ឯកឧត្តម ឌិត ទីណា បច្ចុប្បន្នជារដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល ត្រូវបានសម្តេចតេជោ ហ៊ុន សែន ជ្រើសរើសសម្រាប់មកកាន់មុខតំណែងរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជំនួស ឯកឧត្តម វេង សាខុន ដែលទើបត្រូវបានបញ្ចប់តួនាទី កាលពីថ្ងៃទី ៨ ខែតុលា។
បើតាមលិខិតរបស់រាជរដ្ឋាភិបាល ផ្ញើជូនទៅកាន់ប្រធានរដ្ឋសភាកាលពីថ្ងៃទី ៨ ខែតុលា បានបញ្ជាក់ថា យោងតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី ដែលត្រូវប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ព្រមទាំងព្រះរាជក្រឹត្យលេខ នស/រកត/០៨១៨/៨៦២ ចុះថ្ងៃទី ១៧ ខែ សីហា ឆ្នាំ ២០១៨ ស្តីពីការចាត់តាំងនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងដោយយោងតាម តម្រូវការចាំបាច់របស់រាជរដ្ឋាភិបាល ក្នុងនាមជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានស្នើសម្តេចប្រធានរដ្ឋសភា មេត្តាអនុញ្ញាតរៀបចំការបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តរបស់រដ្ឋសភា លើការបំពេញបន្ថែមសមាសភាពសមាជិកនៃរាជរដ្ឋាភិបាលដល់ ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
គួរបញ្ជាក់ថា ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់បញ្ចប់តំណែងឯកឧត្តម វេង សាខុន ពីរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ខណៈដែលកន្លងមក អតីតរដ្ឋមន្ត្រីក្រសួងកសិកម្មរូបនេះ ធ្លាប់ត្រូវបានរងការស្ដីបន្ទោសខ្លាំងពីសំណាក់សម្តេចតេជោ ហ៊ុន សែនថា ជារដ្ឋមន្ត្រីមិនមានការសហការជាមួយនឹងក្រសួងផ្សេងៗ និងជារដ្ឋមន្ត្រីជិះសេះមើលផ្កា ជាដើម។
បច្ចុប្បន្ន ក្នុងអំឡុងពេលរដ្ឋមន្ត្រីក្រសួងកសិកម្មថ្មីមិនទាន់ចូលមកកាន់តំណែង រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យអូន ព័ន្ធមុន្នីរ័ត្ន ត្រូវបានចាត់តាំងជាង រដ្ឋមន្ត្រីស្ដីទីនៃក្រសួងកសិកម្ម៕