កសិកម្មកម្ពុជា

កម្ពុជាស្នើឲ្យចិនពន្លឿនការបើកកិច្ចចចារលក្ខខណ្ឌតម្រូវអនាម័យ និងភូតគាមអនាម័យលើផលិតផលកសិកម្ម


ដើម្បីជំរុញការនាំចេញផលិតផលកសិកម្ម និងដោះស្រាយបញ្ហាកកស្ទះកសិផល ដែលធ្លាប់ជួបនាពេលកន្លងមក ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានស្នើឲ្យភាគីចិន ពន្លឿនការបើកកិច្ចចចារលក្ខខណ្ឌតម្រូវអនាម័យ និងភូតគាមអនាម័យលើផលិតផលកសិកម្មរបស់កម្ពុជា ទៅកាន់ប្រទេសចិន ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
កសិកម្មកម្ពុជា

ជុំវិញការស្នើរបស់រដ្ឋមន្រ្តីកសិកម្ម ត្រូវបានក្រុមអ្នកជំនាញកសិកម្មនិងអ្នកជំនួញ ក្នុងការនាំចេញ​កសិផលបានបង្ហាញគាំទ្រ និងក្ដីរំពឹងយ៉ាងមុតមាំថា ក្រោយចិនអនុញ្ញាតពន្លឿនការបើកកិច្ចចចារលក្ខខណ្ឌតម្រូវអនាម័យ និងភូតគាមអនាម័យ ផលិតផលកសិកម្មទៅចិន គឺជាដំណោះស្រាយដ៏ប្រសើរ ដើម្បីកាត់បន្ថយការកកស្ទះផលិតផលកសិកម្ម ដែលបានកើតឡើងនាពេលកន្លងមក និងជំរុញនូវការនាំចេញកសិផលទៅកាន់ទីផ្សារអន្តរជាតិផងដែរ។

ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ស្នើឲ្យភាគីចិន ពន្លឿនការបើកកិច្ចចចារលក្ខខណ្ឌតម្រូវអនាម័យ និងភូតគាមអនាម័យលើផលិតផលកសិកម្មកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ការស្នើរបស់រដ្ឋមន្រ្តីកសិកម្មបែបនេះ បានធ្វើឡើងនាឱកាសឯកឧត្តមទទួលជួបគណៈប្រតិភូពីមជ្ឈមណ្ឌលសហប្រតិបត្តិការសេដ្ឋកិច្ចក្រៅប្រទេសនៃក្រសួងកសិកម្ម និងកិច្ចការជនបទចិន នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២។ យ៉ាងណាមិញ ដើម្បីឱ្យការរៀបចំផែនការមេអភិវឌ្ឍន៍កសិកម្មទំនើបនៅកម្ពុជា ទទួលបានជោគជ័យ ឯកឧត្តមក៏បានស្នើដល់ភាគីពាក់ព័ន្ធពិនិត្យពិចារណាលើការជំរុញការធ្វើទំនើបកម្មកសិកម្ម ការបំពេញខ្សែច្រវាក់ផលិតកម្មកសិកម្មគ្រប់ជ្រុងជ្រោយ ដោយផ្តោតជាសំខាន់លើការផ្សាភ្ជាប់អ្នកផលិត វិស័យឯកជន និងទីផ្សារតាមរយៈការពង្រឹងការងារដាំដុះ ការកែច្នៃ និងការវេចខ្ចប់ប្រកបដោយគុណភាព សុវត្ថិភាព និងស្តង់ដារតាមតម្រូវការ និងតម្រូវចិត្តរបស់អ្នកបរិភោគ ទាំងក្នុងនិងក្រៅប្រទេស។

រដ្ឋមន្ត្រីកសិកម្មរំពឹងថា កិច្ចសហប្រតិបត្តិការនេះ នឹងអាចពង្រឹងនិងពង្រីកកាន់តែរឹងមាំថែមមួយកម្រិតទៀត តាមរយៈការបើកការចរចាលក្ខខ័ណ្ឌតម្រូវអនាម័យនិងភូតគាមអនាម័យលើផលិតផលកសិកម្មកម្ពុជា ដទៃទៀត ដូចជាម្រេច ទឹកមាត់ត្រចៀកកម្ម និងទុរេន នាពេលខាងមុខនេះ។ ខណៈនាពេលថ្មីៗនេះ ភាគីចិនបានអនុញ្ញាតឱ្យនាំចូលផ្លែស្វាយនិងត្រីប្រា ហើយនឹងអនុញ្ញាតឱ្យនាំចូលផ្លែមៀនកម្ពុជាឆាប់ៗ ខាងមុខនេះ។

ពាក់ព័ន្ធនឹងការនាំចេញកសិផលនេះដែរ ឧកញ៉ា ហ៊ុន ឡាក់ អ្នកជំនាញ និងជំនួញក្នុងវិស័យកសិកម្ម បានគូសបញ្ជាក់ថា ដ្បិតកន្លងមក កម្ពុជា បាននាំចេញនូវកសិផលមួយចំនួនទៅកាន់ទីផ្សារប្រទេសចិន រួចហើយក៏ពិតមែន ប៉ុន្តែ ផលិតផលកសិកម្មកម្ពុជា ក៏នៅមានបញ្ហាប្រឈមមួយចំនួន ពិសេសការប្រកួតប្រជែង​ជាមួយបណ្ដាប្រទេស ក្នុងតំបន់ហាក់នៅ​មានកម្រិត ដែលជាកត្តារាំងស្ទះដល់ការនាំចេញផលិតផលកសិកម្ម ទៅកាន់ទីផ្សារអន្តរជាតិ ពិសេសទីផ្សារចិន តែម្ដង។

ក៏ប៉ុន្តែ បើទោះជាបែបនេះក្ដី ឧកញ៉ា ហ៊ុន ឡាក់ ក៏នៅតែបង្ហាញនូវក្ដីព្រួយបារម្ភមួយចំនួនដែរ ពិសេសការកើនឡើងនៃថ្លៃផលិត ដូចជា តម្លៃជី-ថ្នាំកសិកម្ម និងបញ្ហាអាកាសធាតុ​ជាដើម។

ជាមួយគ្នានេះ លោក ម៉ាក់ នី ប្រធានសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា ក៏បានបង្ហាញក្ដីរំពឹងថា ភាគីចិន នឹងអនុញ្ញាតបើកកិច្ចចចារលក្ខខណ្ឌតម្រូវអនាម័យ និងភូតគាមអនាម័យលើផលិតផលកសិកម្មកម្ពុជា នាពេលឆាប់ៗ ដើម្បីជំរុញការនាំចេញ។ ដ្បិតថា កន្លងមក សហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា មានការនាំចេញម្រេចភាគច្រើន​ទៅកាន់ប្រទេសវៀតណាម តែលោករំពឹងថា សហព័ន្ធនឹងជំរុញការនាំចេញម្រេចទៅកាន់ទីផ្សារចិន បន្ថែមទៀត ក្រោយភាគីចិនអនុញ្ញាត។

របាយការណ៍ពីក្រសួងកសិកម្មបង្ហាញថា នៅ៧ខែឆ្នាំ២០២២ កម្ពុជា​បាននាំចេញកសិផលមានតម្លៃសរុប​ជាង​២ពាន់៤រយលានដុល្លារអាមេរិក។ ក្នុងនោះ ការនាំចេញស្រូវ-អង្ករមានជិត​៧០០លានដុល្លារ ខណៈការនាំចេញ​កសិផល​ក្រៅពីស្រូវ-អង្ករមានជិត​៤០០លានដុល្លារអាមេរិក៕




អត្ថបទបន្ទាប់


នៅទីបំផុត មីយ៉ាន់ម៉ានឹងនាំចូលប្រេងពីរុស្សីចាប់ពីខែកញ្ញាខាងមុខនេះហើយ!

នៅទីបំផុត ប្រទេសមីយ៉ាន់ម៉ា ដែលកំពុងតែជួបវិបត្តិនយោបាយដ៏វឹកវរនោះ គ្រោងនឹងនាំចូលប្រេងសាំង និងប្រេងឥន្ធនៈពីប្រទេសរុស្សីចាប់ពីខែកញ្ញាតទៅហ…

លោក ស៊ី ជីនពីង និងលោក ពូទីន នឹងចូលរួមកិច្ចប្រជុំកំពូលG20 នៅឥណ្ឌូនេស៊ី ក្នុងខែវិច្ឆិកាខាងមុខនេះ

បើតាមទីប្រឹក្សាជំនិតរបស់ប្រធានាធិបតីឥណ្ឌូនេស៊ីបាននិយាយនៅថ្ងៃសុក្រ ទី១៩ ខែសីហាថា កំពូលមេដឹកនាំចិន និងរុស្ស៊ី គឺលោក ស៊ី ជីនពីង និងលោក…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ