វិស័យទេសចរណ៍

ក្រសួងទេសចរណ៍ នៅតែសង្ឃឹមគោលដៅភ្ញៀវទេសចរអន្តរជាតិជាង ៧លាននាក់ នៅឆ្នាំនេះ ទោះបីមានការផ្ទុះឡើងនៃវីរុសកូរ៉ូណាក៏ដោយ


ក្រសួងទេសចរណ៍កម្ពុជា នៅតែបង្ហាញពីសុទិដ្ឋិនិយមចំពោះគោលដៅកំណើនភ្ញៀវទេសចរជាង ៧លាននាក់នៅឆ្នាំ២០២០នេះ បើទោះបីជាថ្មីៗនេះ មានការរីករាលដាលនូវជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មី កូរ៉ូណា វីរុសកំពុងផ្ទុះឡើងនៅក្នុងប្រទេសចិន និងបន្តរីករាលដាលនៅក្នុងបណ្ដាប្រទេសមួយចំនួនទៀតក៏ដោយ។
ក្រសួងទេសចរណ៍ នៅតែសង្ឃឹមគោលដៅភ្ញៀវទេសចរអន្តរជាតិជាង ៧លាននាក់ នៅឆ្នាំនេះ ទោះបីមានការផ្ទុះឡើងនៃវីរុសកូរ៉ូណាក៏ដោយ (រូបភាព៖ ក្រសួងទេសចរណ៍)
ដោយ

មន្ត្រីជាន់ខ្ពស់​ក្រសួងទេសចរណ៍​អះអាងទៀតថា​ ខាងក្រសួង​បាននិងកំពុង​យកចិត្តទុកដាក់យ៉ាងខ្លាំង និងខិតខំ​ស្វែងរក​ដំណោះស្រាយ​សមស្រប​នានា​ដើម្បីទប់ទល់​នឹងបញ្ហាដែល​កំពុងកើតឡើង​នាពេល​ថ្មីៗនេះ។

លោក ជុក ជំនោរ​មន្ត្រីនាំពាក្យ​ក្រសួង​ទេសចរណ៍​បាន​ឲ្យដឹងថា ក្រសួង​នៅតែមាន​សុទិដ្ឋិនិយម និងសង្ឃឹមថា នឹងអាចសម្រេច​គោលដៅ​ក្នុងការទាក់ទាញ​ភ្ញៀវទេសចរអន្តរជាតិ​ឲ្យបានជាង​៧លាន​នាក់​នៅឆ្នាំ២០២០នេះ ទោះបីជា​ពេលនេះ វិស័យទេសចរណ៍ពិភពលោក​កំពុងត្រូវបាន​វាយប្រហារ​ដោយជំងឺរលាក​ផ្លូវដង្ហើមថ្មី​កូរ៉ូណា​វីរុស​ក៏ដោយ។ លោក ជុក ជំនោរ​ថា គេនៅពេលវេលាវែងឆ្ងាយទៀត​សម្រាប់​ឆ្នាំ២០២០នេះ ដែល​ក្រសួង​ទេសចរណ៍​បាននិងកំពុង​បង្កើតនូវយុទ្ធសាស្ត្រ​ថ្មីៗ ដោយមាន​ការសហការជាមួយនឹង​វិស័យឯកជន​ ដើម្បីទាក់ទាញ​ភ្ញៀវទេសចរ​មកពីប្រទេស​ដទៃទៀត មិនមែន​តែភ្ញៀវចិននោះទេ។

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី ក្រសួងទេសចរណ៍ ចុះត្រួតពិនិត្យ​នៅអាកាសយានដ្ឋាន​ខេត្តសៀមរាប (រូបភាព៖ ក្រសួងទេសចរណ៍) (ខេមបូណូមីស)

យ៉ាងណាក៏ដោយចុះ មន្ត្រីនាំពាក្យ​ក្រសួងទេសចរណ៍​បាន​អះអាងថា ចង់មិនចង់​វិស័យទេសចរណ៍​ពិភពលោក​អាច​នឹង​ត្រូវ​ជួបប្រទះ​នឹង​បញ្ហា ដោយសារតែ​ការផ្ទុះឡើង​នៃជំងឺ​កូរ៉ូណាវីរុសក្នុងប្រទេសចិននេះ ព្រោះថាចិន គឺជាប្រភពនៃ​ភ្ញៀវទេសចរ​ដ៏សំខាន់​របស់ពិភពលោក។

ជាមួយគ្នានេះដែរ ក្រោយពីបាន​ ចុះត្រួតពិនិត្យដោយផ្ទាល់នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប កាលពីថ្ងៃទី២៦ ខែមករានេះ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​បាន​ឲ្យដឹងថា ចំនួន​ភ្ញៀវ​ទេសចរ​ពិតជា​មានការថយចុះ ជាងប៉ុន្មានថ្ងៃមុន ដែលមិនទាន់​មានការ​ផ្ទុះឡើង​នូវជំងឺ​កូរ៉ូណាវីរុស នៅប្រទេសចិន ដោយសារតែចិន បាន​ហាមឃាត់​ប្រជាជនខ្លួន​នៅទីក្រុង​អ៊ូហាន់ មិនឲ្យធ្វើដំណើរ​ចេញទៅក្រៅប្រទេស។ 

ឯកឧត្តម ថោង ខុន បានកត់សម្គាល់ទៀតថា ប្រសិនបើ​ជំងឺនេះ នៅតែរីករាលដាល ភ្ញៀវទេសចរ​អន្តរជាតិ នឹងកាត់បន្ថយ​ការចេញទស្សនា​នៅក្រៅប្រទេស​របស់ខ្លួន​ផងដែរ។

រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា ការជំរុញចលនាទេសចរណ៍ក្នុងប្រទេសនេះ គឺជាវិធានការមួយ​ដ៏សំខាន់ដែលអង្គការទេសចរណ៍ពិភពលោកទទួលស្គាល់ ក្នុងពេលដែល​វិស័យទេសចរណ៍ត្រូវទទួលរងនូវផលប៉ពាល់ពីជំងឺឆ្លង ឬវិបត្តិសេដ្ឋកិច្ចសកល។ ការធ្វើដំណើរបស់​ទេសចរក្នុងស្រុក នឹងចូលរួមចំណែកទ្រទ្រង់យ៉ាងសំខាន់ ដល់មូលដ្ឋានអាជីវកម្មទេសចរណ៍ នៅពេលដែល​ការធ្វើដំណើររបស់​ទេសចរ​អន្តរជាតិមានការធ្លាក់ចុះ។

បើតាម​ការគូសបញ្ជាក់​ពីក្រសួង​ទេសចរណ៍ ក្នុងកាលៈទេសៈ​មានវិបត្តិដូចនេះ មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍ ត្រូវការត្រឹមតែ​ចំណូល​ ដើម្បីទូទាត់​ថ្លៃអគ្គិសនី ទឹក និងប្រាក់ខែ​បុគ្គលិក​មួយចំណេក​ប៉ុណ្ណោះ។ ដូចនេះផ្នែកឯកជនផ្ទាល់​ត្រូវចាត់ការកែ​សម្រួលការគ្រប់គ្រងអាជីវកម្ម ដោយរស់រវើកតាមសភាពការណ៍ ចូលរួមកាត់បន្ថយកញ្ចប់ទស្សនកិច្ច កាត់បន្ថយថ្លៃចំណេញ ចូលរួមបង្កើតព្រឹត្តិការណ៍ទេសចរណ៍នានា ជាមួយរដ្ឋបាលមូលដ្ឋានជាដើម។

សូមបញ្ជាក់ថា គិតមកទល់ពេលនេះ ករណីផ្ទុះឡើង​នៃវីរុស កូរ៉ូណា ដែលជាប្រភេទ​ជំងឺ​រលាក​ផ្លូវដង្ហើម​នោះ គឺមាន​រយៈពេលជិត ១ខែ​មកហើយ ហើយក៏បាន​សម្លាប់ជីវិតមនុស្សជាច្រើននាក់ផងដែរ។ ស្ដែង នៅប្រទេសចិន​ចំនួន​អ្នកស្លាប់​ដោយវីរុស​កូរ៉ូណានេះ បាន​កើនឡើងដល់ ៨០នាក់ហើយ ក្នុងចំណោម​ករណីដែល​បានកើនឡើង ជាង​២.៧០០ ករណី។ ទោះយ៉ាងណា ករណីកូរ៉ូណាវីរុសនេះ មិនទាន់មាន​កើតឡើង​នៅកម្ពុជានៅឡើយទេ ប៉ុន្ដែ ប្រទេសជិតខាង​របស់កម្ពុជា ដូចជា វៀតណាម និងថៃ ត្រូវបាន​រាយការណ៍ថា មានការករណី​ឆ្លងជំងឺកូរ៉ូណាវីរុសនេះ​រួចហើយ៕

None



អត្ថបទបន្ទាប់


ចំនួនអាផាតមិនលំដាប់ប្រណីតៗលក់សល់នៅវៀតណាម គឺមានតិច​ជាងគេបំផុតនៅអាស៊ាន

លំនៅដ្ឋានស្នាក់នៅរួម ឬហៅថា អាផាតមិន លំដាប់ប្រណីតៗ នៅវៀតណាម ដែលលក់សល់កាលពីឆ្នាំមុន គឺហាក់មានចំនួនតិចជាងគេបំផុត បើធៀបនឹងប្រទេសផ្សេងទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ