាជិកនៃកិច្ចព្រមព្រៀង RCEP។
សូមបញ្ជាក់ថា ប្រទេសកម្ពុជា និងជប៉ុន ថ្មីៗនេះ ក៏ទើបតែដំឡើងកម្រិតទំនាក់ទំនងទ្វេភាគី ពីដៃគូយុទ្ធសាស្ត្រ មកជា ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ផងដែរ ដោយការប្រកាសពីកម្រិតទំនាក់ទំនងថ្មីនេះ បានធ្វើឡើងនៅក្នុងជំនួបទ្វេភាគីរវាងប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងជប៉ុន នៅក្រៅកិច្ចប្រជុំអាស៊ាន ដែលបានធ្វើឡើងកាលពីខែវិច្ឆិកា កន្លងទៅ ហើយវានឹងក្លាយជាកត្តាលីករសម្រាប់កម្ពុជាក្នុងការស្រូបទាញការវិនិយោគ ពាណិជ្ជកម្មពីប្រទេសជប៉ុនកាន់តែច្រើនបន្ថែមទៀត នាពេលអនាគត។ នៅរយៈពេល ៣០ឆ្នាំ នៃទំនាក់ទំនងសេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា-ជប៉ុន មានការរីកចម្រើនឥតឈប់ឈរ ពោលចាប់ពីឆ្នាំ១៩៩៤ រហូតមកដល់ ខែកក្កដា ឆ្នាំ២០២២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងក្រុមហ៊ុនជប៉ុនវិនិយោគនៅកម្ពុជាសរុបចំនួន ១៤៨គម្រោង ដែលមានទុនវិនិយោគសរុបជិត ៣ពាន់លានដុល្លារអាមេរិក៕




អត្ថបទបន្ទាប់


តើរដ្ឋមន្ត្រីក្រុមប្រទេស G7 ព្រមព្រៀងគ្នាលើគោលការណ៍អ្វីខ្លះ ដើម្បីគ្រប់គ្រងបញ្ញាសិប្បនិមិត្ត និងបច្ចេកវិទ្យាកំពុងតែរីកចម្រើន?

ព័ត៌មាន
រដ្ឋមន្ត្រីមកពីក្រុមប្រទេសឧស្សាហកម្មជឿនលឿនទាំង៧ ឬហៅថា G7 បានព្រមព្រៀងគ្នាកាលពីថ្ងៃសៅរ៍ទី២៩ ខែមេសាលើគោលការណ៍ចំនួន ៥ សម្រាប់ការអភិវឌ្ឍទម្រង់…

តើការដេញថ្លៃលក់ធនាគារ First Republic នឹងឈានទៅសម្រេចបានកិច្ចព្រមព្រៀងដែរ ឬយ៉ាងណា?

ព័ត៌មាន
ប្រភពនានាបានឱ្យដឹងថា ក្រុមនិយ័តករធនាគារសហរដ្ឋអាមេរិក កំពុងព្យាយាមជួយលក់ធនាគារ ហ្វើស រីផាប់ប្លឺក (First Republic) អំឡុងចុងសប្តាហ៍កន្លង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ