ការធ្លាក់ចុះតម្លៃអង្ករនៅលើទីផ្សារអន្តរជាតិ ដោយសារការប្រកួតប្រជែងច្រើន រួមជាមួយនឹងការហូរចូលអង្ករពីប្រទេសវៀតណាម។ បញ្ហាទំាងអស់នេះហើយដែលធ្វើឲ្យឈ្មួញអង្ករនិងកសិករខ្មែរដង្ហោយស្វែងរកអន្តរាគមន៍ពីរាជរដ្ឋាភិបាលកម្ពុជា។
ជាការរំឭក កាលពីខែកញ្ញា-តុលា ក្នុងឆ្នាំ២០១៦ ការប្រមួលស្រូវស្រាលក្រអូបរបស់ប្រជាកសិករក្នុងស្រុកបានប្រឈមមុខនឹងតម្លៃស្រូវចុះថោក ដោយសារតែតម្លៃស្រូវអង្ករនៅលើឆាកអន្តរជាតិធ្លាក់ចុះ។ តម្លៃស្រូវក្រអូបនៅតំបន់ខ្លះ មានតម្លៃក្រោម៧០០រៀលក្នុង១គីឡូ។
ភា្លមៗនោះ បញ្ហាបានកើតឡើងក្តៅគគុកផ្ដើមចេញពីកសិករលក់ស្រូវមិនចេញ ជាមួយនឹងតម្លៃស្រូវមិនរួចថ្លៃដើម ជាហេតុធ្វើឲ្យមានការតវ៉ាចាក់ស្រូវ បិទផ្លូវទាមទាររកដំណោះស្រាយពីរដ្ឋាភិបាលកម្ពុជា។
ភ្លាមៗនោះដែរ រដ្ឋាភិបាលកម្ពុជាក៏បានធ្វើអន្តរាគមន៍តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ ដែលជាសេនាធិការរបស់រដ្ឋាភិបាល ដោយបានបញ្ចេញកញ្ចប់ថវិកាជាលើកដំបូងបង្អស់ក្នុងប្រវត្តិសាស្រ្ត របស់ខ្លួន ដើម្បីជួយសង្គ្រោះបន្ទាន់ មានទឹកប្រាក់ចំនួន៣០លានដុល្លារអាមេរិក ដើម្បីទប់ទល់ការធ្លាក់ចុះតម្លៃស្រូវ និងបានធ្វើយុទ្ធនាការទិញអង្ករ អំពាវឲ្យមានការទិញអង្ករខ្មែរសម្រាប់ទីផ្សារក្នុងស្រុក។
កម្ពុជានាំចូលអង្ករពីវៀតណាមប្រមាណ១លានតោន
ក្រៅពីបញ្ហាខាងលើនេះ ក៏មានដែរនូវការនាំចូលអង្ករខុសច្បាប់ដ៏ច្រើនសន្ធឹកសន្ធាប់ពីប្រទេសជិតខាង បានធ្វើឲ្យប៉ះពាល់វិស័យស្រូវអង្ករកម្ពុជាយ៉ាងធ្ងន់ធ្ងរ។ អង្ករហូរចូលពីក្រៅស្រុកច្រើនក៏ធ្វើឲ្យរោងម៉ាស៊ីនកិនស្រូវក្នុងស្រុកមូយចំនួនបានក្ស័យធន ដោយសារខ្វះទុនបង្វិល និងមិនអាចលក់អង្ករចេញបាន ដោយសារតម្លៃអង្ករនាំចូលមានតម្លៃថោកជាង។ តាមការប៉ានស្មានដោយក្រុមហ៊ុនកែច្នៃអង្ករនិងរោងម៉ាស៊ីនកិនស្រូវឲ្យដឹងថា អង្ករនាំចូលអង្ករមកពីវៀតណាមមានប្រមាណ១លានតោន។
អង្ករនំាចូលពីប្រទេសវៀតណាមទំាងអស់នោះមិនមានគុណភាពល្អនិងមិនបានត្រួតពិនិត្យត្រឹមត្រូវនោះទេ រហូតដល់ក្រសួងពាណិជ្ជកម្មបានចាត់វិធានការ ដោយបានចេញបទប្បញ្ញត្តិតឹងរឹងមួយចំពោះការនាំចូលអង្ករមកកម្ពុជា។
ថ្លៃដើមផលិតស្រូវអង្ករកម្ពុជាខ្ពស់ ក៏នៅតែជាបញ្ហាប្រឈមនៅក្នុងឆ្នាំ២០១៦នេះ។ ក្រុមហ៊ុនកែច្នៃនិងនាំចេញអង្ករ បានអះអាងថា ថ្លៃដើមផលិតខ្ពស់បង្កជាការលំបាកដល់ការប្រកួតប្រជែងតម្លៃអង្ករនាំចេញជាមួយប្រទេសជិតខាង។
បញ្ហាតម្លៃអគ្គិសនីធ្វើឲ្យវិស័យផលិតកម្មរបស់កម្ពុជាពិបាកប្រកួតប្រជែងជាមួយនឹងប្រទេសជិតខាង។ បច្ចុប្បន្ន តម្លៃអគ្គិសនីប្រទេសថៃ វៀតណាម បើគិតជាប្រាក់រៀល តម្លៃក្នុងរង្វង់ពី២៥០រៀល ទៅ៣០០រៀលក្នុងមួយគីឡូវ៉ាត់។ ដោយឡែក តម្លៃអគ្គិសនីកម្ពុជាមានតម្លៃប្រមាណ៧០០រៀលក្នុងមួយគីឡូវ៉ាត់ មានន័យថា តម្លៃអគ្គិសនីនៅកម្ពុជាមានតម្លៃខ្ពស់ជាង ៤០០រៀល ក្នុងមួយគីឡូវ៉ាត់។
បញ្ហាតម្លៃដឹកជញ្ជូន ក៏ជាបញ្ហាធំដុំមួយដែររបស់កម្ពុជា ពោលគឺតម្លៃដឹកជញ្ជូនថ្លៃជាងប្រទេសជិតខាង ដែលធ្វើឲ្យតម្លៃអង្ករកម្ពុជាឡើងថ្លៃពិបាកធ្វើការប្រកូតប្រជែង។
អ្វីត្រូវដោះស្រាយនិងស្វែងរកទីផ្សារក្នុងឆ្នាំ២០១៧?
លោក សុខ ពុទ្ធិវុធ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងថា ឆ្នាំ២០១៦ សហព័ន្ធស្រូវអង្ករកម្ពុជាបានធ្វើការសហការជាមួយភាគីពាក់ព័ន្ធ ដូចជា កសិករ ម្ចាស់ម៉ាស៊ីនកិនស្រូវ អ្នកនាំចេញអង្ករ និងរដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហាប្រឈមទំាងឡាយក្នុងវិស័យស្រូវអង្ករកម្ពុជា។ លោកបន្តថា បញ្ហាដែលសហព័ន្ធស្រូវអង្ករ កំពុងផ្តោតសំខាន់គឺបញ្ហាទីផ្សារ ត្រូវស្វែងរកទីផ្សារនិងតម្លៃសមរម្យ។
ក្នុងឆ្នាំ២០១៦ រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងពាណិជ្ជកម្មបានចុះកិច្ចព្រមព្រៀងនាំចេញអង្ករជាមួយប្រទេសចិន ក្នុងការនាំចេញអង្ករក្នុងកូតា២០ម៉ឺនតោនទៅកាន់ប្រទេសចិនសម្រាប់ឆ្នាំ២០១៧ បន្ថែមពី១០ម៉ឺនតោនដែលមានស្រាប់។
អឺរ៉ុបនៅតែជាទីផ្សារនាំចេញអង្ករសំខាន់មួយសម្រាប់កម្ពុជា ដែលកម្ពុជាអាចនាំចូលទីផ្សារអឺរ៉ុបដោយមិនចាំបាច់បង់ពន្ធ។ ក៏ប៉ុន្តែកម្ពុជា ត្រូវប្រកួតប្រជែងជាមួយប្រទេសមីយ៉ានម៉ា ដែលអឺរ៉ុបទើបតែលើកលែងពន្ធលើការនាំចូលអង្ករពីមីយ៉ាន់ម៉ា នៅឆ្នាំ២០១៦ និងធ្វើការប្រកួតប្រជែងជាមួយប្រទេសវៀតណាម នាពេលខាងមុខ ខណៈដែលវៀតណាមកំពុងទាមទារឲ្យអឺរ៉ុបឈប់យកពន្ធនាំចូលអង្ករពីវៀតណាមទៅកាន់ទីផ្សារអឺរ៉ុបផងដែរ។
យោងតាមទិន្នន័យពីលេខាធិការដ្ឋានសម្រាប់បំពេញបែបបទការនាំចេញអង្ករ នៅក្នុងរយៈពេលជិតមួយឆ្នាំពេញ គឺ១១ខែ ឆ្នាំ២០១៦ កម្ពុជាបាននាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ សម្រេចបានប្រមាណ ជិត៤៨ម៉ឺនតោន កើនឡើង៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីក្នុងឆ្នាំ២០១៥៕
អត្ថបទដោយ សាយ សមិទ្ធិ។ សាយ សមិទ្ធិ ជាការីនិពន្ធផ្នែកដំណឹងសេដ្ឋកិច្ចរបស់ Cambonomist.com។ លោកអ្នកអាចទាក់ទងម្ចាស់អត្ថបទនេះ តាមរយៈអ៊ីម៉េល៖ [email protected]។