ទេសចរណ៍​កម្ពុជា

ពិនិត្យ​ឡើង​វិញ​វិស័យ​ទេសចរណ៍​កម្ពុជា​ក្នុង​ឆ្នាំ​២០១៦


ឆ្នាំ​២០១៦ ទេសចរ​អន្តរជាតិ​មក​ទស្សនា​កម្ពុជា​មាន​ការ​កើន​ឡើង​តិច​តួច មិន​ធ្លាប់​មាន​នៅ​ក្នុង​រយៈពេល​១០​ឆ្នាំ​កន្លង​មក​នេះ ប៉ុន្តែ រំពឹង​ខ្លំាង​ឡើង​វិញ​ក្នុង​ឆ្នាំ​២០១៧។
ព្រះរាជ​ពិធី​បុណ្យ​អុំទូក

រយៈ​ពេល​១ឆ្នាំ​ពេញ ២០១៦ វិស័យ​ទេសចរណ៍​កម្ពុជា​ហាក់​បី​ដូចជា​មិន​មាន​សន្ទុះ​កើន​ឡើង​ខ្លាំង​ដូច​បណ្តា​ឆ្នាំ​មុនៗ​ឡើយ។ បើ​តាម​ការ​បញ្ជាក់​អះអាង​ពី​រដ្ឋមន្រ្តី​ក្រសួង​ទេសចរទេសណ៍ ថា ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​ដែល​មក​ទស្សនា​កម្ពុជា ក្នុង​ឆ្នាំ​២០១៦ មាន​ចំនួន​ប្រមាណ​ជិត ៥​លាន​នាក់ បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា កាល​ពី​ឆ្នាំ​២០១៥ ចំនួន​ភ្ញៀវ​ទេសចរ​អន្តរជាតិ មាន​ប្រមាណ​៤​លាន​៧​សែន​នាក់ ពោល​គឺ​កើន​ឡើង​តែ ៥​ភាគ​រយ​ប៉ុណ្ណោះ។ នេះ​គឺ​ជា​ការ​កើន​ឡើង​តិច​តួច ដែល​មិន​ធ្លាប់​មាន​​នៅ​ក្នុង​រយៈពេល​១០​ឆ្នាំ​កន្លង​មក​នេះ។

ចំណែក​ទឹក​បា្រក់​ដែល​កម្ពុជា​រក​ចំណូល​បាន​មក​ពី​ឧស្សាហកម្ម​ទេសចរណ៍​ក្នុង​ឆ្នាំ​២០១៦ មាន​ចំនួន​ប្រមាណ ៣​ពាន់​២០០​លាន​ដុល្លារ​អាមេរិក លើស​ពី​ឆ្នាំ​មុន ១០០​លាន​ដុល្លារ​តែ​ប៉ុណ្ណោះ ដែល​មាន​ទឹក​ប្រាក់​ប្រមាណ ៣​ពាន់​១០០​លាន​ដុល្លារ​អាមេរិក។

ក្រុម​អ្នក​ជំនាញ​នៅ​ក្នុង​វិស័យ​ទេសចរណ៍​បាន​អះអាង​ថា ការ​កើន​ឡើង​យឺត​នៃ​ភ្ញៀវ​ទេសចរ​មក​ទស្សនា​ប្រទេស​កម្ពុជា គឺ​ដោយសារ​មូល​ហេតុ​មួយ​ចំនួន​ដូចជា ការ​រឹត​ត្បិត​ការ​ចំណាយ​របស់​ប្រជាជន​ក្នុង​ពិភព​លោក ខណៈ​កំណើន​សេដ្ឋកិច្ច​ពិភព​លោក​ក្នុង​ឆ្នាំ​២០១៦ ហាក់​បី​ដូច​ជា​មិន​មាន​ភាព​ប្រាកដ​ប្រជា​នោះ​ទេ ពោល​គឺ​កើន​ឡើង​យឺត និង​ទី​ពីរ គឺ​ការ​ភ័យ​ខ្លាច​រអា​ពី​ក្រុម​ភេរវករ​ដែល​តែង​តែ​ធ្វើ​សកម្មភាព​បំផ្ទុះ​គ្រាប់​បែក និង​ទី​បី ភ័យ​ខ្លាច​ជំងឺ​ឆ្លង​ផ្សេងៗ​មួយ​ចំនួន​។ល។

ទេសចរ​បរទេស​មក​ទស្សនា​កម្ពុជា​កើន​ឡើង​បន្តិច​បន្តួច​ក្នុង​ឆ្នាំ​២០១៦។

ទោះ​បី​យ៉ាង​ណា​ក៏​ដោយ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ បាន​អះអាង​ថា វិស័យ​ទេសចរណ៍​នៅ​តែ​ជា​វិស័យ​នាំ​មុខ​មួយ​ក្នុង​ការ​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ ពោល​គឺ​បាន​និង​កំពុង​ធ្វើ​ឲ្យ​វិស័យ​ដទៃ​ទៀត​កើន​ឡើង​ទៅ​តាម​នោះ​ដែរ។ ដូច្នេះ បើ​កាល​ណា​ចំនួន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចូល​មក​កាន់​តែ​ច្រើន យើង​ចាំបាច់​ត្រូវការ​ការអភិវឌ្ឍ​បន្ថែម​លើ​គ្រប់​វិស័យ រួមមាន  វិស័យ​ហេដ្ឋា​រចនា​សម្ព័ន្ធ ពង្រីក​ការ​អភិវឌ្ឍ​កំពង់​ផែ និង​ពង្រីក​ការ​ផលិត​ទំនិញ​កសិកម្ម​បន្ថែម​ជា​ដើម។

លោក ថោង ខុន រំពឹង​ថា តាម​ផែនការ​នៅ​ឆ្នាំ​២០១៧ កម្ពុជា​នឹង​អាច​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​បរទេស កើនដល់​ ៥​លាន​៥​សែន​នាក់ និង​រំពឹង​ថា ឆ្នាំ​២០២០ អាច​ទាក់ទាញ​ទេសចរ​បាន ៧​លាន​នាក់។ លោក​បន្ត​ថា កន្លង​មក ទិសដៅ​ទេសចរ​ដែល​មក​ទស្សនា​កម្ពុជា​ប្រមាណ ៧៧​ភាគ​រយ មក​ពី​អាស៊ី​ប៉ាស៊ីហ្វិក ១៨​ភាគ​រយ មក​ពី​អឺរ៉ុប ៧​ភាគរយ​មក​ពី​អាមេរិក។

កម្ពុជា​ត្រូវ​ពង្រឹង​និង​ពង្រីក​វិស័យ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ដឹក​ជញ្ជូន​សម្រាប់​ទាក់​ទាញ​ភ្ញៀវ​ទេសចរ

ជាមួយ​គ្នា​នេះ​ដែរ ក្រុម​អ្នក​ជំនាញ​ទេសចរណ៍​ពិភពលោក បាន​អះអាង​ថា ប្រទេស​កម្ពុជា​មាន​សក្តានុពល​ខ្លាំង​ផ្នែក​ទេសចរណ៍​ដោយសារ​កម្ពុជា​មាន​វប្បធម៌​ដ៏​សំបូរ​បែប សំណង់​បុរាណ ធម្មជាតិ ដែល​ធ្វើ​ឲ្យ​​ភ្ញៀវ​ទេសចរ​មិន​ត្រឹម​តែ​មក​ទេសចរណ៍​ប៉ុណ្ណោះ​ទេ ថែម​ទាំង​មាន​ការ​ផ្សារ​ភ្ជាប់​ខ្លួន​ទៅ​នឹង​វប្បធម៌​របស់​កម្ពុជា​ទៀត​ផង។

ប៉ុន្តែ​អ្វី​ដែល​កម្ពុជា​គួរ​ធ្វើ​នៅ​ពេល​នេះ​ត​ទៅ គឺ​ការ​ពង្រឹង​និង​ពង្រីក​វិស័យ​ហេដ្ឋា​រចនា​សម្ព័ន្ធ​និង​ដឹកជញ្ជូន​សម្រាប់​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​កាន់​តែ​ច្រើន​ថែម​តៀត។

លោកស្រី ផាន់ ស៊ី ហូ អគ្គលេខាធិការ​នៃ​វេទិកា​ទេចរណ៍​សេដ្ឋកិច្ច​សកល បាន​កត់​សំគាល់​ឃើញ​ថា ការ​អភិវឌ្ឍ​បន្ថែម​លើ​ហេដ្ឋា​រចនា​សម្ព័ន្ធ និង​ ការ​តភ្ជាប់​បណ្តាញ​ដឹក​ជញ្ជូន គឺ​ជា​អ្វី​ដែល​កម្ពុជា​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ធ្វើ​បំផុត។ ហើយ​កម្ពុជា​ត្រូវ​ការ​ចំណេះ​ ជំនាញ បទ​ពិសោធន៍ ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​អ្នក​ទេសចរ​ដែល​ចូល​មក​ទស្សនា​ប្រទេស​កម្ពុជា​ចំណាយ​ពេល​វេលា​ស្នាក់​នៅ​រយៈ​ពេល​យូរ និង​ធ្វើ​ឲ្យ​ពួក​គាត់​មាន​អារម្មណ៍​ចង់​ត្រលប់​មក​ទស្សនា​កម្ពុជា​ម្តង​ទៀត។

លោកស្រី​លើក​ឧទាហរណ៍​ពី​ទីក្រុង​ម៉ាកាវ​ជា​ទីកោះ​តូច​មួយ ប៉ុន្តែ​មាន​ការ​តភ្ជាប់​ជា​ពិភពលោក​ជា​ច្រើន និង​ បាន​ពង្រឹង​លើ​បទ​ពិសោធន៍​អ្នក​ទេសចរណ៍​លើ​ផ្នែក​សិល្បៈ វប្បធម៌ លើ​វិស័យ​សណ្ឋាគារ និង​ទេសចរណ៍ ដែល​អាច​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​បាន ៣០​លាន​នាក់ ជាមួយ​នឹង​ ចំណូល​បាន​ពី​វិស័យ​ទេសចរណ៍​ប្រមាណ​ជាង ៦​ពាន់​លាន​ដុល្លារ ក្នុង​ឆ្នាំ​២០១៥ និង ៣០​ពាន់​លាន​ដុល្លារ បាន​មក​ពី​ចំណូល​វិស័យ​កាស៊ីណូ។

កម្ពុជា​រំពឹង​ខ្ពស់​ពី​ភ្ញៀវ​ទេសចរ​ចិន​ក្នុង​ឆ្នាំ​២០២០

សម្រាប់​ឆ្នាំ​២០២០ កម្ពុជា​កំពុង​ត្រៀម​ទទួល​ភ្ញៀវ​ចិន ខណៈ​ចិន​ប្រកាស​ថា ភ្ញៀវ​ទេសចរ​ចិន​ចេញ​ក្រៅ​ប្រទេស​ប្រមាណ ២០០​លាន​នាក់​នៅ​ក្នុង​ពិភព​លោក ខណៈ​បច្ចុប្បន្ន​ភ្ញៀវ​ចិន​ក្នុង​ទីផ្សារ​អាស៊ាន​ទើប​មាន​២០​លាន​នាក់ ក្នុង​នោះ​កម្ពុជា​ទើប​ទទួល​ភ្ញៀវ​ចិន​បាន ៧០​ម៉ឺន​នាក់​ប៉ុណ្ណោះ ដូច្នេះ​ឆ្នាំ​នេះ​ភ្ញៀវ​ចិន​មក​កម្ពុជា​ប្រមាណ ៩០​ម៉ឺន​នាក់ ប៉ុន្តែ បើ​តាម​ផែនការ​ឆ្នាំ​២០២០ កម្ពុជា​នឹង​អាច​ទាក់​ទាញ​ភ្ញៀវ​ចិន​ឲ្យ​បាន​២​លាន​នាក់។

របាយការណ៍​​អង្គការ​ទេសចរណ៍​ពិភព​លោក បង្ហាញ​ថា នៅ​ទូទាំង​ពិភព​លោក​មាន​ភ្ញៀវ​ធ្វើ​ដំណើរ​ទេសចរណ៍​សរុប ១​ពាន់​២​រយ​លាននាក់​ និង​មាន​ការ​រំពឹង​ទុក​ថា នឹង​កើន​ឡើង​នៅ​ចន្លោះ ៥​ភាគ​រយ​ជា​រឿង​រាល់​ឆ្នាំ។

ចំនួន​ភ្ញៀវ​ទេសចរ​ដ៏​ច្រើន​នេះ​បាន​ផ្តល់​ឱកាស​ជា​ច្រើន​សម្រាប់​ប្រទេស​ជា​គោលដៅ​ទេសចរណ៍។ ចំណែក​ឯ​កម្ពុជា​វិញ គេ​រំពឹង​ថា នឹង​ទទួល​បាន​ភ្ញៀវ​ទេសចរ​ប្រមាណ ៧​លាន​៥​សែន​នាក់​ក្នុង​ឆ្នាំ​២០២០៕

អត្ថបទ​ដោយ ពុទ្ធិកា រង្សី។ លោក​អ្នក​អាច​ទាក់ទង​មក​ម្ចាស់​អត្ថបទ​ដោយអ៊ីម៉េល​មក​កាន់ [email protected]

រូបភាព​កាំជ្រួច​ក្នុង​ពិធី​បុណ្យ​អុំ​ទូក​ យក​មក​ពី​គេហ​ទំព័រ​ហ្វេសប៊ុក​នាយក​រដ្ឋមន្ត្រី​កម្ពុជា

រូបភាព​ទេសចរ​នៅ​មុខ​អង្គរវត្ត យក​មក​ពី​ទីភ្នាក់ងារ​ព័ត៌មាន​ជាតិ AKP




អត្ថបទបន្ទាប់


ការ​នំាចេញ​-នាំ​ចូល​ទំនិញ​កម្ពុជា​ថម​ថយ​កម្លាំង​ក្នុង​ឆ្នាំ​២០១៦

ឆ្នាំ​២០១៦​មួយ​ឆ្នាំ​ពេញ ការ​នំា​ចេញ​-​នាំចូល​ទំនិញ​សរុប​របស់​កម្ពុជា ជាមួយ​នឹង​បណ្តា​ប្រទេស​ជា​ដៃគូ​នៅ​លើ​ពិភព​លោក ហាក់​មាន​កំណើ…

វិស័យ​ស្រូវ​អង្ករ​កម្ពុជា​ជួប​បញ្ហា​អ្វី​ខ្លះ​ក្នុង​ឆ្នាំ​២០១៦

ឆ្នាំ​២០១៦ ត្រូវ​បាន​បិទ​បញ្ចប់​ហើយ ដោយ​បាន​បន្សល់​នូវ​បញ្ហា​ស្មុគ​ស្មាញ​ជា​ច្រើន​នៅ​ក្នុង​វិស័យ​ស្រូវ​អង្ករ​កម្ពុជា។ មាន​បញ្ហា​ចម្បងៗ​មួយ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ