បើមិនមានអ្វីប្រែប្រួលទេ នៅថ្ងៃពុធទី ១២ កុម្ភៈនេះ សហភាពអឺរ៉ុប នឹងប្រកាសពីកាសម្រេចចុងក្រោយថា ដក ឬមិនដកប្រព័ន្ធអនុគ្រោះពន្ធ អ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ (EBA) ពីប្រទេសកម្ពុជា។
តាមរយៈសារសំឡេងជាង ៣នាទី ដែលត្រូវបានគេចែករំលែកតគ្នា ដែលគេស្គាល់ថា ជាសារសំឡេងរបស់លោក ហេង សួរ មន្ត្រីនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីរៈ បានឲ្យដឹងថា នៅក្នុងខែមីនា ខាងមុខនេះ នឹងមានការបិទរោងចក្រកាត់ដេរ ឬមានការព្យួរកាងារកម្មករមួយចំនួន ប៉ុន្ដែ លោកបញ្ជាក់ថា ការបិទរោងចក្រ ឬព្យួរការងារនេះ គឺដោយសារតែ រោងចក្រមួយចំនួនកំពុងប្រឈមនឹងបញ្ហាកង្វះខាតវត្ថុធាតុដើមសម្រាប់ការផលិត ដ្បិតថា តាំងពីថ្ងៃបុណ្យឆ្នាំចិនរួច និងមានការផ្ទុះឡើងនៃវីរុសកូរ៉ូណា ប្រទេសចិនបានបិទការនាំចេញផលិតផលទាំងនេះ ដែលវាបានធ្វើឲ្យប៉ះពាល់ដល់ការផលិតសម្លៀកបំពាក់នៅកម្ពុជា ក៏ដូចជាប្រទេសជាច្រើនផ្សេងទៀតផងដែរ។
លោក ហេង សួរ បាននិយាយថា «នៅក្នុងខែមីនាខាងមុខនេះ អាចមានការបិទរោងចក្រមួយចំនួន ឬក៏ព្យួរការងារនយោជិតមួយចំនួនថាមកពីរឿង EBA អីហ្នុង តាមការពិតមិនមែនទេ! ហើយចំពោះមុខអ្វីដែលជាការជាក់ស្ដែង គឺថា រោងចក្រកាត់ដេរនៅកម្ពុជា ក៏ដូចជារោងចក្រនៅប្រទេសផ្សេងទៀត ដែលពឹងលើវត្ថុធាតុដើមពីប្រទេសចិននេះ គឺត្រូវការពេលប្រហែលជាខ្ទង់ ៤០ថ្ងៃ សម្រាប់ការទទួលបាននូវត្ថុធាតុដើម ពីប្រទេសចិន ដើម្បីយកមកធ្វើជាធាតុចូលសម្រាប់ផលិតកម្មរបស់ខ្លួន។»
មន្ត្រីជាន់ខ្ពស់ក្រសួងការងាររូបនេះ បានគូសបញ្ជាក់ទៀតថា សម្រាប់ផលិតកម្មកាត់ដេររបស់កម្ពុជា គឺភាគច្រើនយកវត្ថុធាតុដើមក្រណាត់ពីប្រទេសចិន ហើយនៅខែធ្នូឆ្នាំ២០១៩ និងខែមករាឆ្នាំ២០២០នេះ គឺមានការដឹកជញ្ជូនវត្ថុធាតុដើមពីចិនមកច្រើន មុនពេលចូលឆ្នាំចិន។ ប៉ុន្ដែ នៅក្រោយចូលឆ្នាំចិននេះ រោងចក្រនៅក្នុងប្រទេសចិនបានបិទទាំងស្រុង ហើយបន្ទាប់ពីមានការផ្ទុះឡើងនៃវីរុសកូរ៉ូណានាពេលថ្មីៗនេះ រោងចក្រនៅចិនគឺមិនទាន់បើកដំណើរការនៅឡើយទេ។ ដូច្នេះហើយ ផ្អែកលើកត្តាទាំងនេះ ក្រសួងការងារ បានចាត់ទុកថា នឹងធ្វើឲ្យមានការបិទរោងចក្រមួយចំនួននៅកម្ពុជា ក៏ដូចជាការព្យួរការងារកម្មករនយោជិតផងដែរ។
បច្ចុប្បន្ននេះ រោងចក្រកាត់ដេរមានវត្ថុធាតុដើមសម្រាប់ការផលិត នៅត្រឹមចុងខែកុម្ភៈនេះប៉ុណ្ណោះ។
លោក ហេង សួរ បានបញ្ជាក់បន្ថែមថា មានរោងចក្រមួយចំនួនបានធ្វើការទំនាក់ទំនងដើម្បីកម្ម៉ង់វត្ថុធាតុដើមសម្រាប់ការផលិតពីដៃគូរបស់ខ្លួននៅប្រទេសចិនដែរ ប៉ុន្ដែ ដៃគូផ្គត់ផ្គង់ទាំងនោះ មិនទាន់ឆ្លើយតបថា នឹងអាចដឹកជញ្ជូនមកកម្ពុជានៅពេលណានៅឡើយទេ។
បើតាម ការគូសបញ្ជាក់របស់លោក ហេង សួរ ការលើកឡើងពីការបិទរោងចក្រនៅខាងក្រោយនេះ គឺដើម្បី ជាការផ្សព្វផ្សាយដំណឹងជាមុន ដើម្បីកុំឲ្យសាធារណជន មានការយល់ខុសថា ការបិទនេះ គឺដោយសារតែឥទ្ធិពលនៃការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ពិសេស គឺដើម្បីទប់ទល់នឹងការវាយប្រហារពីសំណាក់ក្រុមគណៈបក្សប្រឆាំង ដែលតែងតែលើកយកបញ្ហា EBA នេះ មកវាយប្រហារលើរាជរដ្ឋាភិបាល។
លោក ហេង សួរ និយាយយ៉ាងដូច្នេះ «ករណីបើមានការបិទ ឬការព្យួររោងចក្រនៅក្នុងខែ ៣ ឬខែ៤ខាងមុខនេះ ដូច្នេះអ្វីដែលបិទ ឬក៏ព្យួរនេះ វាមិនមែនមកពីឥទ្ធិពល EBA ឬមួយឥទ្ធិពលស្អីទេ គឺឥទ្ធិពលកង្វះវត្ថុធាតុដើមពីប្រទេសចិនហ្នឹងតែម្ដង»។
បើតាមមន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា បានអះអាងថា តាមព័ត៌មានក្រៅផ្លូវការ ឲ្យដឹងថា ការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា ដោយសភាពអឺរ៉ុបនេះ គឺអាចនឹងធ្វើឡើងលើចំណែកមួយចំនួនប៉ុណ្ណោះ មិនមែនដកទាំងស្រុងនោះទេ។ ពោលគឺ អាចប៉ះពាល់ដល់ទឹកប្រាក់នាំចេញសម្រាប់ផលិតផលសម្លៀកបំពាក់ប្រមាណ ២០% និងស្បែកជើងប្រមាណ៣០%។ បើតាមការគណនារបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បើសិនជាការដកក្នុងចំនួនប៉ុណ្ណេះមែន នោះវានឹងធ្វើឲ្យប៉ះពាល់ដល់ការនាំចេញរបស់កម្ពុជាប្រមាណជា ៥០០ លានដុល្លារអាមេរិក និងប៉ះពាល់ការងារកម្មករប្រមាណ ៣ម៉ឺននាក់៕