ការរកចំណូលរកបានពីរការលក់ស្លាកលេខរថយន្ដពិសេស

កម្ពុជារកចំណូលបាន ៥៤លានដុល្លារពីការលក់ស្លាកលេខរថយន្ដ ក្នុងរយៈពេល ៣ឆ្នាំ


ថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូនបានគូសបញ្ជាក់ថា នៅក្នុងរយៈពេល៣ឆ្នាំចាប់ពីឆ្នាំ២០២០ដល់ឆ្នាំ២០២២ កម្ពុជារកចំណូលបានជាង៥៤លានដុល្លារអាមេរិកពីការលក់លេខដល់រថយន្ត ដែលបានចុះបញ្ជីនៅក្រសួងសាធារណការ និងដឹកជញ្ជូន ដែលមានចំនួនសរុបជិត១២ម៉ឺនគ្រឿង។ ដោយឡែក នៅឆ្នាំ២០២២ កន្លងទៅកម្ពុជាប្រមូលចំណូលពីការលក់លេខពិសេស និងលេខពិសេសផ្ទាល់ខ្លួនបានជិត ២១លានដុល្លារកើនឡើងជាង២០% បើធៀបនឹងការលក់កាលពីឆ្នាំ២០២១។
៣ឆ្នាំលក់ស្លាកលេខបាន ៥៤លានដុល្លារ

ថ្នាក់ដឹកនាំក្រសួងសាធារណការមានសុទិដ្ឋិនិយមថា ការលក់លេខពិសេស និងលេខពិសេសផ្ទាល់ខ្លួននៅឆ្នាំ២០២៣ នេះនឹងបន្តកើនឡើងជាង៥% បើធៀបនឹងឆ្នាំមុន ក្រោយមើលឃើញពីភាពល្អប្រសើរនៃសេដ្ឋកិច្ចរបស់កម្ពុជានាពេលបច្ចុប្បន្ន។
នាពិធីអបអរសាទរខួប៣ឆ្នាំលេខពិសេសផ្ទាល់ខ្លួន និងការដាក់ឲ្យដេញថ្លៃលេខពិសេសនិងលេខពិសេសផ្ទាល់ខ្លួននៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានគូសបញ្ជាក់ថា ការចុះបញ្ជីយានយន្តនៅក្រសួងសាធារណ និងដឹកជញ្ជូនការមានការកើនឡើងជាបន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំ ដែលធ្វើឲ្យការប្រមូលចំណូលពីវិស័យនេះក៏មានការកើនឡើងផងដែរ។ ជាក់ស្តែងកាលពីឆ្នាំ២០២២ ការប្រមូលចំណូលពីការលក់លេខពិសេស និងលេខពិសេសផ្ទាល់ខ្លួនមានការកើនឡើង២២% បើធៀបនឹងចំណូលកាលពីឆ្នាំ២០២១។
កត្តានេះបានជំរុញឲ្យឯកឧត្តមទេសរដ្ឋមន្ត្រីរំពឹងថា ការប្រមូលចំណូលពីការលក់លេខពិសេស និងលេខពិសេសផ្ទាល់ខ្លួននៅឆ្នាំ២០២៣ នេះនឹងមានការកើនឡើងជាង៥%បន្ថែមទៀត បើធៀបនឹងឆ្នាំ២០២២។ ការរំពឹងបែបនេះធ្វើឡើងក្រោយឯកឧត្តមទេសរដ្ឋមន្ត្រីមើលឃើញពីភាពល្អប្រសើរនៃសេដ្ឋកិច្ចនៅឆ្នាំនេះ បើទោះបីស្ថានភាពសេដ្ឋកិច្ចកម្ពុជាបន្តស្ថិតក្នុងភាពមិនច្បាស់លាស់នៃការគំរាមកំហែងនៃសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន និងបញ្ហាជម្លោះពាណិជ្ជកម្មរវាងប្រទេសមហាអំណាចក៏ដោយ។
ពាក់ព័ន្ធបញ្ហាការលក់ស្លាកលេខនេះដែរ លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មការអន្តរក្រសួងគ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្តបានគូសបញ្ជាក់ថា នៅក្នុងរយៈពេល៣ឆ្នាំចាប់ពីឆ្នាំ២០២០-២០២២២ ក្រសួងសាធារណការបានលក់លេខពិសេសនិងពិសេសផ្ទាល់ខ្លួនជូនប្រជាពលរដ្ឋបានជាង១១ម៉ឺន៨ពាន់លេខ ដោយប្រមូលចំណូលបានជាង៥៤លានដុល្លារអាមេរិក។
បើតាមការគូសបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់រូបនេះ ការលក់លេខពិសេសសម្រេចបានជាង១០ម៉ឺនលេខដោយរកចំណូលបានជិត២៦លានដុល្លារ និងលេខពិសេសផ្ទាល់ខ្លួនលក់បានជិត២ម៉ឺនលេខដោយរកចំណូលបានជាង២៨លានដុល្លារ។ ដោយឡែកនៅក្នុងឆ្នាំ២០២២ កន្លងទៅ កម្ពុជាប្រមូលចំណូលបានជិត២១លានដុល្លារពីការលក់លេខពិសេស និងពិសេសផ្ទាល់ខ្លួនដល់រថយន្តដែលបានចុះបញ្ជីនៅក្រសួងសាធារណការ និងដឹកជញ្ជូន។
បើតាមការលើកឡើងរបស់លោកជំទាវ កុយ សុដានី នៅក្នុងពិធីអបអរសាទរខួប៣ឆ្នាំលេខពិសេសផ្ទាល់ខ្លួននេះ ក៏មានការដាក់តំាងនូវផ្លាកលេខពិសេស លេខពិសេសផ្ទាល់ខ្លួនរថយន្ត ការលក់លេខចុះបញ្ជី ការទទួលចុះបញ្ជីរថយន្តភ្លាមៗ និងការដាក់ឲ្យដេញថ្លៃផ្លាកលេខពិសេស និងពិសេសផ្ទាល់ខ្លួន ដើម្បីប្រមូលថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារជាតិផងដែរ៕




អត្ថបទបន្ទាប់


រាជរដ្ឋាភិបាលកម្ពុជាសម្រេចផ្ដល់ប្រាក់ឧបត្ថមដល់កម្មករ-កម្មការិនីព្យួរការងារ ជាង៣ម៉ឺននាក់

ព័ត៌មាន
សម្តេចតេជោ ហ៊ុន សែន បានប្រកាសជាថ្មីទៀត នៅថ្ងៃទី ៧ខែមីនាថា ដើម្បីដោះស្រាយនូវបញ្ហា ដែលបាននិងកំពុងកើតមាននៅក្នុងវិស័យកាត់ដេរ រាជរដ្ឋាភិបា…

កូរ៉េខាងជើងព្រមានអាមេរិកថា បើហ៊ានបាញ់ទម្លាក់មីស៊ីលសាកល្បងរបស់ខ្លួន នោះស្មើនឹងការប្រកាសសង្គ្រាមហើយ

ព័ត៌មាន
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍នៅថ្ងៃអង្គារ ទី៧មីនាថា ប្រទេសកូរ៉េខាងជើងបានព្រមានទុកជាមុនថា រាល់ទង្វើណាមួយក្នុងការបាញ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ