កម្ពុជាទទួលបានជើងហោះហើរជាង២ម៉ឺនជើង!

កម្ពុជាទទួលបានជើងហោះហើរជាង២ម៉ឺនជើង កើនឡើងជាង១០០% នៅ១០ខែឆ្នាំ២០២២


ការជើងហោះហើរចេញចូលកម្ពុជាមានការកើនឡើងគួរឲ្យកត់សម្គាល់នៅប៉ុន្មានខែកន្លងមកនេះ ពោលគឺបន្ទាប់ពីប្រទេសក្នុងតំបន់ ក៏ដូចជាលើពិភពលោកបើកឲ្យមានការហោះហើរទូលំទូលាយឡើងវិញ។ ជាក់ស្តែងបើតាមការគូសបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់អាកាសចរណ៍ស៊ីវិល កម្ពុជាទទួលបានការហោះហើរជាង២ម៉ឺនជើងនៅ១០ខែឆ្នាំ២០២២ មានការកើនឡើងជាង១០០% បើធៀបនឹងរយៈពេលដូចគ្នា។ ជើងហោះហើរទាំងនេះបាននាំមកជាមួយអ្នកដំណើរជាង១លាន៦សែននាក់ចូលមកកម្ពុជា។
កម្ពុជាទទួលបានជើងហោះហើរជាង២ម៉ឺនជើង

អ្នកជំនាញក្នុងវិស័យទេសចរណ៍កត់សម្គាល់ឃើញថា ទោះបីវិបត្តិកូវីដ-១៩នៅតែបន្ត ហើយស្ថានការណ៍ភូមិសាស្ត្រនយោបាយសកលនៅតែមានភាពតានតឹង ប៉ុន្ដែស្ថានភាពទេសចរណ៍អន្តរជាតិរបស់កម្ពុជានៅតែមានភាពស្ទុះងើបឡើងវិញពីមួយថ្ងៃទៅមួយថ្ងៃ ហើយអ្នកជំនាញរំពឹងថា ចំនួនភ្ញៀវទេសចរអន្តរជាតិនឹងបន្តកើនឡើងខ្លាំងនៅចុងឆ្នាំនេះ។

បន្ទាប់ពីមានការធ្លាក់ចុះអស់រយៈពេលជាច្រើនខែដោយសារការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ វិស័យអាកាសចរណ៍កម្ពុជាបានចាប់ផ្ដើមស្ទុះងើបឡើងវិញជាបណ្ដើរៗហើយ បន្ទាប់ពីប្រទេសជាច្រើនក្នុងតំបន់ និងលើពិភពលោកដកការរឹតដ្បិតលើការហោះហើរនិងបង្កើនជើងហោះហើរឡើងវិញ។ ជាក់ស្តែងបើតាមការគូសបញ្ជាក់របស់ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល កម្ពុជាទទួលបានជើងហោះហើរជាង២ម៉ឺនជើងនៅ១០ខែឆ្នាំនេះ មានការកើនឡើងជាង១ម៉ឺនជើង បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១ ដែលមានតែជាង៨ពាន់ជើងតែប៉ុណ្ណោះ។ នៅពេញមួយខែតុលា កន្លងទៅ កម្ពុជាទទួលបានជើងហោះហើរជាង ៣ពាន់១រយជើង កើនឡើងជាង២០០% បើធៀបនឹងខែតុលា កាលពីឆ្នាំមុន។

កំណើនជើងហោះហើរចេញចូលកម្ពុជានេះ បានជួយឲ្យជំរុញកំណើនចំនួនអ្នកដំណើរចូលមកកម្ពុជាមានការកើនឡើងយ៉ាងគំហុកគំហុកផងដែរ។ ជាក់ស្តែងនៅ១០ខែឆ្នាំនេះ កម្ពុជាទទួលបានអ្នកដំណើរជាង១លាន៦សែននាក់ ខណៈ១០ខែកាលពីឆ្នាំមុនកម្ពុជាទទួលបានអ្នកដំណើរតែជាងជីត២សែននាក់តែប៉ុណ្ណោះ។

ការកើនឡើងជើងហោះហើរនិងចំនួនអ្នកដំណើរចូលមកតាមផ្លូវអាកាសនេះកំពុងបង្ហាញសញ្ញាល្អប្រសើរក្នុងការស្តារវិស័យទេសចរណ៍កម្ពុជា ដែលបានរងការប៉ះទង្គិចយ៉ាងដំណំពីការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩។ លោក ធួន ស៊ីណាន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជាកត់សម្គាល់ឃើញថា បើទោះបីការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ មិនទាន់ផុតរលត់ ហើយវិបត្តិសង្គ្រាមនៅអ៊ុយក្រែន និងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយរវាងប្រទេសមហាអំណាចនៅតែកើតមាន តែវិស័យទេសចរណ៍កម្ពុជានៅតែមានសម្ទុះងើបឡើងល្អប្រសើរពីមួយខែទៅមួយខែ ហើយលោករំពឹងថា ចំនួនភ្ញៀវទេសចរអន្តរជាតិចូលមកកម្ពុជានឹងមានការកើនឡើងខ្លាំងនៅចុងឆ្នាំនេះ។ តែយ៉ាងណា អ្នកជំនាញរូបនេះអះអាងថា វិស័យទេសចរណ៍កម្ពុជានៅស្ថិតក្នុងភាពផុយស្រួយ ដែលគំរាមកំហែង ដោយសារមេរោគរាតត្បាត និងបញ្ហាភាពតានតឹងភូមិសាស្ត្រនយោបាយសកល ក៏ដូចជាសង្គ្រាមនៅអ៊ុយក្រែន។

ស្រដៀងគ្នានេះលោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជាកត់សម្គាល់ឃើញថា ចំនួនភ្ញៀវទេសចរទៅកម្សាន្តនៅតាមគោលដៅទេសចរណ៍ក្នុងខេត្តនានាមានការកើនឡើងគួរឲ្យកត់សម្គាល់នៅមួយរយៈចុងក្រោយ ពិសេសថ្ងៃចុងសប្តាហ៍ និងពិធីបុណ្យនានា។ ជាមួយគ្នានេះ អាជីវកម្មវិស័យទេសចរណ៍ ក៏បានបើកដំណើរការឡើងវិញយ៉ាងច្រើនផងដែរ បន្ទាប់ពីពួកគេបានផ្អាក និងបិទដំណើរការអាជីវកម្មដោយសារវិបត្តិកូវីដ-១៩ កន្លងមក៕




អត្ថបទបន្ទាប់


យុទ្ធនាការ «បុគ្គលល្អឯក» របស់ ABC ត្រឡប់មកវិញដើម្បីអបអរ ដល់បុគ្គលល្អឯកកម្ពុជា ដែលកំណត់ភាពជោគជ័យដោយខ្លួនឯង

កម្មវិធីដ៏អស្ចារ្យរបស់ក្រុមហ៊ុនស្រាបៀរ ABC គឺកម្មវិធី «បុគ្គលល្អឯក» បានត្រឡប់មកវិញហើយ ជាមួយបុគ្គលល្អឯកចំនួន ១០រូប នៅកម្ពុជាមកពីវិស័យ៥ផ្សេ…

មេដឹកនាំកំពូលៗនៅអាស៊ីប៉ាស៊ីហ្វិកផ្តើមជួបប្រជុំគ្នានៅទីក្រុងបាងកកប្រទេសថៃសម្រាប់វេទិកាសេដ្ឋកិច្ចប្រចាំឆ្នាំ

ថ្នាក់ដឹកនាំកំពូលៗ និងមន្ត្រីប្រតិភូមកពីប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកសរុបចំនួន២១ បាននិងកំពុងមកជួបប្រជុំគ្នានៅទីក្រុងបាងកកប្រទេសថៃ ខណ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ