អំឡុងពេល ៧ខែនេះ កម្ពុជា បាននាំចេញទំនិញជាង ៨៣០លានដុល្លារ ទៅកាន់ប្រទេសថៃ ដែលតួលេខនេះ មានការធ្លាក់ចុះ ២១% ធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន ខណៈ ទំនិញដែល ថៃ នាំចេញមកកាន់ កម្ពុជា វិញ សម្រេចបានជាង ៣,៧ ពាន់លានដុល្លារអាមេរិក ដែលធ្លាក់ចុះ ៧%។
ដោយឡែក បើយើងក្រឡេកទៅមើលទំហំពាណិជ្ជកម្មរបស់ប្រទេសថៃ ក្នុងរយៈពេល ៧ខែនេះ គឺថា ការនាំចេញសម្រេចបាន ១៣៣ពាន់លានដុល្លារអាមេរិក ធ្លាក់ចុះ ៧% ហើយការនាំចូលទំនិញមកកាន់ ថៃ វិញសម្រេចបានជាង ១១៩ពាន់លានដុល្លារអាមេរិក ធ្លាក់ ១៤% ដែលធ្វើឲ្យ ប្រទេសថៃ សម្រេចបាននូវ អតិរេកពាណិជ្ជកម្មជាង ១៤ពាន់លានដុល្លារអាមេរិក។
លោកស្រី ភីមឆាណុក វុន ករ ផុន មន្រ្តីជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្មថៃ បានគូសបញ្ជាក់ថា ការនាំចេញទំនិញរបស់ថៃ ទៅកាន់ប្រទេសដៃគូពាណិជ្ជកម្មសំខាន់ៗ គឹថមថយចុះ តិចជាងមុន ដែលបង្ហាញពី ភាពប្រសើរឡើងវិញនៃ ពាណិជ្ជកម្មអន្តរជាតិ ដោយសារ បណ្តាប្រទេសជាដៃគូ អាចគ្រប់គ្រងស្ថានការណ៍ជំងឺកូវីដ-១៩ បានល្អជាងមុន និងចាប់ផ្តើមបន្ធូរបន្ថយវិធានការរឹតបន្តឹងជាដើម។
លោកស្រី បន្តថា មានផលិតផលសក្តានុពលជាច្រើនមុខ ដែលថៃ អាចជំរុញការនាំចេញបាន ជាពិសេសទៅលើ អាហារកែច្នៃ ដែលមានគុណភាព និងស្តង់ដារអន្តរជាតិ ហើយនឹងសម្ភារៈពាក់ព័ន្ធនឹង ជំងឺកូវីដ-១៩។
គួរជម្រាបថា ក្រសួងពាណិជ្ជកម្មថៃ ក៏បង្ហាញពីការប៉ាន់ប្រមាណថា ការនាំចេញរបស់ថៃ ក្នុងឆ្នាំនេះ អាចនឹងសម្រេចបាន ២២៧ពាន់លានដុល្លារអាមេរិក ដែលមានការធា្លក់ចុះប្រមាណ ៨% ដោយសារតែ ភាពមិនច្បាស់លាស់នៃការផ្ទុះឡើងវិញនៃមេរោគកូវីដ-១៩ ការចុះអន់ខ្សោយនៃសេដ្ឋកិច្ចសកល និងជាពិសេសគឺ ការរឹតបន្តឹងលើ ពាណិជ្ជកម្មអន្តរជាតិ៕