យោងតាមរបាយការណ៍ចុងក្រោយពីសាជីវកម្មអាកាសយានដ្ឋានវៀតណាម ការដ្ឋានសាងសង់អាកាសយានដ្ឋានអន្តរជាតិ ដ៏ធំបំផុតរបស់វៀតណាម កំពុងជួបបញ្ហាខ្វះខាតកម្លាំងពលកម្មធ្ងន់ធ្ងរ។ គិតត្រឹមពាក់កណ្តាលខែមេសា វិស្វករ និងកម្មករនៅក្នុងការដ្ឋានមានត្រឹមតែ៨,៤៥៧នាក់ប៉ុណ្ណោះ ដែលចំនួននេះបានត្រឹម៦០% នៃចំនួន១៤,០០០នាក់ ដែលត្រូវការចាំបាច់ ដើម្បីបញ្ចប់ការសាងសង់អាកាសយានដ្ឋាននេះនៅត្រីមាសទី៣ និងបើកដំណើការជើងហោះហើរពាណិជ្ជកម្មនៅត្រីមាសទី៤ តាមផែនការដែលបានកំណត់។
ការខ្វះខាតកម្មករធ្ងន់ធ្ងរជាងគេលើការសាងសង់អគារអ្នកដំណើរ ដែលត្រូវបានគេប្រសិទ្ធនាមថា ជាបេះដូង នៃអាកាសយានដ្ឋាន ដោយការសាងសង់អគារនេះត្រូវការកម្មករជំនាញប្រចាំថ្ងៃចំនួន៦,០០០នាក់ ប៉ុន្តែបច្ចុប្បន្នមានត្រឹមតែ១,៥០០នាក់ប៉ុណ្ណោះ។
តាមការស៊ើបអង្កេតដើមចម នៃវិបត្តិនេះកើតចេញពីកត្តាសំខាន់ៗមួយចំនួនរួមមាន ការទូទាត់ប្រាក់យឺតយ៉ាវ ដែលធ្វើឱ្យកម្មករនាំគ្នាតវ៉ា និងសម្រេចចិត្តឈប់ធ្វើការ, ការកើនឡើងតម្លៃសម្ភារសំណង់ និងកង្វះបុគ្គលិកផ្នែកផ្ដល់ប្រឹក្សារចនា និងត្រួតពិនិត្យ ដែលធ្វើឱ្យដំណើរការវាយតម្លៃគុណភាព និងការអនុម័តបង់ប្រាក់ត្រូវអូសបន្លាយពេលយូរ។
សូមបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិ ឡុងថាញ់ ដែលសាងសង់លើផ្ទៃដីជាង៥,០០០ហិកតាជាមួយ ទុនវិនិយោគសរុបជាង១២,៧ពាន់លានដុល្លារ។ រដ្ឋាភិបាលវៀតណាម រំពឹងថា ព្រលានយន្តហោះនេះនឹងក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូនតាមផ្លូវអាកាសដ៏សំខាន់មួយក្នុងតំបន់អាស៊ីអាគ្នេយ៍ ប៉ុន្តែឧបសគ្គនាពេលបច្ចុប្បន្នកំពុងដាក់សម្ពាធយ៉ាងខ្លាំងលើមហិច្ឆតាមួយនេះ៕
អត្ថបទៈ សួន ឡង់ទី