មីយ៉ាន់ម៉ា-រុស្សី

នៅទីបំផុត មីយ៉ាន់ម៉ានឹងនាំចូលប្រេងពីរុស្សីចាប់ពីខែកញ្ញាខាងមុខនេះហើយ!


នៅទីបំផុត ប្រទេសមីយ៉ាន់ម៉ា ដែលកំពុងតែជួបវិបត្តិនយោបាយដ៏វឹកវរនោះ គ្រោងនឹងនាំចូលប្រេងសាំង និងប្រេងឥន្ធនៈពីប្រទេសរុស្សីចាប់ពីខែកញ្ញាតទៅហើយ ដើម្បីបន្ធូរបន្ថយការខ្វះខាត និងការកើនឡើងតម្លៃប្រេងក្នុងប្រទេស ស្របពេលពិភពលោកកំពុងជួបប្រទះនឹងវិបត្តិថាមពលធ្ងន់ធ្ងរ។ នេះបើតាមការអះអាងរបស់អ្នកនាំពាក្យរបបយោធាមីយ៉ាន់ម៉ា។
មីយ៉ាន់ម៉ាត្រៀមនាំចូលប្រេងពីប្រទេសរុស្សីឆាប់ៗ!

ការទទួលបាន​ប្រេង​ពីរុស្ស៊ីនេះ ត្រូវបានគេមើលឃើញថា ធ្វើឡើង​នៅក្រោយពេលដែល​មេដឹកនាំសំខាន់ៗ​នៃប្រទេសទាំងពីរ នៅមួយរយៈពេលចុងក្រោយនេះ បានជួបគ្នា​ និងបង្ហាញពីទំនាក់ទំនង​កាន់តែស្អិតល្មួត ទោះបីជា​បច្ចុប្ន្ន ពួកគេ​កំពុង​រងសម្ពាធខ្លាំងក្លាពីសំណាក់ប្រទេសលោកខាងលិច​ក៏ដោយ។

ប្រទេសមីយ៉ាន់ម៉ា គឺជាប្រទេស​ចុងក្រោយគេ ដែលបានសម្រេចនាំចូលប្រេងពីរុស្សី ខណៈដែលប្រទេសទាំងពីរកំពុងខិត​ទៅរកជិតគ្នាកាន់តែខ្លាំងឡើងៗ នៅចំពោះមុខទណ្ឌកម្មដែលប្រទេសលោកខាងលិចបានដាក់ ពោលគឺក្រោយរបបសឹកផ្ដួលរលំរដ្ឋាភិបាលស៊ីវិលមីយ៉ាន់ម៉ាដោយការធ្វើរដ្ឋប្រហារ និងបន្ទាប់ពីទីក្រុងម៉ូស្គូចូលលុកលុយឈ្លានពានអ៊ុយក្រែន។

អ្នកនាំពាក្យរបបយោធាមីយ៉ាន់ម៉ា លោកហ្សរ មីន ទុន (Zaw Min Tun) បាននិយាយក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃពុធ ទី​១៧ សីហាថា «មីយ៉ាន់ម៉ាបានទទួលការអនុញ្ញាតឱ្យនាំចូលប្រេងឥន្ធនៈពីប្រទេសរុស្ស៊ី ព្រោះវាមានគុណភាព និងតម្លៃទាប»។

អ្នកនាំពាក្យរូបនេះ បានបន្ថែមថា មីយ៉ាន់ម៉ាក៏កំពុងពិភាក្សាលើការរុករកប្រេង​រួមគ្នា​នៅក្នុងប្រទេសផ្ទាល់ ជាមួយប្រទេស​ចិន និង​រុស្សីផងដែរ។

មែនទែនទៅ លោកហ្សរ មីន ទុន បានបង្ហើបថា ការនាំចូលប្រេង និងឧស្ម័នពីប្រទេស​រុស្សី​ធ្វើឡើងក្រោយមេដឹកនាំ​របបយោធា​ លោក Min Aung Hlaing បានពិភាក្សាអំពីរឿងនេះ ក្នុងអំឡុងពេលលោកធ្វើដំណើរទស្សនកិច្ចទៅរុស្សីកាលពីខែមុន។

យោងតាមប្រព័ន្ធផ្សព្វផ្សាយ​ក្នុងស្រុកមីយ៉ាន់ម៉ា ​បានឲ្យដឹងថា ការដឹកជញ្ជូនប្រេង​ឥន្ធនៈនេះ នឹងត្រូវធ្វើឡើងនៅខែកញ្ញាខាងមុខ។

បើយោងតាមសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយនៅក្នុងកាសែតរដ្ឋ កាលពីថ្ងៃទី ១៧ខែសីហាបានចុះផ្សាយថា រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា​បានបង្កើតគណៈកម្មាធិការមួយ ដើម្បីទិញប្រេងពីរុស្ស៊ី ដែលនឹងដឹកនាំដោយសម្ព័ន្ធមិត្តជិតស្និទ្ធ​របស់​លោក Min Aung Hlaing ក្នុងការត្រួតពិនិត្យការទិញ ការនាំចូល ព្រមទាំងការដឹកជញ្ជូនឥន្ធនៈ​ក្នុងតម្លៃសមរម្យ ដោយផ្អែកលើតម្រូវការរបស់ប្រទេសមីយ៉ាន់ម៉ាបច្ចុប្បន្ន។

ជាមួយគ្នានេះដែរ មេដឹកនាំរបបសឹកមីយ៉ាន់ម៉ា​កាលពីថ្ងៃពុធ បានចេញមុខរិះគន់ចំៗ​លើក្រុមប្រទេស​អាស៊ាន ក្រោយក្រុមមេដឹកនាំតំបន់មួយនេះ មិនបានរាប់បញ្ចូល​មេដឹកនាំរបស់ខ្លួន ឲ្យចូលរួមកិច្ចប្រជុំអាស៊ាន​ថ្នាក់រដ្ឋមន្ត្រីការបរទេសនាពេលកន្លងទៅ ដោយមីយ៉ាន់ម៉ាក៏​ជាសមាជិកមួយផងដែរនោះ។

ការលើកឡើងនេះធ្វើឡើង ដោយអ្នកនាំពាក្យ​របបយោធា លោក Zaw Min Tun បានប្រាប់សន្និសីទសារព័ត៌មានមួយថា អាស៊ានកំពុងរំលោភលើគោលនយោបាយ «មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង»របស់ប្រទេសមួយរបស់ខ្លួនហើយ ស្របពេលដែលមីយ៉ាន់ម៉ា​កំពុង​ប្រឈមមុខនឹង «សម្ពាធពីខាងក្រៅ»។

លោកបានសង្កត់ធ្ងន់ថា «ប្រសិនបើកៅអី​នៃតំណាងប្រទេសមួយ​នៅទំនេរ នោះអាស៊ានមិនគួរដាក់ស្លាកថា កិច្ចប្រជុំកំពូលអាស៊ាននោះទេ»។

ទោះបីជាយ៉ាងណាក៏ដោយចុះ សមាគមប្រជាជាតិ​អាស៊ីអាគ្នេយ៍ (ASEAN) បានរារាំងមេដឹកនាំ​របបយោធាមីយ៉ាន់ម៉ាមិនឲ្យចូលរួមកិច្ចប្រជុំកំពូលនាថ្មីៗនេះទេ ក្រោយពីបាន​មើលឃើញថា របបយោធាមិនបានគោរពតាមគោលការណ៍​ឯកច្ឆន្ទ​កុងសង់ស៊ីសទាំងប្រាំចំណុច ដែលបានព្រមព្រៀងគ្នាកាលពីមុនមកនោះទេ។

បន្ថែមពីលើភាពចលាចលផ្នែកនយោបាយ និងសង្គម មីយ៉ាន់ម៉ាក៏បានរងផលប៉ះពាល់មិនតិចដែរពីការឡើងតម្លៃប្រេងឥន្ធនៈខ្ពស់ និងការដាច់​ចរន្តអគ្គិសនី ដែលជំរុញឱ្យមេដឹកនាំ​យោធា​ងាកទៅរកការនាំចូលប្រេងឥន្ធនៈដែលអាចប្រើប្រាស់​ក្នុងរោងចក្រថាមពលវិញ។

គួរជម្រាបថា តម្លៃប្រេងសាំង​បានកើនឡើង​ប្រហែល ៣៥០% ចាប់តាំងពីរដ្ឋប្រហារកាលពីខែកុម្ភៈឆ្នាំមុន ទៅដល់ជាង ១ ដុល្លារក្នុងមួយលីត្រ។​ ហើយយោង​តាមរបាយការណ៍​របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឲ្យដឹងថា កាលពីសប្តាហ៍មុន ស្ថានីយ៍ប្រេងឥន្ធនៈ បានបិទនៅតាមតំបន់ផ្សេងៗ​នៃប្រទេស ដោយសារកង្វះខាតផងដែរ៕




អត្ថបទបន្ទាប់


ប្រធានាធិបតីឥណ្ឌូនេស៊ីស្នើឲ្យក្រុមហ៊ុន Tesla ផលិតរថយន្តអគ្គិសនីនៅក្នុងស្រុក

ព័ត៌មាន
ប្រធានាធិបតីឥណ្ឌូណេស៊ីលោក Joko Widodo បាននិយាយនៅក្នុងសេចក្តីអត្ថាធិប្បាយមួយនៅថ្ងៃទី ១៨ ខែ សីហា ដោយបានជំរុញឱ្យក្រុមហ៊ុនផលិតរថយន្តអគ្គិសន…

កម្ពុជាស្នើឲ្យចិនពន្លឿនការបើកកិច្ចចចារលក្ខខណ្ឌតម្រូវអនាម័យ និងភូតគាមអនាម័យលើផលិតផលកសិកម្ម

ព័ត៌មាន
ដើម្បីជំរុញការនាំចេញផលិតផលកសិកម្ម និងដោះស្រាយបញ្ហាកកស្ទះកសិផល ដែលធ្លាប់ជួបនាពេលកន្លងមក ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ