វិស័យអាកាសចរណ៍

តើអ្នកជំនាញមានការំពឹងបែបណាចំពោះការភ្ជាប់ជើងហោះពីខេត្តសៀមរាបទៅទីក្រុងហាណូយ?


កម្ពុជា-វៀតណាម បានឯកភាពគ្នាបើកដំណើរការជើងហោះហើរត្រង់ពីរដ្ឋធានីហាណូយមកកាន់ខេត្តសៀមរាប ជាផ្លូវការហើយ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣នេះ។ អ្នកជំនាញក្នុងវិស័យទេសចរណ៍បានបង្ហាញសុទិដ្ឋិនិយមខ្ពស់ចំពោះការតភ្ជាប់ជើងហោះហើរនេះក្នុងការជួយធ្វើឱ្យប្រសើរឡើងនូវវិស័យទេសចរណ៍កម្ពុជា។ រំពឹងខ្ពស់ក៏ដោយសារទីក្រុងហាណូយមិនត្រឹមតែជាទីផ្សារទេសចរណ៍ដ៏ធំនៅតំបន់អាស៊ាននោះទេ តែជាទីផ្សារទេសចរណ៍ដ៏ធំសម្រាប់ពិភពលោក។
វិស័យអាកាសចរណ៍
ដោយ

អ្នកជំនាញរំពឹងថា តាមរយៈការតភ្ជាប់ជើងហោះហើរនេះ វានឹងជួយទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្តនៅកម្ពុជា ជាពិសេសខេត្តសៀមរាបឱ្យកាន់តែច្រើនបន្ថែមទៀត។

យោងតាមទំព័រហ្វេសប៊ុករបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កម្ពុជា-វៀតណាមបានឯកភាពគ្នាបើកដំណើរការជើងហោះហើរត្រង់ពីរដ្ឋធានីហាណូយ មកកាន់ខេត្តសៀមរាប ជាផ្លូវការនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ នេះ។ ការប្រកាសនេះ ធ្វើឡើងនៅក្នុងវេទិកាជំរុញពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-វៀតណាម ប្រចាំឆ្នាំ២០២៣ នៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម។

កម្ពុជារំពឹងថា តាមរយៈការបើកឱ្យមានជើងហោះហើរត្រង់នេះ វានឹងផ្តល់អត្ថប្រយោជន៍បន្ថែមទៀតដល់កម្ពុជា តាមរយៈការទាក់ទាញភ្ញៀវទេសចរពីប្រទេសវៀតណាម លំហូរធុរជន និងវិនិយោគិន ក៏ដូចជាការសម្រួលដល់មធ្យោយបាយធ្វើដំណើរ និងការដឹកជញ្ជូនផងដែរ។

លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា យល់ឃើញថា ហាណូយគឺជាទីក្រុងដ៏ធំ និងសំខាន់មួយនៅក្នុងតំបន់អាស៊ាន ដូច្នេះតាមរយៈការតភ្ជាប់ការហោះហើរត្រង់ពីរដ្ឋធានីហាណូយ មកកាន់ខេត្តសៀមរាបនេះ វាមានសារសំខាន់ណាស់សម្រាប់វិស័យទេសចរណ៍កម្ពុជា នាពេលបច្ចុប្បន្ននេះ ដ្បិតថា ជើងហោះហើរពីទីក្រុងហាណូយមកកាន់ខេត្តសៀមរាបនេះ មិនត្រឹមតែជួយទាក់ទាញភ្ញៀវទេសចរជនជាតិវៀតណាម ឱ្យចូលមកកម្ពុជាប៉ុណ្ណោះទេ តែវាក៏អាចទាក់ទាញភ្ញៀវទេសចរពីប្រទេសផ្សេងទៀតចូលមកកម្ពុជាផងដែរ ជាពិសេសភ្ញៀវទេសចរជនជាតិឥណ្ឌា រុស្សី និងប៉ូឡូញជាដើម ពីព្រោះថា អាកាសយានដ្ឋាននៅទីក្រុងហាណូយ ក៏មានការភ្ជាប់ជើងហោះហើរត្រង់ជាមួយប្រទេសទាំងនោះផងដែរ។

បើតាមអ្នកជំនាញរូបនេះ ភ្ញៀវទេសចរវៀតណាមជាច្រើនបានចូលមកកម្ពុជាកន្លងមក ភាគច្រើនចូលមកតាមរយៈច្រកព្រំដែននានា ហើយក្នុងនោះ ក៏មានចូលមកតាមរយៈជើងហោះហើរត្រង់ពីទីក្រុងសៃហ្គន មកកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងអាកាសយានដ្ឋានសៀមរាបផងដែរ។

គួរជម្រាបដែរថា កាលពីថ្ងៃទី១ខែធ្មូ ឆ្នាំ២០២៣កន្លងទៅនេះ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ក៏បានតភ្ជាប់ជើងហោះហើរត្រង់ជាលើកដំបូងពីទីក្រុងបាងកកប្រទេសថៃ មកកាន់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរផងដែរ តាមរយៈក្រុមហ៊ុនអាកាសចរណ៍ Thai Airways។

បើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ ភ្ញៀវទេសចរវៀតណាម គឺស្ថិតក្នុងចំណាត់ថ្នាក់ទី២ក្នុងចំណោមភ្ញៀវទេសចរសរុប ដែលកម្ពុជាទទួលបានក្នុងរយៈពេល១០ខែដើមឆ្នាំនេះ ពោលគឺកម្ពុជាទទួលបានភ្ញៀវទេសចរវៀតណាម ជាង៨២ម៉ឺននាក់ នៅក្នុងរយៈពេល១០ខែ ឆ្នាំ២០២៣នេះ កើនឡើងប្រមាណ ១៤០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រដ្ឋថៃត្រៀមលុយ ២០លានដុល្លារ ទុកប៉ះប៉ូវសងជំងឺចិត្តកម្មករនិយោជិតដែលវិលត្រឡប់ពីប្រទេសអ៊ីស្រាអែល

ព័ត៌មាន
គណៈរដ្ឋមន្ត្រីថៃអនុម័តកញ្ចប់ថវិកាប្រហែល ២០លានដុល្លារ សម្រាប់ទុកប៉ះប៉ូវសងជំងឺចិត្តដល់កម្មករនិយោជិតជនជាតិថៃ ដែលវិលត្រឡប់ពីប្រទេសអ៊ីស្រាអែល…

តើមានកត្តាអ្វីជំរុញឲ្យក្រុមអ្នកជំនាញរំពឹងវិស័យអចលនទ្រព្យអាចងើបឡើងវិញនៅឆ្នាំក្រោយ?

ព័ត៌មាន
ទោះបីវិបត្តិកូវីដ-១៩ ហាក់វិលមករកប្រក្រតីភាពឡើងវិញ តែភាពមិនច្បាស់លាស់ នៃសេដ្ឋកិច្ចសកល បញ្ហាសង្គ្រាមនៅអ៊ុយក្រែន និងតំបន់ហ្គាហ្សា នៅតែជាបញ្ហ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ