លោក សំ សារឿន ប្រធានសមាគមលើកកម្ពស់ស្ករត្នោតខេត្តកំពង់ស្ពឺ បានប្រាប់សារព័ត៌មានអេឡិចត្រូនិក ខេមបូណូមីស ថា ភ្លៀងធ្លាក់គ្រប់គ្រាន់ធ្វើឲ្យសុខភាពត្នោតល្អ គួបផ្សំជាមួយនឹងការពង្រីកសមាជិក តំបន់ផលិតស្ករត្នោតរបស់សមាគម គេរំពឹងថា នឹងអាចផលិតកើនឡើងដល់ជាង ៣០០តោនក្នុងឆ្នាំ ២០១៧នេះ។
លោក សំ សារឿន និយាយដូច្នេះថា បើយើងមិនអាចផលិតបានជុំវិញ ៣០០តោននេះទេ នោះយើងមិនអាចផ្គត់ផ្គង់ទីផ្សារបានឡើយ។
គិតត្រឹមឆ្នាំ២០១៦ សមាគមលើកកម្ពស់ស្ករត្នោតខេត្តកំពង់ស្ពឺ មានសមាជិកជាអ្នកផលិតស្ករត្នោត ២៦៨ គ្រួសារ ដែលជាមធ្យមផលិតបានស្ករត្នោតចំនួន ២៥០តោន ដោយក្នុងនោះប្រមាណ ១០០តោនត្រូវបាននាំចេញទៅទីផ្សារក្រៅប្រទេសនៅឆ្នាំ២០១៦។
កាលពីឆ្នាំ២០១៦ គ្រោះរាំងស្ងួតដែលបានអូសបន្លាយវែង បានធ្វើឲ្យប៉ះពាល់ដល់ទិន្នផលទឹកត្នោតថយចុះប្រមាណ ២៥% បើប្រៀបធៀបបរិមាណទឹកត្នោតកាលពីឆ្នាំទៅ។ ការថយចុះបរិមាណទឹកត្នោតនេះ មិនបានឆ្លើយតបទៅនឹងការបញ្ជាទិញស្ករត្នោតដ៏ច្រើនសន្ធឹកសន្ធាប់នោះទេ។ នេះបើយោងតាមការលើកឡើងពីក្រុមអ្នកផលិតស្ករត្នោត និងសហគ្រាសផលិតទឹកក្មេះ និងស្រាទឹកត្នោត។
ស្ករត្នោតខ្មែរមានតម្រូវការទីផ្សារច្រើននៅអាស៊ីរហូតដល់៦០ភាគរយ ដូចជា ជប៉ុន កូរ៉េ ចិន និងនៅទីផ្សារអឺរ៉ុប។
កាលពីឆ្នាំ២០១៦ ក្រុមហ៊ុនខុនហ្វីរ៉ែល (Confirel) បានឲ្យដឹងថា ក្រុមហ៊ុនសម្រេចតាមផែនការនាំចេញស្ករត្នោត ១៥០តោន ទៅកាន់ទីផ្សារអន្តរជាតិដូចគ្នាទៅនឹងឆ្នាំ២០១៥ កន្លងទៅដែរ ព្រោះការប្រមូលផលស្ករត្នោតសម្រេចបាន៩០% នៃផែនការនាំចេញ ។
យ៉ាងណាក៏ដោយក្រុមអ្នកជំនាញនិងអ្នកផលិតស្ករត្នោតអះអាងថា នៅប្រទេសកម្ពុជាពុំទាន់មានរោងចក្រសម្រាប់ផលិតស្ករត្នោតនៅឡើយទេ។ ការផលិតស្ករត្នោត ត្រូវបានធ្វើឡើងដោយកសិករនៅតាមគ្រួសារនីមួយៗ ដែលមានទម្លាប់ផលិតស្ករត្នោតនេះពីដូនតារបស់ខ្លួន។ ហើយបច្ចុប្បន្នចំនួនអ្នកផលិតត្រូវគេរាយការណ៍ថា មានការថយចុះជាលំដាប់ ដោយសារបរិមាណទឹកត្នោតតិច ការចំណាយទុនច្រើនក្នុងការផលិត។
ក្រៅពីនោះ ស្ករត្នោតក៏មានឧបសគ្គច្រើនដែរចំពោះការនាំចេញ ព្រោះវាជាប្រភេទថ្មីដែលគេពុំទាន់ស្គាល់ទូលំទូលាយនៅក្នុងទីផ្សារអន្តរជាតិ។ ហើយក៏នៅមានបញ្ហាប្រឈមជាច្រើន ដូចជា ថ្លៃសេវាដឹកជញ្ជូន និងសេវាបំពេញបែបបទនាំចេញនៅតែមានតម្លៃខ្ពស់ជាងប្រទេសជិតខាងដដែល៕