ការឯកភាពគ្នាលើផែនការសកម្មភាពស្ដារនិងលើកស្ទួយវិស័យទេសចរណ៍រវាងប្រទេសទាំងពីរនេះ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំក្រុមការងារទេសចរណ៍កម្ពុជា-ថៃលើកទី៦ ស្តីពីកិច្ចសហប្រតិបត្តិការទេ្វភាគីទេសចរណ៍កម្ពុជា-ថៃ។ លោក ទ្រីវ ឈីវ ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងអាស៊ាន បានបញ្ជាក់ថា ភាគីទាំងពីរកម្ពុជា-ថៃ បានឯកភាពលើផែនការសកម្មភាពជាង១០ចំណុច ដើម្បីរួមគ្នាបង្កើនកិច្ចសហប្រតិបត្តិការស្ដារទេសចរណ៍ឡើងវិញ ដែលក្នុងនោះមានដូចជា ទី១. ក្នុងដំណាក់កាលនៃការស្ដារវិស័យទេសចរណ៍ពីវិបត្តិ ភាគីទាំងពីរនឹងជំរុញរៀបចំឱ្យបានឆាប់នូវកញ្ចប់ទស្សនកិច្ចទេសចរណ៍រួមនៃបណ្ដាខេត្តព្រំដែននៃប្រទេសទាំងពីរ ដែលនឹងជំរុញរំហូរទេសចរទៅវិញទៅមកទៅកាន់បណ្ដាខេត្តនៃប្រទេសទាំងពីរ។ ទី២. ឯកភាពជំរុញលើកទឹកចិត្តឱ្យមានជើងហោះហើរត្រង់នៅគ្រប់គោលដៅទេសចរណ៍រវាងប្រទេសទាំងពីរ ក៏ដូចជាការសម្រួលការធ្វើដំណើរនៅតាមច្រកអន្តរជាតិនានាឱ្យកាន់តែប្រសើរថែមទៀត។ ទី៣. ឯកភាពបន្តជំរុញទេសចរណ៍បើកបរដោយខ្លួនឯង ទេសចរណ៍ម្ហូបអាហារ ទេសចរណ៍សុខភាព ទេសចរណ៍ពុទ្ធសាសនា ទេសចរណ៍តាមនាវាសមុទ្រជាដើម។
ចំពោះផែនការទី៤. ភាគីទាំងពីរបានបង្ហាញឆន្ទៈរួមគ្នាធ្វើការជាមួយគ្នាឱ្យកាន់តែជិតស្និទ្ធ ដោយមានការចូលរួមពីវិស័យឯកជន ដើម្បីរៀបចំបង្កើតនិងផ្តល់ជូននូវកញ្ចប់ផលិតផលទេសចរណ៍រួម ក្រោមក្របខណ្ឌនៃការផ្សព្វផ្សាយ «ព្រះរាជាណាចក្រពីរ គោលដៅមួយ» សំដៅខិតខំប្រឹងប្រែងទាក់ទាញទេសចរពីប្រទេសទាំងពីរ ក៏ដូចជាទេសចរមកពីប្រទេសទីបីឱ្យមកទស្សនាប្រទេសទាំងពីរ។ ទី៥. ភាគីទាំងពីរនឹងរៀបចំឱ្យមាននាវាកម្សាន្តតាមសមុទ្រ ដែលរួមបញ្ចូលកំពង់ផែទេសចរណ៍អន្តរជាតិនៅខេត្តកំពត ដែលនឹងគ្រោងប្រកាសបើកដំណើរការទទួលទេសចរតាមសមុទ្រនាពេលដ៏ខ្លីខាងមុខនេះ។ ទី៦. ភាគីទាំងពីរបន្តជំរុញឱ្យមានទស្សនកិច្ចអ្នកជំនាញទេសចរណ៍រវាងប្រទេសទាំងពីរ ក្រោមក្របខណ្ឌនៃការអនុវត្តកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍អាស៊ាន ដែលជាគម្រោងសាកល្បង សំដៅចែករំលែកបទពិសោធន៍ដល់ប្រទេសសមាជិកអាស៊ានផ្សេងៗទៀតផងដែរ។
ផែនការទី៧. ភាគីថៃបានគាំទ្រឱ្យមានការបណ្ដុះបណ្ដាលជំនាញទេសចរណ៍បន្ថែមដល់អ្នកបម្រើការងារកម្ពុជាដែលកំពុងបម្រើសេវាកម្មទេសចរណ៍ និងបដិសណ្ឋាកិច្ចក្នុងប្រទេសថៃ ដោយរដ្ឋាភិបាលថៃនឹងដាក់ចុះកញ្ចប់ថវិកាបណ្ដុះបណ្ដាលនេះ។៨. ភាគីទាំងពីរនឹងសហការរៀបចំវេទិកាវិនិយោគក្នុងវិស័យទេសចរណ៍នៃប្រទេសទាំងពីរនាពេលវេលាសមស្របខាងមុខ ព្រមទាំងនឹងរៀបចំឱ្យមានជំនួបរវាងភាគីឯកជននៃវិស័យទេសចរណ៍ តាមរយៈការរៀបចំដំណើរទស្សនកិច្ចស្វែងយល់ ក្នុងប្រទេសទាំងពីរ។
ដោយឡែកផែនការទី៩. ភាគីថៃគាំទ្រនូវគំនិតផ្ដួចផ្ដើមកម្ពុជាជំរុញឱ្យព្រឹត្តការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣នៅកម្ពុជា មិនត្រឹមតែជាព្រឹត្តិការណ៍ជំរុញទេសចរណ៍ក្នុងអាស៊ានប៉ុណ្ណោះទេ ថែមទាំងជាព្រឹត្តិការណ៍ទេសចរណ៍កីឡាអាស៊ានដែលនឹងចូលរួមអភិវឌ្ឍន៍ទេសចរណ៍អាស៊ានផងដែរ។ ទី១០. ភាគីថៃនឹងចែករំលែកបទពិសោធន៍លើការរៀបចំគណនីទេសចរណ៍រណប ដល់មន្ត្រីជំនាញទេសចរណ៍ ដើម្បីរៀបចំគណនីជាតិរបស់ខ្លួន។ និងផែនការចុងក្រោយ ទី១១. ភាគីថៃបានទទួលពិចារណាលើសំណើរបស់កម្ពុជាលើគំនិតផ្ដួចផ្ដើមបង្កើតឱ្យមានលេខាធិការដ្ឋានទេសចរណ៍អេកម៉ិក ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ក្នុងក្របខណ្ឌអនុតំបន់នេះផងដែរ។
សូមបញ្ជាក់ថានៅឆ្នាំ២០២២ កម្ពុជារំពឹងទទួលបានទេសចរអន្តរជាតិ១លាននាក់ និងឆ្នាំ២០២៣រំពឹងថា នឹងទទួលបាន២លាននាក់៕