បំណុលសាធារណៈ

កម្ពុជា វៀតណាម និងថៃ កំពុងបង្កើនបំណុលសាធារណៈ ចំពេលមានវិបត្តិកូវីដ-១៩


តាមរបាយការណ៍របស់អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិបានឲ្យដឹងថា នៅអំឡុងពេលនៃវិបត្តិកូវីដ-១៩ នេះកម្រិតបំណុលសាធារណៈសកលជាមធ្យមអាចនឹងកើនឡើងដល់២០% ដោយសារតែនឹងមានការខ្ចីប្រាក់កាន់តែច្រើនពីប្រទេសនានា ដើម្បីទប់ទល់នឹងផលប៉ះពាល់សេដ្ឋកិច្ច។ ក្នុងនោះដែរ ប្រទេសកម្ពុជា វៀតណាម និងថៃ បាននិងកំពុងបង្ហាញពីគោលដៅក្នុងការពង្រីកបំណុលសាធារណៈរបស់ខ្លួនបន្ថែមទៀត ខណៈដែលប្រទេសទាំងនេះមើលឃើញថា កម្រិតបំណុលសាធារណៈដែលពួកគេមាននៅមានកម្រិតអាចគ្រប់គ្រងបាននៅឡើយ។
កម្ពុជា វៀតណាម និងថៃ កំពុងបង្កើនបំណុលសាធារណៈ ចំពេលមានវិបត្តិកូវីដ-១៩

ស្របពេល​ដែលមាន​វិបត្តិ​កូវីដ-១៩ បានកើតឡើង ​និងបន្ដអូសបន្លាយ​មក​អស់រយៈពេល​ប្រមាណជាង​កន្លះឆ្នាំមកហើយនោះ គេសង្កេតឃើញមាន​ប្រទេស​ជាច្រើន បាន​ជំរុញ​បង្កើន​ការចំណាយ​បន្ថែម ដែលវា​ជាវិធានការ​ក្នុងការទ្រទ្រង់សេដ្ឋកិច្ច និងដោះស្រាយ​បញ្ហា​ដែលបណ្ដាល​មក​ពីឥទ្ធិពល​អាក្រក់​នៃ​មេរោគរាតត្បាតនេះ ។ ស្របពេល​ដែល​ការចំណាយ​កើនឡើង គេសង្កេត​ឃើញថា កម្រិត​បំណុល​សាធារណៈ​នៃប្រទេស​ទាំងនោះ ក៏កំពុង​កើនឡើងដែរ តួយ៉ាង ដូចជា​ប្រទេស​វៀតណាម ថៃ រួមទាំង​កម្ពុជា​ផងដែរ​។ តើ​កម្រិត​បំណុល​សាធារណៈ​កើនឡើងនេះ វា​ជារឿង​ល្អ ឬអាក្រក់​សម្រាប់​ប្រទសទាំងនេះ?

មុននឹង​យើង​និយាយពី ថៃ និងវៀតណាម យើង​ផ្ដើម​ចេញ​ពីប្រទេស​កម្ពុជា​យើងទៅមុន។ បើតាម​ការអះអាង​របស់​រដ្ឋលេខាធិការ​ប្រចាំការ​នៃក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ឯកឧត្តម វង្សី វិស្សុត ធ្លាប់​បាន​លើកឡើង​នៅក្នុង​សន្និសីទព័ត៌មាន​នាពេល​ថ្មីៗនេះថា ស្ដុកបំណុល​សាធារណៈ​ដែល​កម្ពុជា​ជំពាក់បរទេស គឺនៅមាន​ក្រោម​៣០% នៃទំហំ GDP សរុប​ប៉ុណ្ណោះ ដែលវា​គឺជាទំហំមួយតិចតួច បើធៀប​នឹងប្រទេស​ផ្សេងទៀត​ដូចជា​វៀតណាម មាន​រហូតដល់​ទៅ ៦០% ទៅ៧០% នៃ GDPទៅហើយ។ នេះសបញ្ជាក់ឲ្យឃើញថា កម្ពុជា​នៅតែមាន​លទ្ធភាព​ខ្ចី​បំណុល​ពីបរទេស​ និងស្ថាប័ន​ដៃគូអន្តរជាតិ​ផ្សេងៗ​បន្ថែមទៀត ដើម្បី​យកមកប្រើប្រាស់​ក្នុងការ​ជំរុញដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច និងសង្គម ពិសេស​ក្នុងការស្ដារ​និងរុញ​ឲ្យសេដ្ឋកិច្ចស្ទុះងើបឡើងវិញ​ពីវិបត្តិកូវីដ-១៩។

បើតាម​ការគូសបញ្ជាក់​របស់​ឯកឧត្តម វង្សី វិស្សុត ក្នុងចំណោម​បំណុល​ដែល​កម្ពុជា​ជំពាក់​បរទេសទាំងនោះ គឺ​កម្ពុជា​បានខ្ចី​ពីប្រទេស​ចិន​ច្រើនជាងគេ ដែលមាន​ប្រមាណជាង ៤០% នៃ​បំណុល​សរុប។ ទោះយ៉ាងណា ឯកឧត្តម សង្កត់ធ្ងន់ថា ការខ្ចីបំណុល​ពីប្រទេសចិននេះ បាន​បង្ហាញពីនិន្នាការ​ធ្លាក់ចុះ​គួរឲ្យកត់សម្គាល់​នៅរយៈពេល​២ ទៅ៣ ឆ្នាំចុងក្រោយនេះ ប៉ុន្ដែ បែរ​ជា​មានការខ្ចីកើនឡើង​ពីបណ្ដា ប្រទេស​ និងដៃគូអភិវឌ្ឍន៍​ផ្សេងទៀត។

ឯកឧត្តម បន្ថែមទៀតថា «មួយឆ្នាំៗ យើង​សង​ទៅចិន​ទាំងប្រាក់ដើម និងប្រាក់ការជិត​២០០លាន​ដុល្លារ គឺជិត​៥០% ដូចគ្នាអញ្ចឹង! ប៉ុន្ដែ ចុងក្រោយ​និន្នាការ​ដែលយើង​ចង់ប្រាប់​គឺថា ជប៉ុន​ក៏ដំឡើង​ការឲ្យខ្ចីយើង​សម្បើមដែរ លឿនដែរ! World Bank, ADB នេះ ក៏ឡើង​គួរសមដែរ​កូរ៉េក៏ខ្លាំងដែរ។ ចុងក្រោយ​តួលេខ​កូរ៉េ ជប៉ុន ADB, World Bank ឡើង! តែចិន​អត់ឡើងប៉ុន្មានទេ! ចិនដាំដូងវិញហើយ! ការខ្ចីពីចិន​ចាប់ផ្ដើមធ្លាក់​វិញហើយ! ប៉ុន្ដែ​ខ្ចីពីដៃគូផ្សេង​គឺឡើងខ្លាំង​ពីរឆ្នាំចុងក្រោយនេះ។ ដូច្នេះ ក្នុងរយៈពេលមធ្យម​Loan portfolio របស់យើង​នឹង​​កាន់តែមាន​តុល្យភាពជាងមុន»។

បើតាម​របាយការណ៍​ពីក្រសួងសេដ្ឋកិច្ច​និងហិរញ្ញវត្ថុ​បាន​បង្ហាញថា គិតត្រឹម​ឆ្នាំ២០១៩ កម្ពុជា​មានសន្និធិ​បំណុល​សាធារណៈ​សរុបប្រមាណ ៧.៦០០ លាន​ដុល្លារអាមេរិក ។

ឥឡូវនេះ ងាកមកចាប់អារម្មណ៍​ពីបំណុល​សាធារណៈ​របស់វៀតណាមវិញ។ តាមការអះអាង​របស់​នាយករដ្ឋមន្ត្រី​វៀតណាម កាលពីពេល​ថ្មីៗនេះ បាន​ឲ្យដឹងថា ប្រទេស​វៀតណាម​អាច​នឹងបង្កើន​កម្រិតបំណុល​សាធារណៈរបស់ខ្លួន ២ ទៅ៣ភាគរយ​បន្ថែមទៀត នៅឆ្នាំនេះ ដើម្បីយកប្រាក់កម្ចីទាំងនោះ មកធ្វើការស្ដារ​សេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ ក្រោយពីប្រទេសនេះបាន​និងកំពុង​ប្រឈមនឹង​វិបត្តិ​នៃមេរោគកូវីដ-១៩។ ក្នុងនោះដែរ វៀតណាម​នឹងចរចា​ខ្ចី​ប្រាក់បន្ថែមទៀត ពីធនាគារ​ពិភពលោក និងអង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិជាដើម។ 

ការស្វែងរកប្រាក់កម្ចីបន្ថែមនេះ អាចនឹងធ្វើឲ្យបំណុល​សាធារណៈរបស់វៀតណាម​កើនឡើងប្រមាណ២ ទៅ៣% បន្ថែមទៀត ពីលើកម្រិតបំណុល​ដែលមាន​នាពេលបច្ចុប្បន្ន ៥៧% ទៅ៥៨% នៃផលិតផល​ក្នុងស្រុកសរុប។ ប៉ុន្ដែ វានៅតែស្ថិតនៅក្នុងគម្លាត​នៃកម្រិត​បំណុលសាធារណៈ​ដែលសភាជាតិ​វៀតណាម​បានកំណត់សម្រាប់ឆ្នាំ២០១៦-២០២០ ឲ្យមាននៅត្រឹម ៦៥% ប៉ុណ្ណោះនៃ ផលិតផលក្នុង​ស្រុក​សរុបរបស់ប្រទេស។

រដ្ឋាភិបាលវៀតណាមកាលពីពេលថ្មីៗនេះ បាននិយាយថា បំណុលសាធារណៈ​របស់ខ្លួនអាច​នឹងមានដល់ ៥៦,៤% នៃផលិតផល​ក្នុងស្រុកសរុបនៅ​ឆ្នាំនេះ ប្រសិនបើ​ផលិតផល​ក្នុងស្រុក​សរុបកើន ៣,៦% ។ បំណុល​សាធារណៈ​វៀតណាម​គិតត្រឹមឆ្នាំ២០១៩ មានប្រមាណ ៥៤,៧% នៃផលិតផល​ក្នុង​ស្រុកសរុប។

ដោយឡែក បើយើង​ក្រឡេកមក​មើល​ប្រទេសថៃវិញ ការិយាយល័យ​គ្រប់គ្រង​បំណុល​សាធារណៈ​របស់ថៃ នាពេល​ថ្មីៗនេះដែរ បាន​បញ្ជាក់ថា ថៃកំពុង​បង្កើន​កម្រិត​បំណុលសាធារណៈ​បន្ថែមទៀតនៅឆ្នាំនេះ និងឆ្នាំក្រោយ ដើម្បី​​ដោះស្រាយ​វិបត្ដិ​កូវីដ-១៩ ដែលកំពុងជះ​ឥទ្ធិពល​អាក្រក់​ខ្លាំងមកលើ​សេដ្ឋកិច្ច​ប្រទេស​របស់ខ្លួន។​ស្ថាប័នរដ្ឋ​ថៃមួយនេះ បានអះអាងទៀតថា ទោះបីជាមាន​កម្រិតបំណុល​សាធារណៈកើន​ឡើងជាងមុន ដែលរំពឹងថា នឹងកើនដល់ ៥៧% នៃ GDP នៅឆ្នាំ២០២១ ក៏ដោយចុះ ប៉ុន្ដែ​កម្រិតប៉ុណ្ណេះ មិនទាន់​ជាកម្រិតមួយ​ដែលត្រូវ​ភ័យព្រួយនោះទេ។​

នៅឆ្នាំ​២០២១ ខាងមុខនេះ កម្រិត​បំណុលសាធារណៈ​សរុប​របស់ថៃ រំពឹងថា នឹងកើនឡើងដល់ទៅ ៥៧% នៃ GDP ខណៈដែល​កាលពីឆ្នាំ២០១៩ មានត្រឹមតែ​៤១% នៃ GDP ប៉ុណ្ណោះ។ ការិយាយល័យ​គ្រប់គ្រង​បំណុលសាធារណៈ​របស់ថៃ បានបញ្ជាក់ថា កម្រិត​បំណុល​ដែលថៃមាន នៅឆ្នាំ២០១៩ វានៅតែ​ស្ថិត​នៅក្រោម​កម្រិត​មធ្យម​នៃ​កម្រិត​បំណុល​សាធារណៈ ដែលប្រទេស​មានទីផ្សារ​កំពុង​រីកចម្រើន​មាន​នៅឡើយទេ ដោយ​ប្រទេស​មានទីផ្សារ​កំពុងរីកចម្រើន (Emerging-market) ជាមធ្យម​មានបំណុល​សាធារណៈ​៤៨% នៃ GDP។

យ៉ាងណាក៏ដោយ អ្នកជំនាញ​បញ្ជាក់ថា ការដែល​ពិនិត្យមើលថា តើ​បំណុលសាធារណៈរបស់ថៃ កំពុង​ស្ថិត​នៅក្នុង​ហានិភ័យ​នៃ​បន្ទុក​ការ​ប្រាក់​ទៅលើ​ថវិកា​រដ្ឋាភិបាល​ដែរ ឬយ៉ាងណានោះ វាគឺជា​រឿងសំខាន់មួយ ដែលត្រូវពិចារណា។ នៅប្រទេសថៃ បន្ទុក​ការប្រាក់​លើ​ថវិកា​រដ្ឋាភិបាល​ គឺមាន​៥% ខណៈដែល​ស្ដង់ដារ​អន្តរជាតិ គឺត្រូវបាន​កំណត់​មិន​ឲ្យលើសពី ១០%នោះទេ។

អគ្គនាយិកា​ការិយាល័យ​គ្រប់គ្រង​បំណុល​សាធារណៈ​របស់ថៃ បាននិយាយថា មានប្រទេសខ្លះ មាន​បំណុលសាធារណៈ​រហូតដល់ទៅ ៧៥% នៃ GDP ក៏មាន ខណៈដែល​បន្ទុកការប្រាក់​លើ​ថវិការដ្ឋាភិបាល​មានដល់ទៅ ២៥% ទៅ៣០%​ឯណោះ។ សម្រាប់ប្រទេសថៃ បន្ទុកការប្រាក់​ទៅលើ​ថវិការដ្ឋាភិបាល​នឹងកើនឡើង​ដល់ ៦% នៅឆ្នាំក្រោយ ដែលវា​គឺស្ថិត​នៅក្រោម​កម្រិត​ស្ដង់ដារ​អន្តរជាតិ​នៅឡើយទេ។

សូមបញ្ជាក់ថា បំណុលសាធារណៈដែល​ប្រទេសថៃមាន​នៅឆ្នាំ២០១៩ គឺមានប្រមាណ​ជាង ២៣០ ពាន់លាន​ដុល្លារអាមេរិក ពោលគឺស្មើនឹង​ប្រមាណ​៤១% នៃទំហំ​GDP របស់ប្រទេសនេះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


Vietjet ត្រូវបានទទួល​ស្គាល់​ជា​ម៉ាកយីហោ​វៀតណាម​ដែល​មាន​ឥទ្ធិពល​បំផុត​លើ​ពិភពលោក

ព័ត៌មាន
ភ្នំពេញ ថ្ងៃទី ២៧ កក្កដា ២០២០ - ក្រុមហ៊ុនអាកាសចរណ៍ Vietjet បានទទួលពានរង្វាន់ជាម៉ាកយីហោរបស់ វៀតណាម ដែលមានឥទ្ធិពលបំផុត បន្ទាប់ពីបានឈ្ន…

FTA រវាងកម្ពុជា និងចិន នឹងជួយឲ្យមុខទំនិញកម្ពុជាជាង៣៤០មុខ អាចនាំទៅកាន់ទីផ្សារចិន

ព័ត៌មាន
ក្រោយពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិន (FTA) នឹងត្រូវបានចុះហត្ថលេខា និងចូលជាធរមាន នៅពេលខាងមុខនេះ យ៉ាងហោចណាស់មុខទំនិញរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ