កសិកម្ម​ខ្មែរ​មាន​សង្ឃឹម​ឡើង​វិញ?

​បណ្ឌិត​យ៉ង​ សាំងកុមារ ​ថា ត្រូវការ​យុវជន​​១​ពាន់​នាក់​ដើម្បី​ប្រែ​ក្លាយ​កម្ពុជា​​ជា​ប្រទេស​កសិកម្ម​សរីរាង្គ​ឈាន​មុខ


លោកបណ្ឌិត យ៉ង សាំងកុមារ ដែល​គេ​ស្គាល់​ថា​ជា​បុរស​បេះដូង​កសិករ និង​ជា​ស្ថាបនិក​អង្គការ​កសិកម្ម​សរីរាង្គ​ដ៏​ល្បី​ល្បាញ ឈ្មោះ សេដាក កំពុង​បើក​យុទ្ធនាការ​បង្ហាត់​បង្រៀន​យុវជន​កម្ពុជា​ដាំ​ដុះ​ផលិត​បន្លែ​សរីរាង្គ។
យុវជន​មួយ​ក្រុម​កំពុង​ហាត់​រៀន​ជំនាញ​កសិ​ពាណិជ្ជកម្ម​ពី​បណ្ឌិត​យ៉ង សាំងកុមារ

នៅលើទំព័រហ្វេសប៊ុករបស់លោក​ថ្មីៗ​នេះ លោក​បណ្ឌិត យ៉ាង សាំងកុមារ សរសេរ​ថា «យុវជន​មួយ​ក្រុម​ត្រៀម​ខ្លួន​ទៅ​ហាត់​ដាំ​ស្លឹក​គ្រៃ​លក់​ឲ្យ​បាន​យ៉ាង​តិច​បំផុត ២០០​គីឡូក្រាម ក្នុង​មួយ​ថ្ងៃ»

លោក​បណ្ឌិត​មាន​ប្រសាសន៍​ថា៖ «យើង​ត្រូវការ​ធនធាន​មនុស្ស​ដូច​ក្រុម​គាត់ យ៉ាង​តិច​បំផុត ១០០០​នាក់​ដើម្បី​អភិវឌ្ឍ​កម្ពុជា​ក្លាយ​ជា​ប្រទេស​ឈាន​មុខ​ខាង​កសិកម្ម​សរីរាង្គ»។

សូម្បី​ស្លឹកគ្រៃ​ដែល​ខ្មែរ​តែង​ដាំ​ក្បែរ​របង​ផ្ទះ​ ក៏​យើង​នាំ​ចូល​ពី​គេ​ដែរ!

យោងតាមលោកបណ្ឌិត យ៉ង សាំងកុមារ សព្វថ្ងៃ លោក​កំពុង​ដឹកនាំ​បង្ហាត់​ជំនាញ​កសិពាណិជ្ជកម្ម​ដល់​យុវជន ៣​ក្រុម ដោយ​រួម​មាន​ក្រុម​ខ្ទឹម​ស្លឹក ក្រុម​ត្រឡាច និង​ក្រុម​អូក្រា (ពោត​បារាំង) ហើយ​រយៈពេល​បង្ហាត់ គឺ​យ៉ាង​ហោច​ណាស់ ៦​ខែ។

ប្រទេស​កម្ពុជា​ត្រូវ​គេ​រាយការណ៍​ថា មាន​តម្រូវការ​បន្លែ​ក្នុង​មួយ​ឆ្នាំៗ ជិត ១​លាន​តោន ប៉ុន្តែ កម្ពុជា​អាច​ដាំដុះ​ផ្គត់ផ្គង់​តម្រូវការ​នេះ​ដោយ​ខ្លួន​ឯង បាន​តែ​ប្រមាណ ៤០%​ប៉ុណ្ណោះ ក្រៅ​ពី​នោះ គឺ​នាំចូល​ពី​ប្រទេស​វៀតណាម ថៃ និង​ខ្លះ​ទៀត មក​ពី​ប្រទេស​ចិន ក៏​មាន​ដែរ។

របាយការណ៍​ក៏​បាន​បង្ហាញ​ដែរ​ថា សូម្បី​ស្លឹក​គ្រៃ​ដែល​ប្រជាជន​កម្ពុជា​តែង​ដាំ​នៅ​ក្បែរ​របង​ផ្ទះ ក៏ត្រូវ​បាន​នាំចូល​រាប់​សិប​តោន​ ពី​ប្រទេស​ជិត​ខាង​ដែរ។

នៅក្នុង​សំណេរ​លើ​ទំព័រ​ហ្វេសប៊ុក​មួយ​ទៀត លោក​បណ្ឌិត យ៉ង សាំងកុមារ ឲ្យ​ដឹង​ថា នៅផ្សារ​ឈើ​កាច់ ស្រុក​បាភ្នំ ខេត្ត​ព្រៃវែង ដែល​ជាប់​នឹង​ប្រទេស​វៀតណាម ក្នុង​មួយ​ថ្ងៃ ខ្មែរ​យើង​នាំ​ស្លឹកគ្រៃ​ប្រហែល ៧០​គីឡូក្រាម ពី​ប្រទេស​វៀតណាម មក​លក់។

លោកបន្តថា លោកកំពុង​ជួយ​គាំទ្រ​អ្នក​ស្រុក​បាភ្នំ ដាំ​ស្លឹក​គ្រៃ និង​ចេក​ផ្គត់ផ្គង់​មក​ទីផ្សារ​ឈើ​កាច់ ដោយ​លោក​ថា ការផលិត​នៅ​មូលដ្ឋាន​ផ្គត់ផ្គង់​មក​ទីផ្សារ​មូលដ្ឋាន ជួយ​ដល់​ការងារ និង​សេដ្ឋកិច្ច​មូលដ្ឋាន៕




អត្ថបទបន្ទាប់


កម្ពុជា​ត្រូវការ​ថវិកា​១៣​ពាន់​លាន​ដុល្លារ​ដើម្បី​ពង្រីក​ហេដ្ឋា​រចនា​សម្ព័ន្ធ

ព័ត៌មាន
ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​ឲ្យ​កាន់​តែ​មាន​ភាព​រឹងមំា​យូរ​អង្វែង​នៅ​លើ​ឆាក​អន្តរជាតិ ប្រទេស​កម្ពុជា​ចំាបាច់​ណាស់​ត្រូវតែ​ពង្រីក​វិស…

ឧកញ៉ា សៀ ឫទ្ធី បុរស​នៅ​ពី​ក្រោយ​គម្រោង​លំនៅ​ឋាន​សមរម្យ​សម្រាប់​មន្ត្រី​រាជការ

ព័ត៌មាន
រយៈ​ពេល​បី​ឆ្នាំ​ចុង​ក្រោយ​នេះ ឧកញ៉ា សៀ ឫទ្ធី ហាក់​បី​ដូច​ជា​មាន​កេរ្តិ៍​ឈ្មោះ​បោះ​សំឡេង​យ៉ាង​ខ្លាំង​នៅ​ក្នុង​ស្រទាប់​មហាជន ទំាង​ជាត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ