ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)បានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា កម្មវិធីអភិវឌ្ឍន៍ដើម្បីលើកកម្ពស់ការផ្តត់ផ្គង់ទឹកមានសុវត្ថិភាព និងអនាម័យមូលដ្ឋាននៅតំបន់ជនបទនេះ នឹងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការផ្តល់លទ្ធភាពទទួលបានជាសកលនូវការផ្គត់ផ្គង់ទឹក និងសម្ភារៈអនាម័យ ដែលមានការគ្រប់គ្រងប្រកបដោយសុវត្ថិភាពនៅតំបន់ជនបទ និងធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួលបានគ្រឿងបរិក្ខាររក្សាអនាម័យ ដែលគ្រប់គ្រងប្រកបដោយសុវត្ថិភាព រួមជាមួយតម្លៃសមរម្យសម្រាប់សេវាទាំងនោះ។ កម្មវិធីនេះនឹងលើកកម្ពស់ការចូលរួមរបស់វិស័យឯកជន ក្នុងការផ្តល់សេវាផ្គត់ផ្គង់ទឹកមានសុវត្ថិភាព និងមានគោលបំណងធានាភាពធន់នឹងអាកាសធាតុនៃគ្រឿងបរិក្ខារ WASH តាមរយៈការបន្ថែមគំនិតកាន់តែច្រើន អំពីការប្រែប្រួលអាកាសធាតុទៅក្នុងការធ្វើផែនការការរចនា និងការអនុវត្តកម្មវិធី។
លោកស្រី Jyotsana-Varma នាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជាមានប្រសាសន៍ថា កម្មវិធី«គាំទ្រ WASH ដើម្បីទាំងអស់គ្នា» ដោយផ្ដល់អាទិភាពដល់ប្រជាពលរដ្ឋរស់នៅតំបន់ដាច់ស្រយាល និងមានបញ្ចូលកំណែទម្រង់ ដើម្បីពង្រឹងអភិបាលកិច្ចក្នុងការចាត់ចែងបរិក្ខា WASH ដែលគ្រប់គ្រងដោយសហគមន៍ និងពង្រីកវិសាលភាពការធ្វើផែនការរបស់រាជរដ្ឋាភិបាលដើម្បីនិរន្តរភាព និងភាពធន់នឹងអាកាសធាតុ។
បើតាមធនាគារអភិវឌ្ឍន៍អាស៊ី កម្មវិធីនេះរួមបញ្ចូលជំនួយឥតសំណងចំនួន៣លានដុល្លារ ពីមូលនិធិជប៉ុនសម្រាប់វិបុលភាពនិងភាពធន់នៅអាស៊ី និងប៉ាស៊ីហ្វិក ដើម្បីជួយផ្ដល់ហិរញ្ញប្បទានដល់ការពង្រីកបរិក្ខារ WASH នៅក្នុងខេត្តមានប្រជាពលរដ្ឋក្រីក្ររស់នៅទីជនបទដែលប្រឈមមុខខ្លាំងនឹងបញ្ហាទទួលបានការផ្គត់ផ្គង់ទឹកមានសុវត្ថិភាព និងអនាម័យមូលដ្ឋាន។ កម្មវិធីនេះនឹងផ្ដោតសំខាន់លើការជួយដល់ ខេត្តបន្ទាយមានជ័យ បាត់ដំបង កំពង់ស្ពឺ កំពត ក្រចេះ ឧត្តរមានជ័យ ប៉ៃលិន ព្រះវិហារ និង ស្ទឹងត្រែង។ ទន្ទឹមនេះ ជំនួយបច្ចេកទេសចំនួន៦០ម៉ឺនដុល្លារ ដែលផ្តល់ហិរញ្ញប្បទានដោយបរធនបាលភាពជាដៃគូផ្តល់ហិរញ្ញប្បទានអនាម័យ នៃមូលនិធិភាពជាដៃគូផ្តល់ហិរញ្ញប្បទានអនាម័យ នឹងគាំទ្រការពង្រឹងសមត្ថភាពរបស់រាជរដ្ឋាភិបាលក្នុងការធ្វើកំណែទម្រង់វិស័យសំខាន់ៗទាក់ទងនឹងផ្នែកនេះ។
គួរជម្រាបថា នៅក្នុងឆ្នាំ២០២២ លទ្ធភាពទទួលបានការផ្គត់ផ្គង់ទឹកដែលមានការគ្រប់គ្រងប្រកបដោយសុវត្ថិភាពមាន ២៩% នៅទូទាំងប្រទេស និង ២០% ក្នុងតំបន់ជនបទ ខណៈដែលលទ្ធភាពទទួលបានអនាម័យមូលដ្ឋានដែលមានការគ្រប់គ្រងប្រកបដោយសុវត្ថិភាពមាន ៣៧% នៅទូទាំងប្រទេស និង ៣៤% នៅតំបន់ជនបទ។ ការបន្ទោរបង់ពាសវាលពាសកាលត្រូវបានអនុវត្តដោយអ្នករស់នៅតាមតំបន់ជនបទប្រហែល ២លាននាក់ ដែលសកម្មភាពនេះនាំឱ្យមានការបំពុលដី និងប្រភពទឹក និង រួមចំណែកបង្កជំងឺឆ្លងតាមរយៈទឹក។
សូមបញ្ជាក់ថា ADB ជាដៃគូយូរអង្វែងក្នុងការជួយដល់វិស័យផ្គត់ផ្គង់ទឹកមានសុវត្ថិភាព និងអនាម័យ របស់កម្ពុជា ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិចាប់តាំងពីឆ្នាំ២០០៥ មក។ ដោយមានប្រជាពលរដ្ឋជាង១លាននាក់ ជាពិសេសប្រជាពលរដ្ឋនៅតាមបណ្តាខេត្តជាប់បឹងទន្លេសាប បានទទួលអត្ថប្រយោជន៍ពីសេវា WASH ដែលគាំទ្រដោយ ADB រួចហើយ៕
អត្ថបទ សោម ស្រីពេជ្រ និងរូបភាពឯកសារ