ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ ពេលនេះ ថៃ បានឈានជើងបង្កើតក្រុមអ្នកច្បាប់ ដើម្បីត្រៀមតតាំងក្តីជាមួយកម្ពុជាហើយ។ យោងតាមការចុះផ្សាយរបស់កាសែត Bangkok Post បន្ទាប់ពីរងសម្ពាធ និងការរិះគន់យ៉ាងចាស់ដៃអ្នកជំនាញ និងមហាជនជុំវិញការបារម្ភថា ថៃ អាចនឹងចាញ់ប្រៀបកម្ពុជា ក្រសួងការបរទេសថៃ បានព្យាយាមបកស្រាយក្នុងគោលបំណងសម្រាលកម្ដៅនយោបាយ និងលួងចិត្តពលរដ្ឋខ្លួន។
ក្រោយអ្នកជំនាញ និងមហាជនរិះគន់ និងបារម្ភថា អាចចាញ់ប្រៀបកម្ពុជា ក្រសួងការបរទេសថៃ បានព្យាយាមបកស្រាយដើម្បីសម្រាលស្ថានការណ៍ ដោយលើកឡើងថា យន្តការផ្សះផ្សាដោយបង្ខំក្រោមក្របខណ្ឌ UNCLOS នេះ មិនមានអំណាចគតិយុទ្ធ ឬកម្លាំងច្បាប់ដែលអាចបង្ខំឱ្យភាគីជម្លោះត្រូវតែអនុវត្តតាមនោះឡើយ។ ទោះជាយ៉ាងណាក៏ដោយ ភាគីថៃ ទទួលស្គាល់ថា យន្តការនេះអាចបង្កើតជាសម្ពាធនយោបាយយ៉ាងធ្ងន់ធ្ងរ និងជះឥទ្ធិពលអវិជ្ជមានដល់ការយល់ឃើញរបស់អន្តរជាតិ លើបញ្ហាវិវាទព្រំដែនរវាងថៃ និងកម្ពុជា។
នៅលើទំព័រហ្វេសប៊ុកផ្លូវការ កាលពីថ្ងៃសៅរ៍ កន្លងទៅនេះ ក្រសួងការបរទេសថៃ បានពន្យល់ថា ការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពី ច្បាប់សមុទ្រ ឆ្នាំ១៩៨២ គ្រាន់តែជាឧបករណ៍ដោះស្រាយជម្លោះមួយក្នុងចំណោមជម្រើសជាច្រើនសម្រាប់រដ្ឋភាគីតែប៉ុណ្ណោះ។ ក្រសួងការបរទេសថៃ បានព្យាយាមបន្ទាបទម្ងន់ច្បាប់អន្តរជាតិ ដោយបញ្ជាក់ថា លទ្ធផលដែលចេញដោយគណៈកម្មការផ្សះផ្សា មានលក្ខណៈខុសស្រឡះពីសាលក្រមរបស់តុលាការអន្តរជាតិ (ICJ) ឬតុលាការអាជ្ញាកណ្តាល ព្រោះវាគ្មានកាតព្វកិច្ចគតិយុទ្ធបង្ខំឱ្យអនុវត្តតាមច្បាប់នោះទេ។ ថៃ បានចាត់ទុកការសម្រេចនេះថា គ្រាន់តែជាអនុសាសន៍ណែនាំប៉ុណ្ណោះ ប៉ុន្តែវាក៏ជាអាវុធមុខពីរ ដែលមានទម្ងន់ខាងនយោបាយអាចវាយប្រហារទៅលើជំហរ និងភាពជឿជាក់របស់ប្រទេសជាតិ នៅលើឆាកអន្តរជាតិ យ៉ាងធ្ងន់ធ្ងរ។
បើតាមនីតិវិធីនៃយន្តការនេះ នៅពេលដែលគណៈកម្មការផ្សះផ្សាបញ្ចប់ការងាររបស់ខ្លួន ពួកគេនឹងរៀបចំរបាយការណ៍រួមមួយ ដែលផ្ទុកទៅដោយលទ្ធផល នៃការស្វែងរកការពិត និងអនុសាសន៍ផ្សេងៗ។ បន្ទាប់មក ភាគីជម្លោះទាំងសងខាងត្រូវយករបាយការណ៍នេះ ធ្វើជាមូលដ្ឋានគ្រឹះសម្រាប់ការចរចាបន្ត ដើម្បីឈានទៅរកដំណោះស្រាយមួយ ដែលអាចទទួលយកបានទាំងសងខាង។ ដំណើរការការងារមួយនេះ ជាទូទៅត្រូវចំណាយពេលប្រហែល១ឆ្នាំ គិតចាប់តាំងពីថ្ងៃបង្កើតគណៈកម្មការពេញលេញ រហូតដល់ថ្ងៃដាក់ជូនរបាយការណ៍ចុងក្រោយ។
យ៉ាងណាមិញក្រសួងការបរទេសថៃ បានគូសបញ្ជាក់ថា ការចេញមុខមកពន្យល់យ៉ាងវែងអន្លាយរបស់ខ្លួននេះ គឺក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងដល់សាធារណជនថៃ អំពីអនុសញ្ញា UNCLOS ដែលជាក្របខណ្ឌច្បាប់កំពូល ក្នុងការគ្រប់គ្រងកិច្ចការសមុទ្រ និងការដោះស្រាយជម្លោះដោយសន្តិវិធីរវាងរដ្ឋ និងរដ្ឋ៕
ដោយៈ សរ សុជាតិ