ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានបង្ហាញពីគម្រោងបង្កើតការិយាល័យតំណាងសភាពាណិជ្ជកម្មនៅតាមបណ្តាប្រទេសធំៗមួយចំនួនដូចជា សហរដ្ឋអាមេរិក សមាគមអឺរ៉ុប ចិន ជប៉ុន និងកាណាដាជាដើម។ ការិយាល័យនេះ នឹងដើរតួនាទីជាអ្នកផ្សព្វផ្សាយពីច្បាប់ និងគោលនយោបាយវិនិយោគ ក៏ដូចជាចំណុចសក្តានុពលរបស់កម្ពុជា ដើម្បីទាក់ទាញវិនិយោគិននៅប្រទេសទាំងនោះ ឲ្យមកបោះទុនវិនិយោគនៅកម្ពុជា។
បើតាមអនុប្រធានសភាពាណិជ្ជកម្មរូបនេះ ក្រោយការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាត្រូវបានបង្កើតឡើង អ្នកវិនិយោគនៅតាមបណ្តាប្រទេសសេដ្ឋកិច្ចរីកចម្រើនទាំងនោះអាចមកសួរព័ត៌មានពាក់ព័ន្ធផ្នែកច្បាប់ និងលក្ខខណ្ឌវិនិយោគផ្សេងៗរបស់កម្ពុជាតាមរយៈការិយាល័យនេះ ដោយមិនចាំបាច់មកកម្ពុជាផ្ទាល់ក៏បាន។
ឧកញ៉ា លឹម ហេង បានគូសបញ្ជាក់បន្ថែមថា ក្នុងចំណោមប្រទេសគោលដៅធំៗខាងលើ ជប៉ុនទំនងជាប្រទេសដំបូងគេ ដែលត្រូវបានកម្ពុជាជ្រើសរើសក្នុងការសាងសង់ការិយាល័យតំណាងសភាពាណិជ្ជកម្មរបស់ខ្លួន។ បន្ទាប់មកការិយាល័យនេះ នឹងត្រូវបានសាងសង់គ្រប់ប្រទេសគោលដៅទាំងអស់ ក្រោយការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ មានភាពធូរស្បើយមួយកម្រិត។
របាយការណ៍ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបង្ហាញថា នៅរយៈពេល៤ខែដំបូងនៅឆ្នាំ២០២១នេះ ស្ថានភាពវិនិយោគនៅកម្ពុជា មិនទាន់មានភាពល្អប្រសើរនៅឡើយទេ ដោយគម្រោងវិនិយោគឯកជនសរុបមានចំនួន ៣៤គម្រោង ធ្លាក់ចុះ៤៣គម្រោង ធ្លាក់ចុះជាង៥៨% ក្នុងនោះ ទុនវិនិយោគសម្រេចបានជាង៧០០លានដុល្លារ ធ្លាក់ចុះ ប្រមាណ ៥៤% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕