មិនតែប៉ុណ្ណោះ ស្ថិតនៅក្នុងភាពមិនច្បាស់លាស់នៃបរិការណ៍សកល ដែលកំពុងជះផលវិបាកមកលើគ្រប់បណ្តាប្រទេសទាំងអស់នាពេលបច្ចុប្បន្ន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា យល់ឃើញថា សង្គ្រាមមិនអាចបញ្ចប់ដោយសង្គ្រាមបានឡើយ ហើយសន្តិភាព និងវិបុលភាពដ៏ពិតប្រាកដអាចកើតឡើងបានលុះត្រាតែមានការស្រុះស្រួលគ្នាដោយសន្តិវិធី និងកិច្ចសន្ទនាក្រោមស្មារតីនៃនយោបាយឈ្នះ-ឈ្នះ ប៉ុណ្ណោះ។
ថ្លែងក្នុងកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន ឆ្នាំ២០២៣ នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី នាថ្ងៃទី៤ ខែកញ្ញា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានគូសបញ្ជាក់ថា ក្នុងនាមជាសេដ្ឋកិច្ចលំដាប់ទី៥លើសកលលោក អាស៊ានចាំបាច់ត្រូវមានកិច្ចសហប្រតិបត្តិការស្អិតល្មួត, ប្រកាន់ខ្ជាប់នូវគោលការណ៍ឯកភាព និងមជ្ឈភាពអាស៊ាន, ត្រូវពង្រឹងឱ្យកាន់តែស៊ីជម្រៅនូវសមាហរណកម្មសេដ្ឋកិច្ចនៅក្នុងតំបន់ និងការជំរុញពាណិជ្ជកម្មទៅវិញទៅមក ជាពិសេសនៅក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មផ្សេងៗ ដូចជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន (AFTA) និងកិច្ចព្រមព្រៀង RCEP ព្រមទាំងការផ្សារភ្ជាប់នៃខ្សែច្រវាក់ផលិតកម្មក្នុងតំបន់។
ជាមួយគ្នានោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញអំពីយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា ដែលយកចិត្តទុកដាក់លើការអភិវឌ្ឍវិស័យឯកជន, ជាពិសេសតាមរយៈការផ្តល់ការលើកទឹកចិត្ត និងការគាំពារក្នុងក្របខ័ណ្ឌនៃច្បាប់ស្តីពីវិនិយោគនៃកម្ពុជា, ច្បាប់ស្តីពីភាពជាដៃគូរវាងរដ្ឋ និងឯកជន, និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគីជាច្រើនដែលកម្ពុជាកំពុងមានផងដែរ។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ជាថ្មីម្តងទៀតនូវជំហររបស់កម្ពុជាក្នុងការគាំទ្រនិន្នាការពហុភាគីនិយម, សណ្តាប់ធ្នាប់អន្តរជាតិដែលផ្អែកលើច្បាប់, និងគោលការណ៍មិនជ្រៀតជ្រែក ដើម្បីបង្កើតបរិយាកាសអំណោយផលដល់ការរីកចម្រើននៃវិស័យឯកជន។
បន្ថែមលើនេះប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជំរុញឲ្យអាស៊ានត្រូវដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹង ថែរក្សាសន្ដិភាព ស្ថិរភាព ហើយក៏ជាកិច្ចដ៏សំខាន់ដោះស្រាយបញ្ហាផ្ទៃក្នុងរបស់សមាជិកអាស៊ាន ដែលត្រូវតែខិតខំរកដំណោះស្រាយរួមគ្នា។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា ប្រសិនបើនៅក្នុងតំបន់មានអស្ថិរភាព នោះនឹងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចអាស៊ានទាំងមូល។
ក្រៅពីថ្លែងសន្ទរកថាក្នុងកិច្ចប្រជុំខាងលើសម្តេចនាយករដ្ឋមន្ត្រីកម្ពុជាបានជួបពិភាក្សាការងារទ្វេភាគី ជាមួយឯកឧត្តម ចូកូ វីដូដូ ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៊ី និងជំនួបត្រីភាគីជាមួយថ្នាក់ដឹកនាំប្រទេសវៀតណាម និងឡាវផងដែរ។
សូមជម្រាបថា កិច្ចប្រជុំកំពូលអាស៊ាននៅឥណ្ឌូនេស៊ីនេះ នឹងធ្វើឡើងក្រោមមូលបទ «សារៈសំខាន់អាស៊ាន៖ ស្នូលនៃកំណើន» ដែលនឹងផ្តោតលើការជំរុញចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ ដែលផ្តល់ជាផែនទីចង្អុលផ្លូវមួយដ៏សំខាន់ សម្រាប់ការពង្រឹងឥទ្ធិពលអាស៊ាន តាមរយៈការបង្កើនប្រសិទ្ធភាពស្ថាប័ន ក្នុងគោលដៅស្វែងរកផលប្រយោជន៍សម្រាប់ប្រជាជនរបស់ខ្លួននៅលើឆាកអន្តរជាតិ។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ៕