នាជំនួបពិភាក្សាទ្វេភាគីជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធពីថ្ងៃទី៩ ដល់ថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ត្រា នាយករដ្ឋមន្ត្រីថៃបានកត់សម្គាល់ដោយក្តីរីករាយនូវភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-ថៃ បន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវការរបស់សម្ដេចធិបតីនៅប្រទេសថៃកាលពីខែកុម្ភៈឆ្នាំ ២០២៤។ ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងកម្ពុជា-ថៃ ដែលត្រូវបានដំឡើងដល់កម្រិតភាពជាដៃគូយុទ្ធសាស្ត្រក្នុងឆ្នាំ២០២៤នេះ។
ជាមួយគ្នានេះ ថ្នាក់ដឹកនាំទាំងពីរ បានពិភាក្សាអំពីការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីរួមមាន៖ ការចាប់ផ្ដើមឡើងវិញនូវកិច្ចប្រជុំយន្តការទ្វេភាគីមួយចំនួន ការសិក្សាអំពីលទ្ធភាពនៃការបង្កើតតំបន់សេដ្ឋកិច្ចពិសេសបំពេញគ្នាទៅវិញទៅមក ការតភ្ជាប់រវាងប្រជាជននិងប្រជាជន វិស័យទេសចរណ៍ វិស័យការពារជាតិ និងសន្តិសុខ ជាដើម។
ទន្ទឹមនេះ ថ្នាក់ដឹកនាំទាំងពីរ ក៏បានឯកភាពបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែខ្លាំងក្លា និងប្រគល់ជូនក្រសួងការបរទេសនៃប្រទេសទាំងពីរ ដើម្បីសម្របសម្រួលកិច្ចពិភាក្សាបន្ត ពាក់ព័ន្ធនឹងប្រធានបទខាងលើ ព្រមទាំងរៀបចំឱ្យមានសកម្មភាពមួយចំនួន ដើម្បីអបអរសាទរខួបលើកទី ៧៥ នៃទំនាក់ទំនងការទូតកម្ពុជា-ថៃ នាឆ្នាំ២០២៥ ផងដែរ៕