អ្នកជំនាញជឿជាក់ថា ក្រោយច្រកនេះត្រូវបានបើកឲ្យដំណើរការ វានឹងជួយសម្រួលការកកស្ទះក្នុងការដឹកជញ្ជូនទំនិញចេញចូលរវាងប្រទេសទាំងពីរ និងកាត់បន្ថយការកកស្ទះនៅច្រកព្រំដែនប៉ោយប៉ែតផងដែរ។ ក្រុមការងារខេមបូណូមីសលម្អិតរឿងនេះដូចតទៅ។
ឯកឧត្តម សេក សុខុម អ្នកនាំពាក្យខេត្តបន្ទាយមានជ័យបានបញ្ជាក់ប្រាប់ខេមបូណូមីសថា ឯកឧត្តម អ៊ុំ រាត្រីអភិបាលខេត្តបន្ទាយមានជ័យ បានជួបប្រជុំជាមួយអភិបាលខេត្តស្រះកែវ របស់ថៃ កាលពីថ្ងៃទី១០ មីនា ដើម្បីពិភាក្សាគ្នាពាក់ព័ន្ធការបើកច្រកព្រំដែនស្ទឹងបត់-ណងអៀន ដែលជាចំណុចប្រសព្វរវាងខេត្តបន្ទាយមានជ័យ និងខេត្តស្រះកែវ។ ជាលទ្ធផលភាគីទាំងពីរបានឯកភាពគ្នា ដោយគ្រោងបើកដំណើរការច្រកនេះ ជាបណ្តោះអាសន្នក្នុងពេលឆាប់ខាងមុខនេះ ដើម្បីជួយសម្រួលដល់ការផ្ទេរ និងដឹកជញ្ជូនទំនិញរវាងប្រទេសទាំងពីរ ក៏ដូចជាដើម្បីកាត់បន្ថយការកកស្ទះនៅច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ដែលមានសភាពតូចចង្អៀត។
តែយ៉ាងណាភាគីទាំងពីរមិនទាន់កំណត់ពីពេលវេលាជាក់លាក់សម្រាប់ការដាក់ឲ្យដំណើរការបណ្តោះអាសន្ននូវច្រកនេះនៅឡើយទេ ខណៈភាគីថៃនឹងមកពិនិត្យច្រកនេះម្តងទៀតនៅថ្ងៃទី១៧ ខែមីនា ខាងមុខនេះ។ បច្ចុប្បន្ន ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងអគាររដ្ឋបាលនៅច្រកព្រំដែននេះ របស់ភាគទាំងពីរមិនទាន់រួចរាល់នៅឡើយទេ ដោយគ្រោងបញ្ចប់ជាស្ថាពរនៅអំឡុងខែធ្នូ ចុងឆ្នាំ២០២២។ បើតាមអ្នកនាំពាក្យខាងលើ បច្ចុប្បន្នកម្ពុជាសម្រេចការសាងសង់ហេដ្ឋារចនាសម្ព័ន្ធបានប្រមាណ៤០% ខណៈថៃសម្រេចបានប្រមាណ៩០%។
សម្រាប់ឯកឧត្តម សេក សុខុម ក្រោយច្រកព្រំដែនអន្តរជាតិស្ទឹងបត់-ណងអៀនដាក់ឲ្យដំណើរការ វានឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយសម្របសម្រួលដល់ការដឹកជញ្ចូនទំនិញចេញចូលរវាងប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។ ជាពិសេស ជួយកាត់បន្ថយការកកស្ទះទំនិញ និងជំរុញកំណើននាំចេញទំនិញ ក៏ដូចជាពង្រីកទំហំការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរផងដែរ។
ជាមួយគ្នានេះ ឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជាធ្លាប់រំពឹងថា ក្រោយច្រកព្រំដែនអន្តរជាតិស្ទឹងបត់-ណងអៀនដាក់ឲ្យដំណើរការជាបណ្តោះអាសន្នវានឹងជួយសម្រួលឲ្យការដឹកជញ្ជូនទំនិញចេញចូលរវាងប្រទេសទាំងពីរឲ្យកាន់តែមានភាពល្អប្រសើរមួយកម្រិតទៀត។ ពិសេស ជួយកាត់បន្ថយការកកស្ទះការធ្វើដំណើរ និងដឹកជញ្ជូនទំនិញនៅច្រកព្រំដែនអន្តរជាតិប៉ោយប៉ែតដែលមានសភាពតូច និងមមាញឹកជាមួយការធ្វើពាណិជ្ជកម្ម និងការធ្វើដំណើររបស់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។
គួរបញ្ជាក់ថា ច្រកព្រំដែនថ្មីស្ទឹងបត់-បាណងអៀននេះមានច្រកទ្វារ និងទីធ្លារធំទូលាយជាងច្រកអន្តរជាតិប៉ោយប៉ែត ដែលអាចបង្កលក្ខណៈងាយស្រួលដល់ការដឹកជញ្ជូនទំនិញចេញចូលរវាងកម្ពុជា-ថៃ។ ច្រកព្រំដែនថ្មីនេះ សាងសង់ឡើងក្រោមជំនួយឥណទានរបស់រាជរដ្ឋាភិបាលថៃ៕