ទេសចរវ៉ាក់សាំង

ហេតុអ្វីរាជរដ្ឋាភិបាលកំណត់ខេត្តព្រះសីហនុ និងកោះកុង ក្នុងផែនការទទួលទេសចរវ៉ាក់សាំង?


កម្ពុជា បានសម្រេចបើកទទួលទេសចរអន្តរជាតិឡើងវិញ ដែលបានចាក់វ៉ាក់សាំងរួច ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា តទៅ ក្នុងទម្រង់ «ទេសចរណ៍វ៉ាក់សាំង»។ ការសម្រេចបើកទេសចរណ៍ឡើងវិញនេះ ក្រោយពីករណីឆ្លងកូវីដ-១៩ នៅកម្ពុជា ចាប់ផ្ដើមមានភាពធូរស្បើយឡើងវិញ ដោយជំហានដំបូង ខេត្តព្រះសីហនុ និងកោះកុង ជាខេត្តគោលដៅនៃដំណើរការសាកល្បងនេះ។
ឆ្នេរ​ខ្សាច់​ដ៏​ស្អាត​នៅ​លើ​កោះរ៉ុង ខេត្ត​ព្រះសីហនុ។ រូបថតពី​ ហ្វេសប៊ុក
ដោយ

ជុំវិញការសម្រេចនេះ ក្រុមអ្នកជំនាញ ក្នុងវិស័យទេសចរណ៍ សុទ្ធតែយល់ឃើញថា វាជាជំហានសាកល្បង ដែលធ្វើឱ្យវិស័យនេះ អាចងើបឡើងវិញ ខណៈការជ្រើសយកខេត្តព្រះសីហនុ និងខេត្តកោះកុង ជាខេត្តគោលដៅ ក្រុមអ្នកជំនាញយល់ថា សាកសមបំផុត ព្រោះខេត្តទាំងនេះ សុទ្ធតែមានតំបន់កម្សាន្តបែបធម្មជាតិយ៉ាងសម្បូរបែប។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោហ៊ុន សែន នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ នេះ បានប្រកាសថា ប្រទេសកម្ពុជា នឹងបើកទទួលទេសចរណ៍វ៉ាក់សាំង ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា តទៅ ក្នុងគោលបំណងស្ដារវិស័យទេសចរណ៍ និងជាជំហាន ក្នុងការឆ្ពោះទៅបើកប្រទេសពេញលេញឡើងវិញ។ ជាជំហានដំបូង រាជរដ្ឋាភិបាល បានជ្រើសយក ខេត្តព្រះសីហនុ និងខេត្តកុងកោះ ជាគោលដៅដំបូងគេ ដោយសារខេត្តនេះ ជាតំបន់សក្ដានុពល និង មានកន្លែងទាក់ទាញទេសចរ ជាច្រើន ដូចជា នៅក្រុងកោះរ៉ុង នៃខេត្តព្រះសីហនុ និង នៅតារាសាគរនៃខេត្តកោះកុង។ ដោយឡែក នៅជំហានបន្ទាប់ រាជរដ្ឋាភិបាល នឹងបន្ដបើកទទួលទេសចរវ៉ាក់សាំង នៅខេត្តសៀមរាប នាខែ មករា ឆ្នាំ២០២២ ខាងមុខ។ តើមានមូលហេតុអ្វីខ្លះ ទើបរាជរដ្ឋាភិបាល មិនកំណត់យកខេត្តសៀមរាប ដែលជាខេត្តសម្បូរដោយរមណីយដ្ឋានប្រវិត្តសាស្រ្ត ជាខេត្តគោលដៅដំបូងគេ?

លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា យល់ឃើញថា វាដល់ពេលហើយដែលកម្ពុជា ចាប់ផ្ដើមទាញយកផលប្រយោជន៍ ពីការចាក់វ៉ាក់សាំងកូវីដ-១៩ ព្រោះគិតមកដល់ពេលនេះ ប្រជាជនកម្ពុជា ស្ទើ១០០ភាគរយទៅហើយ ក្នុងគោលដៅ ១០លាននាក់ បានទទួលវ៉ាក់សាំងបង្កាកូវីដ-១៩។ ការកំណត់យក ខេត្តព្រះសីហនុ និងកោះកុង ជាខេត្តគោលដៅទេសចរណ៍ដំបូង ត្រូវបានលោកជំទាវ ឆាយ ស៊ីវលីន យល់ឃើញថា ការសាកល្បងនេះ នឹងទទួលបានជោគជ័យ ព្រោះខេត្តទាំងពីរសុទ្ធតែមានសក្ដានុពលខ្ពស់ផ្នែកទេសចរណ៍ធម្មជាតិ។

ដោយឡែក លោក ឌិន សុមេធារិទ្ធ ប្រធានសមាគមសណ្ឋាគារកម្ពុជា បានអះអាងថា វិស័យសណ្ឋាគារត្រៀមខ្លួនជានិច្ច ក្នុងការទទួលភ្ញៀវទេសចរអន្តរជាតិឡើវិញ នាពេលខាងមុខ។ លោក ឌិន សុមេធារិទ្ធ បានបង្ហាញការសាទរយ៉ាងខ្លាំងដែលរដ្ឋាភិបាលសម្រេចបើកទទួលទេសចរឡើងវិញ ព្រោះតែវិស័យនេះបានស្រុតចុះយ៉ាងខ្លាំង នារយៈពេលជិត ២ឆ្នាំមកនេះ ដោយសារតែការរាតត្បាតនៃកូវីដ-១៩។ អ្នកជំនាញផ្នែកសណ្ឋាគាររូបនេះ បានគូសបញ្ជាក់ថា ខេត្តព្រះសីហនុ និងខេត្តកោះកុង ជាខេត្តដែលមានសក្ដានុពលខ្ពស់ និងងាយគ្រប់គ្រង ពិសេសមានច្រកចេញក្បែរនឹងប្រទេសថៃ ដែលងាយឱ្យទេសចរចូលមកកម្សាន្តនៅកម្ពុជា។

ចំណែកលោក ធួន ស៊ីណាន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក យល់ឃើញថា ការបើកទទួលទេសចរណ៍វ៉ាក់សាំង នៅចុងខែវិច្ឆិកា ខាងមុខ ជាសញ្ញាល្អដែលអាចស្រូបទាញទេសចរជាបណ្ដើរៗ ចូលមកកម្ពុជា ដើម្បីស្ដារវិស័យនេះឱ្យងើបឡើងវិញ។ លោកបានគូសបញ្ជាក់ថា ខេត្តសៀមរាប មិនទាន់ត្រៀមខ្លួន ១០០ភាគរយនោះទេក្នុងការត្រៀមទទួលទេសចរអន្តរជាតិ ព្រោះតែខេត្តនេះ កំពុងមានការកែសម្រួលនូវផ្នែកហេដ្ឋារចនាសម្ព័ន្ធមួយចំនួននៅឡើយ។ ដូច្នេះ ការសម្រេចរបស់រដ្ឋាភិបាល ក្នុងការបើកខេត្តដទៃ គឺជាការប្រសើរ ពិសេសខេត្តដែលមានសក្ដានុពល ផ្នែកទេសចរណ៍ធម្មជាតិ។

សូមបញ្ជាក់ថា ភ្ញៀវទេសចរដែលមកកម្ពុជា ក្នុងកម្មវិធីទេសចរណ៍វ៉ាក់សាំងនេះ តម្រូវឲ្យធ្វើតេស្ដរហ័សរកអង់ទីហ្សែនកូវីដ-១៩ប៉ុណ្ណោះ នៅពេលមកដល់អាកាសយានដ្ឋាន។ ករណីទទួលបានលទ្ធផលអវិជ្ជមាន ភ្ញៀវទេសចរអន្តរជាតិ អាចដើរកម្សាន្ដ ដោយសេរី នៅក្នុងតំបន់ ឬគោលដៅទេសចរសុវត្ថិភាព ដោយមូលដ្ឋានអាជីវកម្មទេសចរណ៍ទាំងអស់សុទ្ធតែត្រូវបានត្រួតពិនិត្យការអនុវត្តនីតិវិធីប្រតិបត្តិស្ដង់ដារ និងវិធានសុវត្ថិភាពទេសចរណ៍ជាមុន ព្រមជាមួយលក្ខខណ្ឌតម្រូវមួយចំនួនទៀតទាក់ទងនឹងការស្នើសុំលិខិតអនុញ្ញាតចូលមកកម្ពុជាផងដែរ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍កម្ពុជា នៅថ្ងៃទី២៦ ខែតុលា៕

None



អត្ថបទបន្ទាប់


តើកញ្ចប់ថវិកាជាង៧០០លានដុល្លាររបស់កម្ពុជា ដើម្បីអន្តរាគមន៍ និងទប់ទល់វិបត្តិកូវីដ-១៩នៅឆ្នាំ២០២២ គ្រប់គ្រាន់ដែរ ឬយ៉ាងណា?

បញ្ហាការរីករាតត្បាតកូវីដ១៩ នឹងមិនងាយបញ្ចប់ឆាប់ៗនោះឡើយ ខណៈដែលរដ្ឋាភិបាលប្រទេសនីមួយៗបានគិតគូត្រៀមខ្លួនយ៉ាងម៉ឺងម៉ាត់ក្នុងការប្រយុទ្ធទប់ទល…

រដ្ឋទទួលបានចំណូលជាង ៧លានដុល្លារពីការប្រមូលពន្ធលើរថយន្តគ្មានពន្ធ ត្រឹមរយៈពេលជាង ១ខែកន្លងមកនេះ

គិតត្រឹមថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២១ មានម្ចាស់រថយន្តគ្មានពន្ធចំនួន ៥៤២ គ្រឿង បានចូលទៅបង់ពន្ធនៅអគ្គនាយកដ្ឋានគយ និងរដ្ឋាករ កម្ពុជា ដែលគិតជាទឹ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ