តួលេខចុងក្រោយមួយ ដែលបានចេញផ្សាយដោយអគ្គនាយកដ្ឋានកៅស៊ូរបស់កម្ពុជា បានឲ្យដឹងថា នៅក្នុងរយៈពេល ១១ ខែនៅឆ្នាំ២០២០នេះ កម្ពុជាសម្រេចបានការនាំចេញជ័រកៅស៊ូស្ងួតទៅកាន់ទីផ្សារក្រៅប្រទេសប្រមាណជាង ២៨,៥ ម៉ឺនតោន កើនឡើង២២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
តម្លៃកៅស៊ូជាមធ្យមដែលលក់ទៅលើទីផ្សារ គឺមាន ១.៣៤១ ដុល្លារអាមេរិក ក្នុងមួយតោន ហើយកម្ពុជាបានរកចំណូលពីការការនាំចេញផលិតផលជ័រកៅស៊ូនេះក្នុងរយៈពេល ១១ខែនៅឆ្នាំ២០២០នេះ ប្រមាណ៣៨៣ លានដុល្លារអាមេរិក កើនឡើង២៣% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ឯកឧត្តម ប៉ុល សុផា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកៅស៊ូ បានលើកឡើងថា កត្តាដែលធ្វើឲ្យការនាំចេញកៅស៊ូរបស់កម្ពុជានៅ១១ខែ ឆ្នាំ២០២០នេះ មានការកើនឡើងគឺដោយសារតែទិន្នផលមានការកើនឡើង ខណៈផ្ទៃដីកៅស៊ូដែលអាចជៀរជ័របានមានការកើនឡើងដែរ។ មួយវិញទៀត គឺដំណាំកៅស៊ូរបស់កម្ពុជាកំពុងពេញអាយុឲ្យផល។ ទន្ទឹមគ្នានេះ ឯកឧត្តម ប៉ុល សុផា ក៏បានគូសបញ្ជាក់ដែរថា កត្តាចម្បងផ្ទុះរាលដាលឆ្លងជាសកលនៃកូវីដ-១៩ ក៏បានជួយធ្វើឲ្យតម្លៃកៅស៊ូមានការកើនឡើងផងដែរ។
ឯកឧត្តម ប៉ុល សុផា មានប្រសាសន៍ថា «ដោយឡែក តម្លៃនេះ (កៅស៊ូ) កត្តាដែលធ្វើឲ្យវាឡើងបន្តិចនៅរយៈពេលពីរខែចុងក្រោយនេះ គឺដោយសារកត្តាទី១ បញ្ហាកូវីដ នេះឯង! ដែលធ្វើឲ្យប្រទេសផលិតកៅស៊ូធំៗខ្វះកម្លាំងពលកម្ម អញ្ចឹងធ្វើឲ្យការផ្គត់ផ្គង់មិនមានការគ្រប់គ្រាន់។ ទី២ទៀត ដោយសារតែ ចិនសង្គ្រោះបានកូវីដ អញ្ចឹងធ្វើឲ្យផលិតកម្មគាត់ដំណើរការឡើងវិញ អញ្ចឹងគាត់ត្រូវការផលិតផល»។
ឯកឧត្តម បន្ថែមថា តាមការរំពឹង នៅឆ្នាំ២០២១ខាងមុខនេះ ផលិតផលជ័រកៅស៊ូនឹងនៅតែបន្ដកើនឡើងថែមទៀត។
ទីផ្សារនាំចេញជ័រកៅស៊ូរបស់កម្ពុជាមានដូចជា ប្រទេសវៀតណាម ម៉ាឡេស៊ី សិង្ហបុរី និងទៅកាន់ប្រទេសចិនជាដើម។ ក្នុងនោះ ការនាំចេញទៅវៀតណាមមានចំណែកធំជាងគេ ប្រមាណ៦០% ទៅ៧០%។
ដោយឡែក ចំពោះការដាំដុះកៅស៊ូ នៅឆ្នាំ២០២០នេះ ត្រូវបានឯកឧត្តមប៉ុល សុផា អះអាងដែរថា គឺមានការថមថយចុះតិចតួចប្រមាណ ២ម៉ឺនហិកតា ដោយសារតែការដាំដុះទាំងនោះ មិនត្រឹមត្រូវតាមបច្ចេកទេស ខ្វះការថែទាំ និងការងាកមកដាំដុះដំណាំផ្សេងវិញ។
របាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបង្ហាញថា គិតត្រឹមដំណាច់ឆមាសទី ១ ឆ្នាំ ២០២០ កម្ពុជាមានដីដាំដុះកៅស៊ូមជាង ៤០ម៉ឺនហិកតា ក្នុងនោះផ្ទៃដីចៀរជ័រមានប្រមាណ ២៥ ម៉ឺនហិកតា និងផ្ទៃដីថែទាំកៅស៊ូមានជាង ១៥ម៉ឺនហិកតា៕