ទោះបីចំនួនភ្ញៀវទេសចរអន្តរជាតិចូលមកកម្សាន្តនៅកម្ពុជាមានការកើនយ៉ាងគំហុកក៏ដោយ តែអ្នកជំនាញក្នុងវិស័យទេសចរណ៍មិនរំពឹងថា វិស័យទេសចរណ៍កម្ពុជាអាចវិលមករកភាពល្អប្រសើរឡើងវិញលឿននោះទេ ដ្បិតថា វិស័យទេសចរណ៍ពិភពលោកនៅតែបន្តរងការគំរាមកំហែងពីវិបត្តិផ្សេងៗ។
កំណើនភ្ញៀវទេសចរអន្តរជាតិចូលមកកម្សាន្តនៅកម្ពុជាមានការកើនឡើងគួរឲ្យកត់សម្គាល់នៅមួយរយៈចុងក្រោយនេះដែលបាននិងកំពុងផ្តល់ក្តីសង្ឃឹមកាន់តែខ្ពស់ដល់អាជីកម្មក្នុងវិស័យទេសចរណ៍ ដែលបានរងផលប៉ះពាល់យ៉ាងដំណំដោយសារវិបត្តិកូវីដ-១៩ នៅប៉ុន្មានឆ្នាំកន្លងមកនេះ។ ជាក់ស្តែងបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ នៅឆមាសទី១ឆ្នាំ២០២៣ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង២លាន៥សែននាក់ មានការកើនឡើងជាង៤០០% បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។ ជាមួយគ្នានេះកម្ពុជាទទួលបានភ្ញៀវទេសចរក្នុងស្រុកជាង១១លាននាក់ក្នុងរយៈពេលដូចគ្នានេះ មានការកើនឡើង៧៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជាកត់សម្គាល់ឃើញថា ចាប់តាំងពីការរីករាលដាលនៃជំងឺកូវីដ១៩ មានភាពធូរស្បើយមក ស្ថានភាពនៃវិស័យទេសចរណ៍កម្ពុជាហាក់មានភាពល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ។ លោកជំទាវបានបន្តថា តាមរយៈភាពល្អប្រសើរនេះបានធ្វើឲ្យក្រសួងទេសចរណ៍រំពឹងថាកម្ពុជានឹងអាចស្រូបទាញភ្ញៀវទេសចរអន្តរជាតិបានដល់ជាង៤លាននាក់នៅពេញមួយឆ្នាំ២០២៣។ សម្រាប់លោកជំទាវ ឆាយ ស៊ីវលីន កំណើនភ្ញៀវទេសចរអន្តរជាតិមកកម្សាន្តនៅកម្ពុជានេះ មិនត្រឹមតែផ្តល់ក្តីសង្ឃឹមដល់ប្រតិបត្តិករ និងធ្វើឱ្យអន្តរវិស័យសេវាកម្មដែលផ្គត់ផ្គង់ឱ្យវិស័យទែសចរណ៍មានការកម្រើកឡើងវិញនោះទេ ថែមទាំងបានចូលរួមចំណែកជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាផងដែរ។
ស្រដៀងគ្នានេះដែរ លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជាកត់សម្គាល់ឃើញថា ស្ថានភាពភ្ញៀវទេសចរអន្តរជាតិដែលចូលមកកម្សាន្តនៅកម្ពុជា ហាក់មានសញ្ញាណកើនឡើងបន្តិចម្តងៗ មិនទាន់ឃើញមានការប្រែប្រួលខ្លាំងគួរឱ្យកត់សម្គាល់នោះទេ។ សម្រាប់អ្នកជំនាញរូបនេះ ស្របពេលដែលស្ថានភាពសេដ្ឋកិច្ចសកលបន្តរងការគំរាមកំហែងពីវិបត្តិធំៗមួយចំនួនពិសេសសង្គ្រាមនៅអ៊ុយក្រែន ចង់ ឬមិនចង់វានឹងអាចធ្វើឲ្យប៉ះពាល់ដល់ការរីកចម្រើននៃវិស័យទេសចរណ៍ពិភពលោក រួមទាំងកម្ពុជាផងដែរ។ បញ្ហានេះបានធ្វើឲ្យអ្នកជំនាញរូបនេះហាក់មិនមានសុទិដ្ឋិនិយមខ្ពស់ទេថា វិស័យទេសចរណ៍កម្ពុជាអាចនឹងវិលមករកភាពល្អប្រសើរឡើងវិញបានលឿននោះទេ ពោលគឺកំណើនក្នុងវិស័យនេះនឹងមានភាពល្អប្រសើរដោយបន្តិចម្តងៗប៉ុណ្ណោះ។
គួរជម្រាបថា ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កាលពីពេលថ្មីនេះបានអះអាងថា នៅពេញមួយឆ្នាំ២០២៣នេះ កម្ពុជារំពឹងថានឹងអាចទទួលទេសចរអន្តរជាតិបានប្រមាណ៤លាន៥សែននាក់ និងទេសចរក្នុងស្រុកប្រមាណ១៦លាននាក់ ដែលចំនួននេះប្រហាក់ប្រហែលនឹងការព្យាករនៅក្នុងផែនទីចង្អុលផ្លូវស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩។ ខណៈនៅពេញមួយឆ្នាំ២០២២ កន្លងទៅ កម្ពុជាទទួលបានទេសចរអន្តរជាតិសរុបជាង ២លាន២សែននាក់ កើនឡើងជាង១០០០% បើធៀបនឹងឆ្នាំ២០២១ និងទទួលបានភ្ញៀវទេសចរជាតិប្រមាណជិត១៤លាននាក់ កើនឡើងជិត២០០%ផងដែរ៕