
កម្ពុជាពិតជាអាចក្លាយទៅជា«ខ្លាសេដ្ឋកិច្ចនៅអាស៊ី» ខណៈដែលកម្ពុជាកំពុងតែបន្តកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍ប្រទេស។
នេះគឺជាការបញ្ជាក់អះអាងពីលោកឧកញ៉ា ចេង ខេង អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ CPL នៅក្នុងយុទ្ធនាការផ្សព្វផ្សាយខួប២០ឆ្នាំនៃដំណើរការអាជីវកម្មក្រុមហ៊ុនអចលនទ្រព្យ ស៊ីភីអិល (CPL)។
លោកឧកញ៉ាបានលើកឡើងថា ឆ្លងតាមបទពិសោធន៍២០ឆ្នាំក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា លោកបានកត់សម្គាល់ឃើញថា វិស័យអចលនទ្រព្យកម្ពុជាមានរីកចម្រើនយ៉ាងខ្លាំ ទាំងកណ្ដាលរាជធានីភ្នំពេញ និង ជាយក្រុងភ្នំពេញក៏មានការអភិវឌ្ឍខ្លាំងផងដែរ។

យ៉ាងណាក៏ដោយ អ្នកជំនាញអចលនទ្រព្យ ឧកញ៉ា ចេង ខេង ទន្ទឹមនឹងការរីកចម្រើននេះ បញ្ហាកកស្ទះចរាចរណ៍ដោយសារកំណើននៃប្រជាជនរស់នៅក្នុងទីក្រុងក៏ជាចំណុចសំខាន់មួយដែលកម្ពុជាគួរគិតគូរដោះស្រាយ ហើយក្នុងនោះលោកឧកញ៉ាបានអះអាងថា ការរៀបចំនិងដាក់ចេញនូវគម្រោងប្លង់មេ គឺជាកិច្ចការសំខាន់បំផុតដែលត្រូវយកចិត្តទុកដាក់សម្រាប់គោលដៅអភិវឌ្ឍន៍ទីក្រុងនាពេលអនាគតប្របកដោយចីរភាព។
គួរបញ្ជាក់ដែរថា គម្រោងស្នើសុំអភិវឌ្ឍន៍វិស័យសំណង់ក្នុងរយៈពេល៤ខែដំបូងដើមឆ្នាំនេះ មានប្រមាណ ១០២០គម្រោង។ ទឹកប្រាក់វិនិយោគមានតម្លៃប្រមាណជាង៤ពាន់លានដុល្លារ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៦ កើនជាង ៤៣ភាគរយ៕