ឯកឧត្តម សូ ម៉ារ៉ា រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា គណៈប្រតិភូក្រសួងទេសចរណ៍ រួមជាមួយនឹងក្រុមហ៊ុនទេសចរណ៍កម្ពុជាចំនួន ២២ក្រុមហ៊ុន ធ្វើដំណើទៅប្រទេសអាល្លឺម៉ង់ នាថ្ងៃទី២ ខែមីនា ដើម្បីចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិ ITB នៅក្រុងប៊ែរឡាំង។ បើតាមមន្រ្តីជាន់ខ្ពស់រូបនេះ ការចូលរួមរបស់ក្រុមហ៊ុនទេសចរណ៍កម្ពុជា នាឆ្នាំនេះ មានការកើនឡើងជាងបណ្ដាឆ្នាំកន្លងទៅ ដែលនេះបង្ហាញឱ្យឃើញថា ការចូលរួមរបស់វិស័យឯកជនមានភាពផុសផុលខ្លាំង។ ទន្ទឹមគ្នានេះ ឯកឧត្តម សូ ម៉ារ៉ា បានអះអាងថា ការចូលរួមរបស់ប្រតិភូទេសចរណ៍ទៅប្រទេសអាល្លឺម៉ង់លើកនេះ មិនមែនជាការដាក់តាំងពិព័រណ៍ទេសចរណ៍នោះទេ ប៉ុន្តែទៅដើម្បីចុះហត្ថលេខាលក់កញ្ចប់ទេសចរណ៍តែម្ដង។
គូសបញ្ជាក់ថា កម្ពុជាទើបទទួលបានពានរង្វាន់ជាប្រទេសដែលមានគោលដៅទេសចរណ៍វប្បធម៌ឈានមុខគេបំផុតនៅតំបន់អាស៊ីក្នុងឆ្នាំ២០២៣ ពីស្ថាប័ន World Travel Award។ នេះក៏ជាឆ្នាំទី២ដែរ ដែលកម្ពុជាទទួលបានពានរង្វាន់នេះ ដោយមាន៦ប្រទេសផ្សេងទៀត ឈរនៅពីក្រោយកម្ពុជា រួមមាន ឥណ្ឌា ជប៉ុន នេប៉ាល់ ស្រីលង្កា ថៃ និងវៀតណាម។ នៅពេញមួយឆ្នាំ២០២៣ កន្លងទៅនេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ប្រមាណជាង៥លាន ៥សែននាក់ កើនឡើងជិត១៥០% បើធៀបនឹងឆ្នាំ២០២២ និងថយចុះប្រមាណជិត២០% បើធៀបនឹងមុនមានវិវបត្តិកូវីដ-១៩។ ទន្ទឹមនេះ កម្ពុជាទទួលបានចំណូលពីភ្ញៀវទេសចរអន្តរជាតិ បានជាង៣ពាន់លានដុល្លារ កើនឡើងជិត១១៨% បើធៀបនឹងឆ្នាំ២០២២។នេះបើតាមទិន្នន័យពីក្រសួងទេសចរណ៍៕
អត្ថបទ៖ បូ ដូឡា