យោងតាមរបាយការណ៍ដែលបង្ហាញដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបង្ហាញថា ក្រោយពីបានដំឡើងប្រាក់ឈ្នួលអប្បបរមាដល់កម្មករក្នុងវិស័យកាត់ដេរដល់ ២០០ដុល្លារក្នុងមួយខែ បានធ្វើឲ្យប្រទេសកម្ពុជា បានឈរលេខ៤ស្ទួនគ្នាជាមួយនឹងប្រទេសវៀតណាម ក្នុងចំណោមប្រទេសអាស៊ានដែលមានការដំឡើងប្រាក់ឈ្នួលអប្បបរមាដល់កម្មករខ្ពស់ជាងគេ។ ដោយឡែក ប្រទេសដែលនាំមុខកម្ពុជារួមមាន ប្រទេសម៉ាឡេស៊ី ស្ថិតក្នុងចំណាត់ថ្នាក់លេខ១ ដែលផ្ដល់ប្រាក់ឈ្នួលអប្បបរមាខ្ពស់ជាងគេសម្រាប់កម្មករនិយោជិតក្នុងវិស័យកាត់ដេរ រហូតចំនួន ៣២៣ដុល្លារ ក្នុង១ខែ បន្ទាប់មកប្រទេសឥណ្ឌូនេស៊ី បានផ្ដល់ប្រាក់ឈ្នួលអប្បបរមាចំនួន ២៩២ដុល្លារ ក្នុង១ខែ និងប្រទេសថៃ ផ្ដល់ជូនចំនួន ២៤៣ដុល្លារ ក្នុង១ខែ។
យ៉ាងណាមិញ ជុំវិញស្ថានភាពនៃវិស័យកាត់ដេរកម្ពុជា នាពេលបច្ចុប្បន្ន ត្រូវបានឯកឧត្តម ហេង សួរ រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កត់សម្គាល់នៅក្នុងសន្និសីទសារព័ត៌មានស្ដីពី«សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ» នាថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ ថា បញ្ហាវិបត្តិកូវីដ១៩ លែងក្លាយជាបញ្ហាប្រឈមហើយសម្រាប់វិស័យកាត់ដេរនៅកម្ពុជា ក៏ប៉ុន្តែ បញ្ហាដែលបណ្ដាលមកពីឥទ្ធិពលនៃសង្រ្គាមរបស់រុស្សី និងអ៊ុយក្រែន ជាពិសេសការកើនឡើងនៃអតិផរណាលើពិភពលោក កំពុងបង្កជាបញ្ហាប្រឈមខ្លាំងសម្រាប់វិស័យនេះ។
បើតាមឯកឧត្តម ហេង សួរ វិស័យកាត់ដេរ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការផ្ដល់ការងារយ៉ាងច្រើនជូនប្រជាពលរដ្ឋកម្ពុជា ដោយលោកបានពន្យល់ទៀតថា បើទោះពិភពលោកបានជួបប្រទះនូវវិបត្តិជាច្រើន តែរាជរដ្ឋាភិបាលនៅតែបន្តលើកសម្ពស់វិស័យកាត់ដេរនៅកម្ពុជា តាមរយៈការគិតគូផ្ដល់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិត ក្នុងវិស័យនេះ ទៅតាមអ្វីដែលអាចធ្វើទៅបាន។ ទោះយ៉ាងណា ដោយសារតែការកើនឡើងនៃអតិផរណា ដែលបណ្ដាលមកពីសង្រ្គាម និងការទណ្ឌកម្មហួសកម្រិត របស់សហគមន៍អឺរ៉ុប ទៅលើប្រទេសរុស្សី ក៏បានជះឥទ្ធិពលខ្លះដែរដល់វិស័យកាត់ដេរនៅកម្ពុជា ដែលធ្វើឲ្យការនាំចេញផលិតផលកាត់ដេរថយចុះ នៅរយៈពេល ៩ខែ ក្នុងឆ្នាំ២០២២នេះ ព្រោះតែមានការកាត់បន្ថយនូវការបញ្ជាទិញពីសហគមន៍អឺរ៉ុប។
ក៏ប៉ុន្តែ បើទោះជាបែបនេះក្ដី មន្រ្តីជាន់ខ្ពស់របស់ក្រសួងការងាររូបនេះ ក៏បានអះអាងទៀតថា វិស័យកាត់ដេរនឹងនៅតែមានភាពរឹងមាំ តាមរយៈការជួបពិភាក្សាគ្នា កន្លងមក រវាងបណ្ដាក្រុមអ្នកអ្នកបញ្ជាទិញ ដោយក្រុមអ្នកបញ្ជាទិញសន្យាថា ខ្លួននឹងជំរុញការបញ្ជាទិញផលិតផលកាត់ដេររបស់កម្ពុជា។
សូមបញ្ជាក់ថា ក្រុមថ្នាក់ដឹកនាំសមាគមរោងចក្រកាត់ដេរកម្ពុជា និងសមាគមស្បែកជើងកម្ពុជា ថ្មីៗនេះ បានអះអាងប្រាប់ខេមបូណូមីសដែរថា ពួកគេកំពុងបារម្ភអំពីស្ថានភាពធ្លាក់ចុះនៃបញ្ជាទិញផលិតផលពីកម្ពុជានៅឆមាសទី២ ឆ្នាំនេះ ដោយសារតែមានបញ្ហាអតិផរណា ការដំឡើងអត្រាការប្រាក់នៅតំបន់អឺរ៉ុប និងអាមេរិក ដែលជាទីផ្សារធំរបស់កម្ពុជា គួបផ្សំនឹងផលរំខាននៃសង្គ្រាមនៅអ៊ុយក្រែនផងដែរ៕